ពោធិ៍សាត់/កំពង់ធំៈ គិតមកទល់ពេលនេះផ្ទៃដីក្នុងតំបន់ ២ និងតំបន់ ៣ ជិត ១៤ ០០០ ហិកតា ត្រូវបានរាជរដ្ឋាភិបាលត្រៀមកាត់ឆ្វៀលផ្ដល់ជូនពលរដ្ឋជិត ៧ ពាន់គ្រួសារក្នុងខេត្តជុំវិញបឹងទន្លេសាបដែលបានរស់នៅ និងអាស្រ័យផលមុនឆ្នាំ ២០១២។ នេះបើតាមទិន្នន័យបឋមដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ៧ ខែមិថុនាឆ្នាំនេះ។
ក្នុងចំណោមផ្ទៃដីជិត ១៤ ០០០ ហិកតានេះ រាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនពលរដ្ឋចំនួន ១ ៦៥៨ គ្រួសារនៅស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់នូវផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា និង ៧៧ អាដែលដីនោះត្រូវបានកាត់ចេញពីតំបន់ ៣ ដាក់បញ្ចូលទៅក្នុងដីតំបន់ ២។
រីឯផ្ទៃដីទំហំ ៦ ៣៨៥ ហិកតា ត្រូវផ្ដល់ជូនពលរដ្ឋចំនួន ១ ៧៤៩ គ្រួសារក្នុងស្រុកតាំងគោក និងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ហើយផ្ទៃដីទំហំ ៥៥ ហិកតា ១៦ អា និង ៦៨ សង់ទីអាទៀត ត្រូវផ្ដល់ជូនពលរដ្ឋចំនួន ២២ គ្រួសារនៅភូមិកាបៅ ភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី ២៧ និងថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកផ្ទៃដីដែលនៅសល់ពីការកាត់ឆ្វៀលជូនពលរដ្ឋក្នុងខេត្តទាំង ៣ ខាងលើនេះ រាជរដ្ឋាភិបាលគ្រោងនឹងផ្ដល់ជូនដល់ពលរដ្ឋ ១ ១៧២ គ្រួសារ នៅស្រុកកំពង់លែងក្នុងខេត្តកំពង់ឆ្នាំងចំនួន ៣ ៧៥០ ហិកតា និង ៤ អា និងផ្ដល់ជូនពលរដ្ឋ ១ ៤០០ គ្រួសារនៅក្នុងស្រុកមោងឫស្សី និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក មូល ធន នាយករដ្ឋបាលខេត្តបាត់ដំបង។
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ក្នុងដំណើរចុះត្រួតពិនិត្យដីតំបន់ ២ និងតំបន់ ៣ នៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង លោក ជា សុផារ៉ា បានប្រាប់ពលរដ្ឋថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិតគូរពីជីវភាពរបស់ពលរដ្ឋដែលកំពុងជួបការលំបាកទើបលោកចាត់ក្រុមការងាររាជរដ្ឋាភិបាលសហការជាមួយអាជ្ញាធរដែនដីឱ្យប្រញាប់ចុះពិនិត្យ និងធ្វើការវិនិច្ឆ័យដីតំបន់ ៣ ដើម្បីកាត់ឆ្វៀលជូនពលរដ្ឋដែលបានតាំងលំនៅចាប់ពី ១០ ឆ្នាំឡើងទៅ។
លោកបានថ្លែងថា៖ «ឃុំសំរោងសែន និងឃុំផ្លូវទូកនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងមានវត្តអារាម ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ និងមានប្រជាពលរដ្ឋរស់នៅជាច្រើនតំណមកហើយ តំបន់ទាំង ២ នេះប្រមុខរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីតំបន់ ៣ ជូនពលរដ្ឋចំនួន ១ ១៧២ គ្រួសារក្នុង ១ គ្រួសារ ទទួលបានដីលំនៅឋានក្បាល ២០ ម៉ែត្រ X១០០ ម៉ែត្រ និងដីបង្កបង្កើនផលក្នុង ១ គ្រួសារ ៣ ហិកតា»។
លោកបានបន្ថែមថា៖ «ការកាត់ឆ្វៀលដីជូនពលរដ្ឋគឺមានតែប្រមុខរាជរដ្ឋាភិបាលតែម្នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិអាចកាត់ឆ្វៀលដីតំបន់ ៣ ជូនប្រជាពលរដ្ឋបាន»។
ចំណែកលោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៧ ខែមិថុនាថាពេលនេះ អាជ្ញាធរកំពុងបន្តចុះផ្សព្វផ្សាយជូនពលរដ្ឋក្នុងស្រុកមោងឫស្សី និងស្រុកឯកភ្នំ ដើម្បីឱ្យពួកគាត់ត្រៀមឯកសារពាក់ព័ន្ធទុកផ្ទៀងផ្ទាត់បញ្ជីក្បាលដីដែលពួកគាត់បាននិងកំពុងរស់នៅ និងអាស្រ័យផល។
លោកថ្លែងថា ថ្មីៗនេះ រដ្ឋបាលខេត្តបានធ្វើសំណើសុំកាត់ឆ្វៀលដីតំបន់ ២ ទំហំ៩៨៧ហិកតា និង ៩៥ អា ក្នុងស្រុកមោងឫស្សីមកដាក់បញ្ចូលជាដីតំបន់ ១ សម្រាប់ផ្ដល់ជូនពលរដ្ឋចំនួន ១ ២០៩ គ្រួសារក្នុងឃុំចំនួន ៥ រួមមាន ឃុំតាលាស់ ព្រែកតូច កកោះ ឫស្សីក្រាំង និងឃុំជ្រៃ ហើយបានស្នើសុំកាត់ឆ្វៀលដីតំបន់ ៣ ទំហំ ៤០២ ហិកតា និង ៤ អា ដាក់បញ្ចូលទៅដីតំបន់ ២ ក្នុងស្រុកឯកភ្នំសម្រាប់ផ្ដល់ជូនពលរដ្ឋ ១៩១ គ្រួសារ ក្នុងឃុំព្រែកនរិន្ទ និងឃុំពាមឯក ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
លោកបានបញ្ជាក់ថា៖ «យើងធ្វើសំណើសម្រាប់តែពលរដ្ឋដែលរស់នៅ និងអាស្រ័យផលមុនឆ្នាំ ២០១២ ប៉ុណ្ណោះ។ សម្រាប់គ្រួសារចំណូលថ្មីមិនត្រូវបានដាក់បញ្ចូលនៅក្នុងសំណើនោះទេ»។
បើតាមលោក មូល ធន បច្ចុប្បន្នក្រុមការងារថ្នាក់ខេត្តកំពុងបន្តចុះបោះបង្គោលកំណត់ព្រំប្រទល់ដីព្រៃលិចទឹកទាំងក្នុងតំបន់ ៣ និងតំបន់ ២ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ការពារ និងអភិរក្សធនធានព្រៃលិចទឹក មច្ឆជាតិរបស់រដ្ឋបាលជលផល។
រីឯលោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មកទល់ពេលនេះ រដ្ឋបាលខេត្តនៅមិនទាន់ចុះពិនិត្យ និងស្រង់ទិន្នន័យអំពីក្បាលដីរបស់ពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលនៅក្នុងដីតំបន់ ៣ និងដីតំបន់ ២ ដែលត្រូវបានការពារ និងអភិរក្សដោយអនុក្រឹត្យនោះនៅឡើយទេ ដោយសារកន្លងមកនេះជាប់រវល់កិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រុមការងារថ្នាក់ខេត្តយើងបានប្រមូលទិន្នន័យខ្លះហើយ ប៉ុន្តែការងារចុះត្រួតពិនិត្យ និងប្រមូលស្រង់ទិន្នន័យក្បាលដី និងចំនួនពលរដ្ឋដែលបានស្នាក់នៅអចិន្រៃ្តយ៍ក្នុងភូមិចាស់ៗដែលមានប្រវត្តិសាស្ត្រយូរលង់មួយចំនួននៅមិនទាន់ចប់នៅឡើយទេ។ នៅពេលយើងចុះពិនិត្យចប់សព្វគ្រប់ហើយក្រុមការងារយើងនឹងធ្វើសំណើដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច»។
យ៉ាងណាក៏ដោយ ពលរដ្ឋនៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី លោក យុត រ៉េត បានសម្ដែងក្ដីត្រេកអរជាខ្លាំង នៅពេលទទួលបានដំណឹងថារដ្ឋបាលខេត្តបាត់ដំបងបានដាក់សំណើ ដើម្បីកាត់ឆ្វៀលដីសម្រាប់ផ្ដល់ជូនពលរដ្ឋវិញ។ ដោយអះអាងថា មានដីស្រែ ៣ ហិកតា ស្ថិតក្នុងតំបន់ព្រៃលិចទឹកដែលត្រូវការពារ និងអភិរក្ស លោក រ៉េត បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនកិច្ចការនេះឱ្យបានឆាប់ ដើម្បីអាចបង្កបង្កើនផលស្រូវ រដូវវស្សាឆ្នាំនេះបាន។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា នីតិវិធីនៃការអនុវត្តរបស់រដ្ឋអំណាចថ្នាក់ខេត្ត ឬក្រសួងបែបណានោះទេ។ ប៉ុន្តែប្រសិនបើអាច ខ្ញុំសុំឱ្យអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឱ្យពួកយើងជាប្រជាជនចាស់ដែលធ្លាប់រស់នៅ និងអាស្រ័យផលជាយូរមកហើយបានបង្កបង្កើនផលស្រូវរដូវវស្សានេះផងចុះ»។
ជុំវិញករណីនេះ លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានគាំទ្រចំពោះឆន្ទៈរបស់ប្រមុខរាជ ដ្ឋាភិបាលក្នុងការកាត់ឆ្វៀលដីជូនពលរដ្ឋដែលធ្លាប់រស់នៅ និងអាស្រ័យផលជាយូរឆ្នាំ និងការផ្តល់បណ្ណកម្មសិទ្ធិជូនពួកគាត់។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យមានការអនុវត្តកិច្ចការនេះប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីកុំឱ្យដីដែលកាត់ឆ្វៀលទាំងនោះធ្លាក់ទៅក្នុងដៃឈ្មួញ និងអ្នកមានអំណាចដែលមិនមែនជាអ្នករស់នៅអចិន្រៃ្តយ៍។
លោកបានបញ្ជាក់ថា៖ «យើងរីករាយ និងគាំទ្រចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលដីជូនដល់ពលរដ្ឋដែលធ្លាប់កាន់កាប់ និងអាស្រ័យផលពិតប្រាកដ ហើយយើងសង្ឃឹមថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រសួងពាក់ព័ន្ធនឹងអនុវត្តកិច្ចការនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌»។
ចំពោះការបែងចែកដីជូនពលរដ្ឋនេះកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានជំរុញឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវធ្វើកិច្ចការឱ្យបានហ្មត់ចត់ និងហាមកាត់ឆ្លៀតដីកេងយកចំណែកខ្លួនឯងពីការបែងចែកដីជូនពលរដ្ឋ បើពុំនោះនឹង «ត្រូវទទួលទោសជាកំហិត»។
លោកបានបញ្ជាក់ថា៖ «មន្ត្រីអ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត»៕