បាត់ដំបងៈ គណៈកម្មការខេត្តបាត់ដំបងរៀបចំការបោះឆ្នោត បានបដិសេធ ពាក្យបណ្តឹងចំនួន ១៩ របស់គណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណី បិទទ្វារមណ្ឌលការិយាល័យបោះឆ្នោត មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលទៅតាមដានមើលការរាប់សន្លឹកឆ្នោត ដោយសារតែគណបក្សនេះ បានដាក់ក្រោយមួយថ្ងៃនៃកាលបរិច្ឆេទបិទបញ្ចប់ការទទួលពាក្យបណ្តឹង។
លោក សុខ ហីង ប្រធានលេខាធិការដ្ឋាន គណៈកម្មការខេត្តបាត់ដំបង រៀបចំការបោះឆ្នោតប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមិថុនាថា ទាក់ទងទៅនឹងបណ្តឹងរបស់គណបក្សភ្លើងទៀនទាំង ១៩ នោះ គឺដាក់នៅក្រោយថ្ងៃអាជ្ញាយុកាល ព្រោះតាមច្បាប់កំណត់ គឺត្រូវដាក់ អំឡុងពេល ៣ ថ្ងៃ ក្រោយការបោះឆ្នោត។
លោកបន្តថា ក្រោយគណបក្សនេះ យកពាក្យបណ្តឹងមកដាក់នៅលេខាធិការដ្ឋាន គណៈកម្មការខេត្តបាត់ដំបងរៀបចំការបោះឆ្នោត ពុំមានការបើកសវនាការដើម្បីដោះស្រាយនោះទេ គឺលេខាធិការដ្ឋាន គណៈកម្មការខេត្ត បានធ្វើសេចក្តីជូនដំណឹង ទៅ គណបក្សភ្លើងទៀនវិញភ្លាម ប៉ុន្តែ បើគណបក្សភ្លើងទៀន មិនសុខចិត្តការសម្រេចរបស់លេខាធិការដ្ឋាន គណបក្សភ្លើងទៀន អាចបន្តប្តឹងទៅ គជប ទៀតបាន ស្របទៅតាមកាលកំណត់របស់ច្បាប់ ។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀន ភាគច្រើន ប្តឹងលើអាជ្ញាធរមូលដ្ឋាន និងប្តឹងមន្ត្រី គជប មិនឱ្យ ប្រជាពលរដ្ឋ និង សកម្មជនរបស់គាត់ ចូលក្នុងមណ្ឌលការិយាល័យរាប់ សន្លឹងឆ្នោត ដើម្បីតាមដាន។ ត្រង់ចំណុចនេះ គេមិនឱ្យចូលរ ព្រោះវាខុសទៅនឹងនិតិវិធី។ អ្នកដែលមានសិទ្ធិចូល មានតែមន្ត្រី គជប ភ្នាក់ងារគណបក្សនយោបាយ ហើយគាត់នៅក្នុងហ្នឹងដែរ និង អ្នកសង្កេតការណ៍ដែលទទួលបានការអនុញ្ញាតពី គជប»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមិថុនា ថា បណ្តឹងរបស់គណបក្សភ្លើងទៀន ស្ទើតែគ្រប់រាជធានីខេត្ត មិនថា បណ្តឹងនៅខេត្តបាត់ដំបងទេ ត្រូវបានបដិសេធ និងមិនទទួលយកទៅដោះស្រាយ ដោយគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត និង គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត និងបានចាត់ទុកថា បណ្តឹងទាំងនោះ មិនមានភស្តុតាងគ្រាប់គ្រាន់ និងហួសអាជ្ញាយុកាលជាដើម។
លោកបន្តថា បណ្តឹងមួយចំនួនទៀត ត្រូវបានសម្របសម្រួល បញ្ចប់នៅតាមឃុំសង្កាត់បោះឆ្នោត ដោយស្នើសុំឱ្យមានការដកពាក្យបណ្តឹងវិញជាដើម។ បណ្តឹងមួយចំនួន អាចនឹងបន្តប្តឹងមក គជប ដើម្បីឱ្យមានការដោះស្រាយបន្តទៀត ខណៈបណ្តឹងនៅ តាមបណ្តារាជធានីខេត្តមួយចំនួន កំពុងតែដោះស្រាយនិងរៀបចំឯកសារ។
លោកថ្លែងថា៖ «គាត់ចេះតែ ឱ្យយើងប្តឹង ប៉ុន្តែ នៅពេលដែលប្តឹងទៅគេបដិសេធ កន្លែងខ្លះ ស្ទើតែអង្វរ និងលត់ជង្គង់ ឱ្យដកពាក្យ បណ្តឹងវិញ ព្រោះឃើញថា ភាពមិនប្រក្រតីវាមានច្រើនពេក។ យើងក៏មានការសម្របសម្រួលទៅតាមហ្នឹងទៅ និយាយទៅគណបក្សយើងវាស្លូតពេក ព្រោះយើងគិតថា យើងជាខ្មែរតែមួយ ប៉ុន្តែ យើងគ្រាន់តែចង់បានតម្លៃភាពសមរម្យ និងយុត្តិធម៌ទេ»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិក ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមិថុនា ថា បណ្តឹងរបស់គណបក្សភ្លើងទៀន ខ្លះ លោក ឃើញថា ត្រូវបានបដិសេធ ព្រោះ ហួសអាជ្ញាយុកាល និង បណ្តឹងខ្លះទៀត ពាក់ព័ន្ធទៅនឹងរឿងព្រហ្មទណ្ឌ ក៏ គជប បដិសេធដែរ ព្រោះវាមិនស្ថិតក្រោមសមត្ថកិច្ចរបស់ គជប ។
លោកបន្តថា បណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតទៀតសោត លុះត្រាតែមានកម្មវត្ថុអ្វីមួយច្បាស់សាស់ ទើប គជប សម្រេចទទួលយកមកដោះស្រាយតាមផ្លូវច្បាប់ និងនិតិវិធី។
លោកថ្លែងថា៖ «គណបក្សនយោបាយមានសិទ្ធិប្តឹង ឱ្យតែពិនិត្យមើលឃើញ ភាពមិនប្រក្រតីណាមួយក្នុងពេលបោះឆ្នោត ប៉ុន្តែ បើប្តឹងវាអត់ស្ថិតក្រោមសមត្ថកិច្ច និងនិវិធី របស់ គជប គេបដិសេធហើយ»។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមិថុនាថា ដំណើការ នៃការដាក់ ទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធទៅនឹងថ្ងៃស (ថ្ងៃសៅរិ៍ទី ៤ ខែមិថុនា ឆ្នាំ ២០២២) និងថ្ងៃបោះឆ្នោត ដែលថ្ងៃទាំងពីរនេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទទួលបាន ចំនួន ៨៥ បណ្តឹងត្រូវបានដោះស្រាយបញ្ចប់អស់ហើយ ។
ក្នុងនោះ មាន ៣២ បណ្តឹង បានបន្តមកគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតនិង ៥៦ បណ្តឹងទៀត ត្រូវបានប្តឹងផ្ទាល់មក គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងការសុំដាក់ទោសមន្ត្រីបោះឆ្នោត ដោយសរុបទាំងអស់ ៨៨ បណ្តឹង។
លោកថ្លែងថា៖« ក្នុងចំណោម ៨៨ បណ្តឹងនេះ ត្រូវបាន គណៈកម្មការរាជធានីខេត្ត បានដោះស្រាយ ៦២ បណ្តឹង និងនៅសល់ចំនួន ២៦ បណ្តឹង បាននិងកំពុងបន្តដោះស្រាយ។ ដោយឡែក នៅ គជប មានតែមួយបណ្តឹង ទាក់ទង ថ្ងៃស និងថ្ងៃបោះឆ្នោត ហើយ គជប បានដោះស្រាយបញ្ចប់ហើយ»។
លោកបញ្ជាក់ទៀតថា ចំណែកបណ្តឹងមួយទៀត ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដែលមានការបិទផ្សាយនៅទីស្នាក់ការគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្នុងរយៈពេលបីថ្ងៃនេះ គណៈកម្មការរាជធានីខេត្ត ទទួលបាន ៥០ បណ្តឹង ហើយ ៥០ បណ្តឹងនេះ បានដោះស្រាយចប់សព្វគ្រប់អស់ហើយ។ ដោយឡែកបណ្តឹងដែលត្រូវប្តឹងបន្តមក គជប គជប មិនទាន់ទទួលបាននោះទេ ៕