ភ្នំពេញ: ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រកាសផ្តល់ថវិកា ១០ លានដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍ក្នុងខេត្ដចំនួន ៣ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។
ពិធីចុះហត្ថលេខាលើគម្រោង «ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» នេះត្រូវបានធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជានៅថ្ងៃទី ៩ មិថុនា។
គម្រោងនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្ដបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា៖ «គម្រោងនេះ គឺជាការគាំទ្រដ៏សំខាន់មួយដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
ក្រោមជំនួយឥតសំណងចំនួន ១០ លានដុល្លារពីសាធារណរដ្ឋកូរ៉េ គម្រោងដែលមានគោលបំណង ដើម្បីអភិវឌ្ឍតំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ននឹងត្រូវអនុវត្តក្នុងរយៈពេល ៦០ ខែ (២០២២-២០២៦)។ យោងតាមកយកា គម្រោងនេះមានបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ (ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច និងក្រុមកសិករ ជាដើម។ ធាតុផ្សំសំខាន់នៃគម្រោងរួមមានការកែលម្អជីវភាពរស់នៅជនបទ ការបង្កើនប្រាក់ចំណូលពីវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។
លោក អ៊ុក រ៉ាប៊ុន បានថ្លែងក្នុងពិធីទទួលប្រាក់គម្រោងនៅទីស្ដីការក្រសួងថា បន្ទាប់ពីបញ្ចប់សង្គ្រាម រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។
លោកបានបន្ដថា៖ «ជាលទ្ធផលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ភាគច្រើនត្រូវបានដោះនិងបំផ្លាញចោល។ ទោះយ៉ាងណាតំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព»។
លោក Rho Hyunjun តំណាងទីភ្នាក់ងារ កយកា ប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់លើការផ្ដល់អាទិភាពអភិវឌ្ឍជនបទតាមរយៈការធ្វើឱ្យរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ លោកថា៖ «វិស័យអភិវឌ្ឍន៍ជនបទគឺជាសសរស្តម្ភមួយនៅក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ទីភ្នាក់ងារកយកា។ ទីភ្នាក់ងារ កយកា ប្តេជ្ញាគាំទ្រលើវិស័យនេះ»៕