កំពង់ស្ពឺៈ កម្ពុជាគ្រោងបញ្ជូនកងទ័ពមួកខៀវដែលជាកងកម្ទេចគ្រឿងផ្ទុះ (EOD) ចំនួនប្រមាណ ១០០ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការ សហប្រជាជាតិ នៅរដ្ឋធានីប៊ែងហ្គី (Bangui) នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២២។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមថ្លែងថា កងថ្មីដែលជាកងកម្ទេចគ្រឿងផ្ទុះចំនួន ៩៨ នាក់ត្រូវបានក្រុមមន្ត្រី អ.ស.ប ៤ នាក់ធ្វើការវាយតម្លៃសមត្ថភាព និងជំនាញវិជ្ជាជីវៈប្រើប្រាស់សម្ភារកម្ទេចគ្រឿងផ្ទុះ និងត្រួតពិនិត្យសម្ភារគ្រឿងបំពាក់នានា។ ក្រុមមន្ត្រី អ.ស.ប ក៏បានធ្វើរបាយការណ៍ទៅស្នាក់ការកណ្តាល អ.ស.ប ដើម្បីរៀបចំបញ្ជូនកងថ្មី ១ កងនេះទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប នៅរដ្ឋធានី Bangui បន្ថែមទៀតក្នុងត្រីមាសទី ៣ ឆ្នាំនេះ។
លោក សែម សុវណ្ណនី ថ្លែងដូច្នេះថា មធ្យោបាយសម្ភារ គ្រឿងបំពាក់ អគារស្នាក់នៅ និងអគារផ្ទះបាយចល័ត ដើម្បីរៀបចំកងកម្ទេចគ្រឿងផ្ទុះថ្មីសម្រាប់បញ្ជូនចេញទៅបំពេញបេសកកម្មសន្តិភាពរបស់អសបនៅអាហ្វ្រិកកណ្តាលនាវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ខេត្តកំពង់ស្ពឺ ដើម្បីប្រជុំចុងក្រោយតាមប្រព័ន្ធអនឡាញជាមួយមន្ត្រីក្រុមការងារវាយតម្លៃរបស់ អ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក សែម សុវណ្ណនី ដែលជាអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងរក្សាសន្តិភាពបានថ្លែងថា កម្ពុជាបានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅតំបន់ Bria នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលលើកដំបូងនៅឆ្នាំ ២០១៥។ មកដល់ឆ្នាំ ២០២២ កម្ពុជាបានបញ្ជូនទ័ពមួកខៀវប្តូរវេនប្រចាំឆ្នាំ ១ ឆ្នាំម្តងមានចំនួនជាង ២០០ នាក់ បានចំនួន ៨ លើក ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ ក្នុងឆ្នាំ ២០២២ នេះ ភាគី អ.ស.ប បានស្នើកម្ពុជាបន្ថែមកងកម្លាំងចំនួន ១៥ នាក់បន្ថែមទៀត ដើម្បីពង្រីកបេសកកម្មដូចជា សាងសង់សំណង់ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កម្ទេចគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជីកអណ្តូងទឹកជួយជនស៊ីវិលផ្នែកមនុស្សធម៌ និងការពារជនស៊ីវិលនៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់ Bria ជាដើម។
កម្ពុជាគិតចាប់ពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ ២០២២ នេះបានបញ្ជូនកងកម្លាំងសរុបជាង ៨ ០០០ នាក់ក្នុងនោះមាននារីចំនួនជាង ៥០០ នាក់ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩ ប្រទេស។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ ដោយឡែកនៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជាមានកងទ័ពមួកខៀវចំនួនជិត ៨០០ នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន ៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា ការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជានៅក្រោមឆត្រ អ.ស.ប គឺជាកាតព្វកិច្ចក៏ដូចជាផ្នែកមួយនៃគោលនយោបាយការបរទេសកម្ពុជាដែលលើកកម្ពស់ សន្តិសុខសកល និងការថែរក្សាអាយុជីវិតមនុស្ស។ បច្ចុប្បន្នកម្ពុជាកំពុងជំរុញតួនាទីជាអ្នកថែរក្សាសន្តិសុខសកល ព្រោះថាកម្ពុជាយល់ច្បាស់អំពីគុណតម្លៃសន្តិភាព ដោយសារតែកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម៕