ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំពុងដំឡើងម៉ាស៊ីនបូមទឹក និងប្រើប្រាស់រថយន្តបូមលូចំនួន ១០ គ្រឿងដើម្បីបូមរំដោះជំនន់ទឹកភ្លៀងក្នុងសង្កាត់បឹងទំពុន និងទីតាំងរងការជន់លិចដោយសារទឹកភ្លៀងនារដូវវស្សានេះ ខណៈក្នុងរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៥ សម្រាប់បូមរំដោះទឹកជំនន់។ នេះបើតាមអ្នកនាំពាក្យ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី១២ មិថុនានេះថា ដើម្បីរំដោះទឹកជំនន់ចេញពីទីក្រុងក្នុងពេលភ្លៀងធ្លាក់ខ្លាំងទាល់តែចរន្តចំនួន៣ គឺស្ថានីបូមទឹក ប្រព័ន្ធលូ និងប្រឡាយមិនមានការកកស្ទះដូច្នេះដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើ និងកំពុងធ្វើការពង្រីកបន្ថែមនូវប្រព័ន្ធទាំងនេះ។
លោកបានឱ្យដឹងបច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៥ សម្រាប់បូមទឹករំដោះចេញនៅពេលមានភ្លៀងធ្លាក់ពិសេសនារដូវវស្សានេះដែលមានភ្លៀងធ្លាក់ខ្លាំង។ ក្នុងនោះស្ថានីយកំពុងបន្ថែមម៉ាស៊ីនបូមទឹកចំនួន ៥ ទៀតក្នុងសង្កាត់បឹងទំពុន ពីព្រោះតំបន់នេះមានការជន់លិចខ្លាំង។
លោកថ្លែងថា៖«ករណីស្ថានីយបូមទឹកបឹងទំពុនអ៊ីចឹង កាលពីដើមទីតាំងនេះមានស្ថានីយបូមតែចំនួន ៥ ទេ ប៉ុន្ដែដោយយើងមើលឃើញតម្រូវការនៃការប្រើប្រាស់យើងក៏បន្ថែមម៉ាស៊ីនបូមទឹកចំនួន ៥ ទៀត។ ហើយក្នុងចំណោម ៥ នេះ មានពីកន្លែងបានធ្វើរួចរាល់ នឹងកំពុងតែបង្ហើយចំនួន ៣ ម៉ាស៊ីនបូមទឹកទៀត។ អ៊ីចឹងការសាងសង់នេះបានធ្វើ ហើយគ្រោងនឹងបញ្ចប់នៅរយៈពេល ២ សប្ដាហ៍ទៀត»។
លោកបញ្ជាក់ថា៖«អ៊ីចឹងទេ ក្រោយពេល ២ សប្ដាហ៍ទៀតទើបយើងងអាច ប្រើប្រាស់នូវកម្លាំងពេញនៃម៉ាស៊ីនបូមទឹកទាំង ១០ នៅស្ថានីយបូមទឹកបឹងទំពុនតែម្ដង»។
លោក មាសភក្ដី បានឱ្យដឹងថា ក្រៅពីបន្ថែមម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកជំនន់ទៅទីតាំងស្ថានីយបូមទឹកដែលរងការជន់លិចខ្លាំងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានពង្រីកបណ្ដាញលូ និងប្រឡាយនានាក្នុងរាជធានីភ្នំពេញ និងត្រៀមរយន្តបូមលូចំនួន ១០ គ្រឿងដើម្បីបូមទឹកចេញពីទីតាំងរងការជន់លិចខ្លាំងនារដូវវស្សានេះ។
លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង នារដូវវស្សានេះ លោក ឃួង ស្រេង អភិបាលរាជធានីបានបន្ថែមម៉ាស៊ីនបូមទឹកនៅស្ថានីយបូមទឹកបឹងទំពុន និងបានបញ្ជូនរថយន្តបូមលូ ដើម្បីបូមរំដោះទឹកភ្លាមៗនៅតាមទីតាំងដែលរងការជន់លិចខ្លាំង។
លោកបានឱ្យដឹងថា លោកអភិបាលរាជធានី ក៏បានដាក់បញ្ជាក់ឱ្យរដ្ឋបាលខណ្ឌទាំងអស់ធ្វើការស្ដារនៅតាមលូ ប្រឡាយនានា ដើម្បីបញ្ចៀសការកកស្ទះ នៅតាមមាត់លូ ប្រឡាយពេលមានភ្លៀងធ្លាក់ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខណ្ឌមានជ័យកំពុងចាប់ផ្ដើមស្ដារប្រឡាយចាប់ពីស្ថានីយបូមទឹកបឹងទំពុនរហូតទៅដល់ស្ពានអាកាសស្ទឹងមានជ័យ។
លោកបញ្ជាក់ថា៖«ជាក់ស្ដែងត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្រោយពីយើងបានធ្វើលូថ្មីរួចហើយ គឺលែងមានការជន់លិចនៅតំបន់នេះទៀតហើយ ពលរដ្ឋដែលរស់នៅសងខាងប្រឡាយស្ទឹងមានជ័យលែងរងការជន់លិចទៀតហើយ។ ដូច្នេះ យើងចាប់ផ្ដើមធ្វើបន្តចេញពីស្ថានីយបូមទឹកបឹងទំពុនត្រង់ចំណុចផ្លូវ ៣៧១ ទៅដល់ផ្លូវស្ពានអាកាសស្ទឹងមានជ័យឡើងវិញ»។
បើតាមលោក ង៉ែត ខណ្ឌមានជ័យមានស្ថានីយបូមទឹកចំនួន ៣ ក្នុងនោះមាន ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកនៅព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចម្ការមន និងស្ថានីយមួយទៀត ស្ថិតនៅព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ នៅតំបន់ស្ពានដែក។ ក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសាងសង់អាងស្ដុបទឹកថ្មីមួយនៅតំបន់ស្ថានីយបូមទឹកបឹងទំពុនដែលអាចស្ដុកទឹកបានរាប់លានម៉ែត្រគូបផងដែរ៕
វីដេអូ៖