ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណ ៣ ពាន់លានដុល្លារធ្វើផ្លូវកាត់តាមបណ្ដាខេត្តនានាដែលមានចម្ងាយសរុបជាង ៣ ពាន់គីឡូម៉ែត្រ ក្នុងរយៈពេលជាង ១០ ឆ្នាំ ខណៈគម្រោងផ្លូវល្បឿនលឿន និងរថភ្លើងតភ្ជាប់ភ្នំពេញទៅវៀតណាមកំពុងស្ថិតក្នុងគម្រោង ៥ ឆ្នាំរំកិលទៅខាងមុខទៀត ដែលសមិទ្ធផលទាំងនេះបានមកពីជំនួយ និងកម្ចីរបស់ចិន។ យោងតាមលោក វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក សុរិយា ថ្លែងថា គម្រោងផ្លូវល្បឿនលឿននឹងតភ្ជាប់ពីភ្នំពេញទៅបាវិតនឹងតភ្ជាប់ទៅវៀតណាម និងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញ ហើយគម្រោងនេះបានបញ្ចប់លើការសិក្សារួចរាល់ហើយ។
លោកថ្លែងថា៖ «ពួកខ្ញុំអត់ទាន់បានប្រជុំលម្អិតលើគម្រោងនេះនៅឡើយទេ។ គម្រោងនេះយើងសិក្សាហើយ ដើម្បីពិនិត្យលទ្ធភាពស្នើសុំថវិកាទៅរដ្ឋាភិបាលចិន»។
លោក សុរិយា ថ្លែងដោយយោងតាមសម្ដី លោក ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ថា គម្រោងដែលរាជរដ្ឋាភិបាលបានអនុវត្ដស្ថាបនាផ្លូវថ្នល់នានាក្នុងប្រទេសកម្ពុជារួចហើយមានជាង ៣ ពាន់គីឡូម៉ែត្រ ក្នុងនោះមានស្ពានចំនួន ១២ សរុបជាថវិកាដែលជំនួយពីមិត្ដចិនមានប្រហែល ៣ ពាន់លានដុល្លារក្នុងរយៈពេលជាង ១០ ឆ្នាំ មកនេះ។
ចំណែកគម្រោង ៥ ឆ្នាំរំកិលដែលបានដាក់ស្នើទៅមិត្តចិននោះ លោក សុរិយា ថា ក្រសួងមិនទាន់ដឹងថា ត្រូវប្រើប្រាស់ថវិកាសរុបប៉ុន្មាននៅឡើយទេ។ ប៉ុន្ដែគ្រាន់តែក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតភ្ជាប់រវាងកម្ពុជា និងវៀតណាមត្រូវប្រើប្រាស់ថវិកាប្រមាណ ២ ពាន់លានដុល្លារ។
លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៧ ខែមិថុនានេះថា សម្រាប់គម្រោង ៥ ឆ្នាំរំកិលដែលកម្ពុជាបានដាក់ស្នើទៅមិត្តចិនក្នុងនោះរួមមាន គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ ព្រំដែនវៀតណាម។
ក្រៅពីនេះក៏មាន គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជាគម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស (Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក (AGT) ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានី-ភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់កម្ពុជា។
លោកថ្លែងថា៖ «គម្រោងដ៏ធំមួយទៀត គឺគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់បន្ថយពេលវេលាកាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ»។
លោកបានថ្លែងថា ជំនួយជាប្រាក់កម្ចីសម្បទានការប្រាក់ទាបរបស់មិត្តចិនធ្វើឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងគ្រប់ទីកន្លែង ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បីអនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត»៕