កោះកុងៈ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង បាន​ប្រកាស​ជូន​ដំណឹង​ដល់​ម្ចាស់​យានយន្ត​ទាំង​អស់​ក្នុង​ខេត្ត​កោះកុង ឱ្យ​យក​យានយន្ត​ទៅ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ចាប់​ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នេះ។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង បាន​ជម្រាប​ជូន​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខេត្ត​កោះកុង ជា​ម្ចាស់​យានយន្ត ទាំង​អស់​ដែល​ពុំ​ទាន់​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ថា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ លើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន HK Car Inspection ប្រើប្រាស់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ចុះ​ត្រួត​ពិនិត្យ​យានយន្ត​នៅ​ក្នុង​ខេត្ត​កោះកុង។

សេចក្តី​ជូន​ដំណឹង​ស្តីពី​កាល​បរិច្ឆេទ​នៃ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (ឆៀកចល័ត) បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យ​យានយន្ត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ដោយ​ដាក់​ទីតាំង​នៅ​បរិវេណ​តារាង​បាល់ទាត់ ដែល​ស្ថិត​នៅ​ទល់​មុខ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង។

ម្ចាស់​យានយន្ត​ត្រូវ​យក​ឯកសារ និង​យានយន្ត​ទៅ​បំពេញ​បែបបទ ដោយ​ភ្ជាប់​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត (កាតគ្រី) ឯកសារ​ថត​ចម្លង​ឆៀក​ចាស់ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ចំពោះ​រថយន្ត​ថ្មី​ត្រូវ​ថត​ចម្លង​ក្រដាស​ពន្ធ និង​អត្តសញ្ញាណប័ណ្ណ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ៕