ភ្នំពេញ់ៈ សាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (កយកា) និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលរថយន្ដ ៧ គ្រឿង កាលពីព្រឹកថ្ងៃទី ៨ ខែមិថុនា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា និងកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ពិធីនេះមានការចូលរួមជាអធិបតី ពីលោកហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោក Hyunjun RHO ប្រធានតំណាងកយកាប្រចាំប្រទេសកម្ពុជា និងលោក ជេត ជាលី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ហ៊ាង ស៊ីណេ ដែលទទួលកូនសោយក្សតំណាង ថ្លែងក្នុងឱកាសនោះថា៖ «ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដចំនួន ៧ គ្រឿង សម្រាប់គាំទ្រដល់គម្រោងចំនួន ២»។
រថយន្ដ ២ គ្រឿង នឹងត្រូវបានផ្ដល់ឱ្យមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលធុរកិច្ចថ្មីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការការងារគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មី។ រីឯរថយន្ដ៥គ្រឿងទៀត ត្រូវបានផ្ដល់ឱ្យក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា នៅខេត្ដចំនួន ៣ សម្រាប់គាំទ្រដល់ដំណើរការគម្រោងកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
លោកបន្ដថា៖ «ទី១ គម្រោងកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅខេត្ដកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ ហើយគម្រោងទី២ គឺបង្កើតការបណ្ដុះបណ្ដាលធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា»។
លោក Hyunjun RHO បានថ្លែងដែរថា៖ «កម្មវិធីនេះ គឺជាជំនួយបន្ថែមពីលើគម្រោងដំណើរការងារគម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មី និងកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍»។
គម្រោងបង្កើតប្រព័ន្ធធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅកម្ពុជា ស្ថិតក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ ដែលមានទឹកប្រាក់៨លានដុល្លារ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (កយកា) ដែលត្រូវបានអនុវត្ដដោយ Korea Productivity Center (KPC) ក្រោមកិច្ចសហប្រតិបត្ដិការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។
យោងតាម កយកា គម្រោងនេះមានគោលបំណងបង្កើតប្រព័ន្ធធុរកិច្ចថ្មី និងបណ្ដាញទីផ្សារនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពប្រកួតប្រជែងអ្នកចាប់ផ្ដើមធុរកិច្ចថ្មី និងលើកកម្ពស់កម្មវិធីគាំទ្រការបង្កើតធុរកិច្ចថ្មី ដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្ម (industrial diversification) និងជួយសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
ចំពោះកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ វាមានរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ដែលត្រូវបានអនុវត្ដក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈ កយកា ក្នុងថវិកាប្រមាណ ១០ លានដុល្លារ។
កយកាឱ្យដឹងថា គម្រោងនេះអនុវត្តនៅតាមសាលាបឋមសិក្សាចំនួន ២៧២ ដែលមានចំនួនសិស្សសរុប ២៩ ០៣២ នាក់ ក្នុងខេត្ដកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់។
លោក ស៊ីណេ បន្ដថា៖ «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនសាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ ដែលបានផ្ដល់ថវិកាប្រមាណ ១៧ លានដុល្លារ ចាប់ពីឆ្នាំ ២០១៩ រហូតដល់ពេលបច្ចុប្បន្ន ដើម្បីគាំទ្រដល់គម្រោងកម្មវិធីទាំង២ខាងលើ»។
លោកឱ្យដឹងថា ក្រសួងបានដាក់បញ្ចូលសូចនាករពាក់ព័ន្ធនឹងការផ្ដល់អាហារតាមសាលារៀនក៏ដូចជា សូចនាករទាក់ទងការបណ្ដុះបណ្ដាលធុរកិច្ចថ្មី រវាងសាលារៀន និងឧស្សាហកម្មកម្ពុជា ក្នុងផែនការយុទ្ធសាស្ដ្រវិស័យអប់រំ ឆ្នាំ ២០១៩-២០២៣។
ការផ្ដល់អាហារតាមសាលារៀន ដែលកម្ពុជាបានអនុវត្ដកម្មវិធីផែនការយុទ្ធសាស្រ្តផ្ទេរ-ទទួលកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍តាំងពីឆ្នាំ ២០២០ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិសម្ព័ន្ធភាព នៃរដ្ឋអនុវត្ដកម្មវិធីផ្ដល់អាហារតាមសាលារៀន កាលពីខែសីហា ឆ្នាំ ២០២១។ វាបានជួយដល់កុមារស្ថិតក្នុងសហគមន៍ក្រីក្រដែលមានបញ្ហាអសន្ដិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ ឱ្យទទួលបាននូវសេវាកម្មសុខភាព និងសេវាអប់រំកាន់តែល្អប្រសើរនៅបឋមសិក្សា។ នេះបើតាមការបញ្ជាក់ពីលោកស៊ីណេ។
ក្នុងឆ្នាំ ២០២១-២០២២ នេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងពង្រីកវិសាលភាពកម្មវិធីផ្ដល់អាហារតាមសាលារៀនពីចំនួន ២០៥-២៩០ សាលា ក្នុងខេត្ដគោលដៅចំនួន ៩ បើទោះបីជាកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩។
លោក ស៊ីណេ បញ្ជាក់ថា៖ «ផែនការយុទ្ធសាស្ដ្រផ្ទេរ-ទទួលកម្មវិធីផ្ដល់អាហារតាមសាលារៀន ក៏ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធានាឱ្យការអនុវត្ដប្រព័ន្ធជំនួយសង្គមកាន់តែមានគុណភាព គណនេយ្យភាព សង្គតិភាព ចីរភាព និងបរិយាបន្ន សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨»៕