ព្រះវិហារៈ តាមរយៈគម្រោង USAID ព្រៃឡង់បៃតង បានរកឃើញសត្វព្រៃចំនួន ៧៣ ប្រភេទ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ ក្នុងនោះក៏ឃើញវត្តមានសត្វព្រៃជិតផុតពូជនៅកម្ពុជាផងដែរ ប៉ុន្តែសត្វព្រៃទាំងនោះកំពុងរងការគំរាមកំហែងពីការបរបាញ់ និងការទន្ទ្រានដីព្រៃ។
គ្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី ៧ ខែមិថុនាថា តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវជីវចម្រុះក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានកត់ត្រាសត្វព្រៃចំនួន ៧៣ ប្រភេទ ដែលក្នុងនោះ ប្រភេទថនិកសត្វមាន ២២ ប្រភេទ បក្សី ៤៩ ប្រភេទ និងសត្វល្មូនចំនួន ២ ប្រភេទ។ ក្នុងនោះដែរ សត្វ ១២ ប្រភេទត្រូវបានចុះបញ្ជីដោយ IUCN ថា ជិតផុតពូជ ងាយរងគ្រោះ ឬជិតរងការគំរាមកំហែង។ ការសិក្សាបន្តថា ប្រភេទសត្វជិតផុតពូជដែលត្រូវបានគេកំណត់អត្តសញ្ញាណក្នុងរបាយការណ៍នេះ រួមមាន ទន្សោង សត្វអាញី សត្វស្វាព្រាម និងសត្វក្ងោកជាដើម។
ជាមួយគ្នានេះ USAID ព្រៃឡង់បៃតង បានសម្តែងការព្រួយបារម្ភចំពោះការបាត់បង់សព្វព្រៃដែលកំពុងមានវត្តមាននៅកម្ពុជា ដោយកត្តាគំរាមកំហែងមួយចំនួន។
USAID បញ្ជាក់ថា៖ «កត្តាគំរាមកំហែងចម្បងទៅលើដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក គឺសក្តានុពលនៃសម្បទានដីសេដ្ឋកិច្ចក្នុងការជីកយករ៉ែ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការបរបាញ់ ហើយជម្លោះមនុស្ស និងសត្វព្រៃក៏កំពុងក្លាយជាកង្វល់ផងដែរ»។
គម្រោង USAID ព្រៃឡង់បៃតង ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងពិពណ៌នាអំពីជីវចម្រុះ និងតំបន់ ដែលមានតម្លៃអភិរក្សខ្ពស់ ដែលមានក្នុងដែនជម្រកសត្វព្រៃនេះ ជាពិសេសក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ។
គម្រោង USAID ឱ្យដឹងថា ការវាយតម្លៃជីវចម្រុះ (HCV 1) ត្រូវបានធ្វើឡើងដោយការវិភាគទិន្នន័យកាមេរ៉ាស្វ័យប្រវត្តិ ដែលទទួលបានក្នុងរយៈពេលពីឆ្នាំ២០២០-២០២១ ក៏ដូចជាការបញ្ចូលនិងពិនិត្យមើលទិន្នន័យសត្វព្រៃដែលមានស្រាប់របស់អង្គការអនាគតរបស់យើង(OFO)។ គម្រោងនេះ ក៏ជាការវាយតម្លៃនៃ HCV 2 (ប្រព័ន្ធអេកូឡូស៊ីកម្រិតតំបន់ទេសភាព) និង HCV 3 (ប្រព័ន្ធអេកូឡូស៊ីកម្រ គំរាមកំហែង និងជិតផុតពូជ និងទីជម្រក) ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យឡើងវិញនូវឯកសារដែលមានស្រាប់។
លោក Ben Davis ជាអ្នកអភិរក្ស និងការពារផ្ទាល់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ថ្លែងថា ប្រភេទសត្វព្រៃដែលត្រូវបានរកឃើញនេះគឺជារឿងល្អមួយ ដែលបង្ហាញថាវត្តមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅកម្ពុជា។ ប៉ុន្តែលោកថា បើប្រៀបធៀបទៅ៨ឆ្នាំមុន ប្រភេទសត្វព្រៃក្នុងតំបន់នោះមានការថយចុះតិចតួចផងដែរ។
លោកបញ្ជាក់ថា៖ «បើ ៨ ឆ្នាំមុនមាន ៨០ ប្រភេទ អ៊ីចឹងមានការថយចុះប្រភេទសត្វព្រៃខ្លះ។ ៨ ឆ្នាំមុនមាន ប៉ុន្តែឥឡូវអត់មាន ដូចជា ឆ្កែព្រៃ ខ្លាំឃ្មុំ ខ្លាពពក ប្រហែលជាវាដាច់ពូជនៅកន្លែងនេះ។ ប៉ុន្តែចំពោះអ្វីដែលបានរកឃើញ ខ្ញុំសប្បាយចិត្ត ហើយមានទឹកចិត្ត និងព្យាយាមរកវិធីសាស្រ្តការពារសត្វព្រៃឱ្យបានដិតដល់ ជាពិសេសសត្វព្រៃ ប្រើស និងទន្សោង»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋាន បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃដែលនឹងធ្វើឱ្យបាត់បង់សព្វព្រៃនៅកម្ពុជានាពេលអនាគត។
លោកថ្លែងថា៖ «នៅក្នុងតំបន់ស្នូល សព្វព្រៃត្រូវបានការការពារខ្លាំងជាងមុនឆ្ងាយ ប៉ុន្តែសត្វមិននៅស្ងៀម វាដើរទៅឆ្ងាយទៅដល់ចម្ការ ហើយប្រជាជនដាក់អន្ទាក់ច្រើនជាងមុន។ បើពីដើមអ្នកធ្វើចម្ការវាតិច ឥឡូវអ្នកធ្វើចម្ការច្រើន។ ដូច្នេះម្ចាស់ចម្ការម្នាក់ៗភាគច្រើនដាក់អន្ទាក់ អ៊ីចឹងពេលសត្វជាប់អន្ទាក់ភាគច្រើនងាប់»។
លោកបន្តថា៖ «សំខាន់រឿងអន្ទាក់ ជាបញ្ហាធ្ងន់ណាស់ វាធូរថ្លៃ ហើយក្មេងៗក៏ចេះដាក់អន្ទាក់ដែរ អន្ទាក់នេះអាចសម្លាប់សត្វធំៗបាន ដូចជា ទន្សោង ប្រើស ទោះបីសត្វនេះមាំក៏ដោយ ប៉ុន្តែជាប់អន្ទាក់ខូចជើងវារស់អត់យូរទេ»។
ទោះយ៉ាងណា លោក Ben បង្ហាញក្តីសង្ឃឹមថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិនៅខេត្តព្រះហារ ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន ដោយមានការចូលរួមពីអង្គការដៃគូអភិរក្សនានានឹងរួមចំណែកការពារសត្វព្រៃទាំងនោះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ការងារការពារអភិរក្សសត្វព្រៃ និងព្រៃឈើនេះ គឺក្រសួងបរិស្ថានជាអ្នកដឹកនាំ ហើយគម្រោងព្រៃឡង់បៃតង គឺជាគម្រោងមួយ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន ដែលធ្វើការងាររួមគ្នា ក្នុងការការពារ អភិរក្សនូវធនធានធម្មជាតិ។
លោកថា៖«ក្នុងកិច្ចការងារនេះទី១ យើងពង្រឹងទៅលើការអនុវត្តច្បាប់ មានន័យថា ចំពោះបទល្មើស យើងទប់ស្កាត់និងបង្ក្រាប និងពង្រឹងការអនុវត្តច្បាប់ចំពោះជនល្មើស។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធការបរបាញ់សត្វព្រៃដោយខុសច្បាប់ គឺយើងអនុវត្តច្បាប់បន្ថែម ទាក់ទងការបញ្ជូនសំណុំរឿងទៅតុលាការ ក្នុងករណីបរបាញ់សត្វប៉ះពាល់ជាមួយប្រភេទសត្វកម្រ និងជិតផុតពូជ»។
លោកបន្តថា ក្រសួងបរិស្ថាន ក៏កំពុងដឹកនាំអង្គការដៃគូគម្រោងធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ កាត់បន្ថយអន្ទាក់ ទប់ស្កាត់ការបរបាញ់ដោយខុសច្បាប់និងមួយវិញទៀតជំរុញលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋក្នុងការពឹងអាស្រ័យទាំងស្រុងទៅលើធនធានធម្មជាតិ។
សូមជម្រាបថា លទ្ធផលស្រាវជ្រាវការវាយតម្លៃជីវចម្រុះ នេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់គម្រោងរេដបូក ហើយវានឹងត្រូវបានធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដើម្បីតាមដាននិន្នាការសត្វព្រៃ និងជីវចម្រុះ។ គម្រោងរេដបូក (REDD+) នឹងជួយផ្តល់សុវត្ថិភាពសម្រាប់ប្រភេទសត្វសំខាន់ៗទាំងនេះនាពេលអនាគត និងដោះស្រាយបញ្ហាជីវភាពសម្រាប់សហគមន៍ក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ៕
វីដេអូ៖