ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយឥតសំណងជាង ៣ លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស ចុះថ្ងៃទី១១ ខែមិថុនា បានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖« ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ»។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់អាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេដោយរង់ចាំថ្ងៃចុះហត្ថលេខា។ លោកថា៖«ពេលចុះហត្ថលេខា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរាជទូតជប៉ុន នឹងថ្លែងបញ្ជាក់បន្ថែម»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ច័ន្ទរឿន ថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសជប៉ុន ផ្នែកធនធានមនុស្សដល់កម្ពុជា គឺជាជំនួយដ៏មានតម្លៃដែលអាចជួយឱ្យប្រជាពលរដ្ឋកម្ពុជាអភិវឌ្ឍចំណេះជំនាញក្នុងការកសាងប្រទេសជាតិរយៈពេលវែង។
លោកថ្លែងថា៖ «និស្សិត ឬមន្ត្រីដែលទទួល បាន អាហារូបករណ៍ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍនៅកម្ពុជានាពេលអនាគត។ ជំនួយនេះក៏អាចក្លាយជាចំណង ដើម្បីរឹតចំណងការទូតរវាងប្រទេស និងប្រទេស ហើយវាជាមធ្យោបាយមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបន្ថែមពីលើទំនាក់ទំនងការទូត»។
រដ្ឋាភិបាលជប៉ុន កាលពីឆ្នាំ២០២១ បានផ្តល់ជំនួយចំនួន ៣៦២ លានយ៉េន ដែលស្មើនឹងប្រមាណ ៣,៣ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
តាមរយៈគម្រោងនោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦ រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) បានទទួលអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។
ក្នុងពិធីចុះហត្ថលេខាកាលពីពេលនោះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០០០ គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកបន្តថា អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស ។
លោកថា៖«ជំនួយរបស់ប្រទេសជប៉ុននេះ ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា»៕