
សកម្មភាពដុតកម្ទេចឧបករណ៍នេសាទខុសច្បាប់នៅខេត្តស្វាយរៀងកាលពីថ្ងៃទី ៨ មិថុនា ។ រូបថត រដ្ឋបាលជលផលខេត្ត
ស្វាយរៀងៈ វត្ថុតាងឧបករណ៍នេសាទ្រខុសច្បាប់ជាច្រើនប្រភេទ រួមមាន លូស្បៃមុង លបកន្ទុយកណ្ដុរ របាំងស្បៃមុង និងរបាំងសាច់អួនសរុបជាង ១ ២០០ ម៉ែត្រ ត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង សម្រេចដុតកម្ទេចចោលកាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ ក្រោមការចូលរួមត្រួតពិនិត្យពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធរក្រុងស្វាយរៀង។
លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ មិថុនាថា ឧបរណ៍នេសាទទាំងនោះត្រូវបានក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលរួមសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបចាប់បានជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ២៨ ខែឧសភា មកដល់ព្រឹកថ្ងៃទី ៨ ខែមិថុនា ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះមន្ត្រីរបស់យើងកំពុងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃក្រុមជនប្រព្រឹត្តបទល្មើសជលផលទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់»។
បើតាមលោក ស្រេង គ្រី បទល្មើសនេសាទនៅក្នុងខេត្តស្វាយរៀងភាគច្រើនកើតឡើងនៅចំណុចខាងត្បូងស្ពានតាហោ ជាប់ដងទន្លេវ៉ៃគោស្ថិតក្នុងភូមិមេភ្លើង សង្កាត់-ក្រុងស្វាយរៀង ហើយជាទូទៅកើតឡើងនៅក្នុងរដូវវស្សាដែលមានទឹកជន់ជោរពីគ្រប់កន្លែង។
លោកបានបន្តថា ដោយសាររដូវនេះជារដូវត្រីពងកូនដូច្នេះការធ្វើរបរនេសាទត្រូវបានហាមឃាត់លើកលែងតែការនេសាទជាលក្ខណៈគ្រួសារដែលមានប្រើសំណាញ់ លបឫស្សី និងសន្ទូចសម្រាប់រកត្រីក្នុងចំនួនតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖«ដើម្បីការពារ និងអភិរក្សធនធានមច្ឆជាតិឲ្យសម្បូរ និងធានាបាននូវនិរន្តរភាពស្បៀងអាហារសម្រាប់មនុស្សគ្រប់ជំនាន់ យើងចាំបាច់ត្រូវចូលរួមលុបបំបាត់បទល្មើសនេសាទទាំងអស់គ្នា »។
ទន្ទឹមនឹងនេះ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀងបានថ្លែងដែរថា ទន្លេវ៉ៃគោមានជម្រៅជ្រៅ អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគុបសម្រាប់បម្រើឲ្យវិស័យកសិកម្មនិងផ្ដល់ពូជត្រីគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនមួយភាគនៃខេត្ដស្វាយរៀង។ ទន្លេនេះត្រូវបានបែងចែកជា២ផ្នែកគឺទន្លេវ៉ៃគោខាងលិចដែលមានប្រភពនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងទន្លេវ៉ៃគោកើត មានប្រភពពីទន្លេតូចក្នុងខេត្ដកំពង់ចាម។នៅរដូវវស្សាទឹកទន្លេនេះបានហូរធ្លាក់ចុះមកចូលទន្លេក្រាច់យ៉ូវ របស់ប្រទេសវៀតណាម តាមប្រព័ន្ធដៃអូរ និងព្រែកនានា ដែលស្ថិតនៅខ្សែទឹកខាងក្រោម។
លោកបានថ្លែងថា៖ «ដោយសារទន្លេនេះ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងមួយភាគធំមិនខ្វះត្រី បង្កង ក្ដាម ហូបនោះទេ។ ប៉ុន្តែយើងចាំបាច់ការពារនិងអភិរក្សធនធានជលផលរបស់យើងដោយត្រូវបង្ក្រាប បទល្មើសនេសាទគ្រប់ប្រភេទ កុំឲ្យកើតមាន បើពុំនោះទេធនធានមច្ឆជាតិរបស់យើងនឹងត្រូវបាត់បង់»។
បើតាមលោក ផល្លី ការបង្ក្រាបបទល្មើសនេសាទ មិនមែនជាការទទួលខុសត្រូវរបស់មន្ត្រីរដ្ឋបាលជលផលផ្ដាច់មុខនោះទេគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ទន្ទឹមនឹងនេះលោកបានជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយរាយការណ៍ដល់សមត្ថកិច្ចក្នុងករណីប្រទះឃើញមានបទល្មើសនេសាទកើតឡើងនៅកន្លែងណាមួយដើម្បីឲ្យសមត្ថកិច្ចចុះទៅបង្ក្រាបបានទាន់ពេលវេលា ៕