ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្វាគមន៍រាល់គណបក្សនយោបាយដែលមានបំណងជួបជាមួយស្ថាប័ននេះ ដើម្បីពិភាក្សាដោះស្រាយបញ្ហាជុំវិញភាពមិនប្រក្រតី សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលត្រូវបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ ដើម្បីធ្វើឱ្យប្រសើរឡើង សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ មិថុនាថា គ.ជ.ប. ស្វាគមន៍ជានិច្ច ចំពោះគោលបំណងរបស់គណបក្សនយោបាយដែលចង់ជួបពិភាក្សាការងារជាមួយគ្នា ព្រោះជានិច្ចកាល គ.ជ.ប. តែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត។
លោកថ្លែងថា៖ «នៅពេលដែលមានសំណើ ស្នើសុំជួបគជប ដើម្បីជជែកពិភាក្សាគ្នា ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមដែលគណបក្សនយោបាយទាំងនោះជួប និងរកឃើញក្នុងពេលបោះឆ្នោត ដើម្បីស្វែងរកដំណោះស្រាយ កែលម្អដំណើរការបោះឆ្នោតនៅឆ្នាំ ២០២៣ ខាងមុខនេះ គឺជាអ្វីដែលគជប ចង់បាន»។
ទោះជាយ៉ាងណា លោកថា គជប នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ ពេលនោះ គឺជាឱកាសគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោត អាចផ្តល់មតិយោបល់នូវបញ្ហាប្រឈមនានា ដែលបានរកឃើញ យកមកជជែកគ្នាពេលនោះបាន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី ៨ ខែមិថុនា បានប្រកាសប្រមែប្រមូលគណបក្សនយោបាយដែលមាននិន្នាការដូចគ្នា ជួបជុំគ្នាក្នុងពេលឆាប់ៗ ដើម្បីចែករំលែក និងបូកសរុបនូវបទពិសោធ ដែលជួបប្រទះក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ដើម្បីស្វែងរកនូវបញ្ហារួម និងរកដំណោះស្រាយ។
គណបក្សនេះបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ វាជាឧទាហរណ៍មួយទៀត នៃការតស៊ូមតិរួមគ្នាជាមួយ គជប និងរដ្ឋាភិបាលទៅលើការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមិថុនា ថា គណបក្សរបស់លោកកំពុងប្រមែប្រមូលឯកសារដែលពាក់ព័ន្ទទៅនឹងភាពមិនប្រក្រតី និងមិនទាន់មានការជជែកគ្នាជុំវិញការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។ ព្រោះបច្ចុប្បន្ន គណបក្សរបស់លោក កំពុងតែផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ទោះជាយ៉ាងណា លោកបង្ហើបថា គណបក្សភ្លើងទៀន ក៏អាចនឹងចូលរួមជាមួយគណបក្សណាដែលមានជំហរដូចគ្នា ដើម្បីរួមគ្នាទៅជជែកពិភាក្សាជាមួយ គជប ដើម្បីដោះស្រាយភាពមិនប្រក្រតី ដែលគណបក្សបានរកឃើញក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ ព្រោះគណបក្សភ្លើងទៀន ក៏ជាតំណាងឱ្យប្រជាពលរដ្ឋដ៏សំខាន់មួយដែរ។
លោកថ្លែងថា៖ «គជប ត្រូវតែទទួលយកនូវការពិត នូវអ្វីដែលកើតឡើងចំពោះការបោះឆ្នោតនេះ ហើយវាត្រូវតែកែសម្រួលលើចំណុចមួយចំនួន។ មិនត្រឹមតែប៉ុណ្ណេះ ក៏ត្រូវមានកែសម្រួលទៅលើសមត្ថភាពដឹកនាំរបស់ គជប ដែរដើម្បីឱ្យការបោះឆ្នោតត្រឹមត្រូវ។ យើងឃើញថា គជប កែសម្រួលតែបច្ចេកទេសហ្នឹង រីឯសមាសភាពនៅដដែលហ្នឹង»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមិថុនាថា ពាក់ព័ន្ធនឹងការចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទៅជជែកជាមួយនឹង គជប ជុំវិញភាពមិនប្រក្រតីនៅពេលបោះឆ្នោត គណបក្សរបស់លោក កំពុងជជែកក្នុងគណបក្ស រួបរួមគ្នាសិន។ ទោះជាយ៉ាងណា លោកថា គណបក្សរបស់លោក អាចនឹងចូលរួមដែរ ដើម្បីឱ្យមានការកែប្រែនូវស្ថាប័ននេះ ព្រោះកន្លងមកគណបក្សរបស់លោក ក៏ធ្លាប់បានជជែកគ្នាជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះដែរ។
លោកថ្លែងថា៖ «បើសិនជា គជប បើកឱ្យទូលំទូលាយមែនទែន ហើយទទួលយកមតិចូលរួម វាជារឿងល្អសម្រាប់ គជប ក្នុងការរៀបចំការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត។ ប៉ុន្តែ អ្វីដែលសំខាន់ សម្រាប់ គជប នៅពេលនេះ ខ្ញុំមើលឃើញថា សមាសភាពដឹកនាំសុទ្ធតែចេញមកពីគណបក្សនយោបាយ»។
លោក យ៉ង គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគាំទ្រគណបក្សនយោបាយដែលប្រមូលផ្តុំគ្នាកំណត់នូវអនុសាសន៍រួមលើភាពមិនប្រក្រតីដែលបានរកឃើញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ គជប មិនអាចមិនយល់ព្រមទេ ព្រោះគណបក្សនយោបាយត្រូវការបែបនោះហើយ។
លោកថ្លែងថា៖ «ខ្ញុំថា រឿងហ្នឹង គឺជារឿងមួយល្អ បើសិនជាគណបក្សនយោបាយអាចស្រុះស្រួលគ្នា។ អាហ្នឹងជាបញ្ហា និងជាឧបសគ្គ នៅក្នុងការបោះឆ្នោត ការរាប់សន្លឹកឆ្នោតជាដើម និងដំណើរការឃោសនាបោះឆ្នោត គឺត្រូវតែមានការដោះស្រាយ។ នៅពេលដែលមានការដោះស្រាយរួចហើយនឹងធ្វើឱ្យកាន់តែមានការជឿជាក់ ទៅលើការរៀបចំការបោះឆ្នោតកាក់តែខ្លាំងឡើង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមិថុនាថា បើគណបក្សនយោបាយចង់តវ៉ាអ្វីមួយតាមច្បាប់ គឺត្រូវរៀបចំជាពាក្យបណ្តឹងនៅតាមការិល័យបោះឆ្នោតនៅពេលដែលឃើញមានភាពមិនប្រក្រតីណាមួយ ប៉ុន្តែមកដល់ពេលនេះ គជប បានផុតកំណត់ហើយ។ លោកថាចំពោះគណបក្សនយោបាលដែលចង់ជួបជាមួយគជប ដើម្បីដោះស្រាយនូវរាល់បញ្ហាណាមួយនោះ គឺគ្មានប្រសិទ្ធភាពទេ បើគ្មានភ័ស្តុតាងអ្វីមួយច្បាស់លាស់ ហើយគណបក្សនយោបាយទាំងនោះ ចេះតែចោទផ្តេសផ្តាស។
លោកថ្លែងថា៖ «គេចោទ គជប លម្អៀងមកគណបក្សកាន់អំណាច សួរថា លម្អៀងអ្វីខ្លះ? ព្រោះគជប គេធ្វើតាមច្បាប់ និងបង្កើតឡើងតាមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ គជប ហើយខ្លួនឯងមិនទទួលព្រមចាញ់ មិនដឹងធ្វើម៉េចទេ បែបហ្នឹងនោះ»៕