ភ្នំពេញៈ ក្រសួង​សំខាន់ៗ​ចំនួន​ ៣ ​មាន​គម្រោង​ និង​កំពុង​ពិចារណា​ក្នុង​ការកំណត់​ពី​អាយុ​មនុស្ស​ពេញវ័យ​សម្រាប់​ការអនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

មន្ត្រី​អះអាង​ថា ប្រជាពលរដ្ឋ​មួយចំនួន​ទទួលទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ច្រើន​ខុស​ពេលវេលា ដែល​ធ្វើឱ្យ​ការបើកបរ​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ច្រើន​ដែរ​។ ​ដោយសារ​មូលហេតុ​នេះ​ទើប​ក្រសួង​ទាំងនោះ​គិតគូរ​ថា នៅ​ចំពោះមុខ​ប្រសិនបើ​​អាច​អន្តរក្រសួង​នឹង​ពិភាក្សា​លើ​បញ្ហា​នេះ​ដើម្បី​កំណត់​លើ​មនុស្ស​ណា​ដែល​អាច​ទទួលទាន​គ្រឿង​ស្រវឹង​បាន​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ចែករំលែក​ទស្សនៈ​របស់​លោក​ជុំវិញ​បញ្ហា​នេះ តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ហេតុអ្វី​ចាំបាច់​កំណត់​អាយុ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​?

ការកំណត់​អាយុ​ការទទួល​ទាន​គ្រឿង​ស្រវឹង​នេះ​គឺមាន​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​យុវជន​នៃ​ប្រជាពលរដ្ឋ​របស់ខ្លួន ជាពិសេស​ គឺ​យុវវ័យ​ក្មេងៗ​កុំឱ្យ​​ទទួលទាន​គ្រឿង​ស្រវឹង​ឆាប់​ពេក​ដែល​ពួកគេ​អាច​ប្រឈម ទី​១-​ ដល់​បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព ទី​២-​ អាច​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ទី​៣- ​ពាក់ព័ន្ធ​នឹង​ការសិក្សា​របស់​ពួកគាត់​។

បើ​​ពួកគាត់​ញៀន​នឹង​គ្រឿង​ស្រវឹង​ហើយ​នោះ​ថា តើ​ពួកគាត់​អាច​ទៅ​រៀនសូត្រ​ទៅ​ធ្វើ​ការងារ​ដោយ​របៀប​ណា​បាន​? ​អ៊ីចឹង​បានជា​នៅ​បណ្តា​ប្រទេស​ខ្លះទៀត​គេ​កំណត់​អាយុ​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​នេះ ដូច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ហ្នឹង​រហូតដល់​អាយុ​ ២២ ​ឆ្នាំ បាន​គេ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង​។ ​ហេតុ​អី្វ​? ពីព្រោះថា កាលណា​ការពន្យារ​អាយុ​កាន់តែច្រើន​សម្រាប់​ការទទួល​ទាន​គ្រឿង​ស្រវឹង​គឺ​បានន័យថា ហានិភ័យ​ក៏​កាន់តែ​ទាប​ដែរ​។ នៅ​​ពេលដែល​ពួកគាត់​សម្រេចចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​អាយុ​ ២០​ ឆ្នាំ​ជាង ​(២១ ​ឆ្នាំ​ ឬ​ ២២​ ឆ្នាំ​)​ គឺអាច​ថា ពួកគាត់​មានការ​យល់ដឹង​ច្រើន​។ ​ប៉ុន្តែ​បើ​ពួកគាត់​នៅ​វ័យក្មេង​អាយុ​ ១៤​ ឆ្នាំ​ដល់​ ១៨ ​ឆ្នាំ ជួនកាល​ពួកគាត់​ស្ថិតនៅក្នុង​វ័យ​មួយ​ដែល​ចង់​សាកល្បង​គ្រឿង​ស្រវឹង​ហើយ​ពេលខ្លះ​ប្រណាំង​គ្នា​ទទួលទាន​គ្រឿង​ស្រវឹង​ដែល​នេះ​ជាហេតុ​បង្ក​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​សង្គម​។

តើ​ដំណើរ​ការរៀបចំ​គោលនយោបាយ​កំណត់​អាយុ​អ្នក​ទទួលទាន​គ្រឿងស្រវឹង​នេះ​គួរ​ធ្វើឡើង​បែបណា​ដែរ​?

ការកំណត់​អាយុ​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នេះ​ក៏​គួរតែមាន​ការចូលរួម​ពី​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ហើយក៏​ឈរលើ​មូលដ្ឋាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ រួមទាំង​ពី​ការសិក្សា​ខ្លះៗ​ដែល​កើត​មាននៅ​កម្ពុជា​ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការធ្វើ​ការសម្រេច​​ចិត្ត​ខាង​គោលនយោបាយ​។​

ប៉ុន្តែ​យើង​ឃើញថា ឯកសារ​ទាំងអស់​នេះ​គឺ​យើង​មាន​រួចហើយ​។ ​វា​មិនមាន​ការលំបាក​នោះទេ ដែល​បណ្ដា​ប្រទេស​ផ្សេងៗ​បើតាម​គោលនយោបាយ​របស់គេ​ក៏​គេ​មានកំណត់​ច្បាស់លាស់​ដែរ​។ មួយវិញ​ទៀត​គឺ​ការកំណត់​នេះ​គឺ​ត្រូវតែ​ឱ្យ​​មាន​ការ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ ឬក៏​បណ្ណ​សម្គាល់​ផ្សេងៗ​ចំពោះ​អ្នក​ដែល​ទៅ​ទិញ​គ្រឿង​ស្រវឹង​នោះ​ថា​ គាត់​ពិតជា​មាន​អាយុ ដែល​អាច​ទទួលទាន​គ្រឿងស្រវឹង​បាន​តាមច្បាប់​កំណត់​ដែរឬទេ​? បើ​មិន​ដូច្នេះ​ទេ​បើ​យើង​នៅតែ​លក់​គ្រឿង​ស្រវឹង​បែប​អនាធិបតេយ្យ​ហើយ​អ្នកលក់​ក៏​មិនបាន​ពិនិត្យមើល​អត្តសញ្ញាណ​អាយុ​អ្នកទិញ​ច្បាស់លាស់​គឺ​ការកំណត់​អាយុ​នេះ​ស្មើនឹង​ការមិន​កំណត់​អាយុ​ដដែល​។ ​អ៊ីចឹង​ទាល់តែ​យើង​ដាក់​ការទទួល​ខុសត្រូវ​របស់​អ្នកលក់​ឱ្យបាន​ច្បាស់លាស់ ហើយ​បើ​គាត់​មិន​អនុវត្តតាម​គោលនយោបាយ​ទេ​គឺ​ត្រូវតែ​ធ្វើការ​ផាកពិន័យ​គាត់​។

តើ​បញ្ហា​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​​បច្ចុប្បន្ន​មាន​លក្ខណៈ​បែបណា​?

បញ្ហា​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា ​គឺជា​បញ្ហា​ប្រឈម​ខ្លាំងណាស់​។ ​យើង​ឃើញ​ការ​ប្រឈម ទី​១- ​គឺ​ចំពោះ​សុខភាព​ដែលមាន​ជំងឺ​ជាង​ ២០០​ មុខ ជាពិសេស​គឺ​ប្រភេទ​ជំងឺមិនឆ្លង​ដូចជា​ជំងឺ​លើសឈាម ជំងឺថ្លើម ជំងឺ​ទឹកនោម​ផ្អែម​ជាដើម និង​ជំងឺ​ច្រើន​ប្រភេទ​ផ្សេង​ទៀត​។ ​ជាមួយ​គ្នានេះ​ផងដែរ ក៏មាន​បញ្ហា​ប្រឈម​មួយទៀត​គឺ​ខាង​សង្គម​ដែល​ធ្វើឱ្យមាន​ «​បងតូច​បងធំ​» ​នៅក្នុង​សង្គម​ការ​វាយតប់​គ្នា​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម​ដែល​ប្រជាពលរដ្ឋ​រស់នៅ​។ ​ជាមួយ​គ្នានេះ​ទៀតសោត​ក៏​យើង​ឃើញថា បញ្ហា​គ្រឿង​ស្រវឹង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​ជាប់​ទំនាក់​ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​ហិង្សា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា​អំពើហិង្សា​ដែល​កើតឡើង​នៅក្នុង​គ្រួសារ​​គឺ​ភាគច្រើន​គឺ​បណ្ដាល​មកពី​សមាជិក​គ្រួសារ​ ឬ​ស្វាមី​ដែល​ទទួលទាន​គ្រឿងស្រវឹង​។ បញ្ហា​គ្រឿង​ស្រវឹង​នេះ​ទៀតសោត​ក៏​ទាញ​ទម្លាក់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​ច្រើន​ដែរ ប្រសិនបើ​សមាជិក​ ឬក៏​មេ​គ្រួសារ​ធ្លាក់ខ្លួន​ទៅក្នុង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជោកជាំ​។

តើ​គួរ​មាន​វិធានការ​បែបណា​ចំពោះ​អ្នក​ល្មើស​បម្រាម​?

អ្នក​ដែល​ល្មើស​នឹង​បម្រាម​នេះ​គឺ​ត្រូវ​​មាន​ការ​ផាកពិន័យ​គាត់​ហើយ​ប្រសិនបើ​គាត់​មានការ​ញុះញង់​អនីតិជន​ឱ្យ​ទិញ​គ្រឿង​ស្រវឹង​ ឬ​ទទួលទាន​គ្រឿង​ស្រវឹង​គួរតែមាន​ការដាក់​ទោស​ទណ្ឌ​ដល់​ពន្ធនាគារ​ ដើម្បី​ឱ្យ​គាត់​មានការខ្លាចរអា​ និង​រាងចាល​។ ដូច​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​យើង​ក៏មាន​កំណត់​ដែរ​អំពី​ការ​ញុះញង់​ឱ្យ​អនីតិជន​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺ​គេ​ត្រូវតែ​ដាក់​ទោសទណ្ឌ​ដូចគ្នា​។

តើ​គួរ​ជំរុញ​បែបណា​ចំពោះ​ការអនុវត្ត​គោលនយោបាយ​កំណត់​អាយុ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ឱ្យទទួល​បាន​ជោគជ័យ​?

ការដែល​ធ្វើឱ្យ​ការអនុវត្ត​ទទួល​បាន​ជោគជ័យ​នូវ​គោលនយោបាយ​នេះ​លុះត្រា​ណា​មាន​យន្តការ​តាមដាន​ និង​ការត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់ ហើយ​និង​ការដាក់​ពិន័យ​ដល់​អ្នក​ដែល​ល្មើស​ឱ្យ​​បាន​ត្រឹមត្រូវ​។ ជាមួយ​គ្នា​នោះ​ទៀតសោត​ គឺ​ត្រូវតែ​ធ្វើការ​ជាមួយ​កន្លែង​លក់​ស្រា​នៅ​គ្រប់​ទីកន្លែង​ ដើម្បីឱ្យ​ប្រាកដថា​ពួកគេ​លក់​ឱ្យតែ​អ្នក​ដែលមាន​អាយុ​តាម​ច្បាប់​កំណត់​។ ជាមួយ​គ្នា​នោះ​ត្រូវតែ​ផ្សព្វផ្សាយ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ឱ្យបាន​ជ្រាប​​ពី​គោលនយោបាយ​នេះហើយ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។ ​

អាជ្ញាធរ​ណា​ឆកល្វែង​មិនបាន​អនុវត្ត​ត្រូវតែ​ដាក់ទោស​ទណ្ឌ​ ឬ​ដាក់ពិន័យ​ដល់​ពួកគាត់​ ដើម្បី​ឱ្យ​ពួកគាត់​យកចិត្ត​ទុកដាក់​ក្នុង​​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​ដើម្បី​កុំឱ្យ​គោលនយោបាយ​ ឬ​ច្បាប់​ដែល​បានដាក់​ចេញ​ហើយ​មិន​ត្រូវបាន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។ ក្នុងនោះ​ទៀតសោត​ក៏​​ត្រូវតែមាន​ការចូលរួម​ពី​សង្គម​ស៊ីវិល​ពី​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ដើម្បី​លើកកម្ពស់​ក៏ដូចជា​ការចូលរួម​អនុវត្ត​ឱ្យបាន​​ជោគជ័យ​។ ជាមួយ​គ្នា​នោះ យន្តការតាមដាន និង​អនុវត្ដ​គួរតែ​បង្កើតឡើង​ផងដែរ​តាំងពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​។ ​បើ​គ្មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ទេ​គឺ​គោលនយោបាយ​ ១ ច្បាប់​ ១ មិនអាច​ជោគជ័យ​ទៅបាន​នោះទេ​៕