![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/3-election_9.jpg)
មន្ត្រី គជប ត្រួតពិនិត្យលទ្ធផលបោះឆ្នោតបឋមពីថ្ងៃទី ១៣ មិថុនា។ រូបថត គជប
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបបួលអ្នកដែលចោទគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា លួចសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ស្បថ «ឱ្យងាប់ដោយរន្ទះបាញ់ និង ងាប់តៃហោង» ខណៈក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនទទួលអាសនៈជាមេឃុំ ចៅសង្កាត់ជាង ៩៩ % និងអាសនៈជាក្រុមប្រឹក្សាជាង ៨០ %។
ការបបួលស្បថរបស់លោកនាយករដ្ឋមន្ត្រីនេះធ្វើឡើងនៅក្នុងពិធីចែក សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ ពាន់នាក់ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា និងបន្ទាប់ពីក្រុមប្រឆាំងមួយចំនួនបានលើកឡើងពីការលួចសន្លឹកឆ្នោតជាបន្តបន្ទាប់ នៅក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ លោក ហ៊ុន សែន បានស្នើទៅដល់អ្នកដែលពូកែចោទប្រកាន់ថា លួចសន្លឹកឆ្នោតឱ្យជួយបង្រៀនលោកពីរបៀបនៃការលួចផងដែរថា គេធ្វើយ៉ាងម៉េច។
លោកបញ្ជាក់ថា៖ «សុំជួយបង្រៀន អាម៉ាកលួចហ្នឹង គេលួចយ៉ាងម៉េចវ៉ី ។ ជួយបង្រៀនផងបានទេ តើគេលួចរបៀបម៉េច? សុំឱ្យអ្នកដែលថា គជប ជាអ្នកលួច ឬគណបក្សប្រជាជនកម្ពុជាជាអ្នកលួច គេធ្វើម៉េច?»។
លោកលើកឡើងថា ដំណើរការបោះឆ្នោតចាប់ផ្តើមនៅវេលាម៉ោង ៧ ព្រឹក និងបញ្ចប់នៅម៉ោង ៣ រសៀល ហើយក៏បានរាប់នៅទីតាំងការិយាល័យនោះ ប៉ុន្តែពួកគេបានចោទប្រកាន់ថា មានអ្នកលួចសន្លឹកឆ្នោតទៅវិញ។ ទោះជាយ៉ាងណាលោកថា អ្នកដែលចោទប្រកាន់ថា មានការលួចនោះ មិនដែលហ៊ានចេញមុខមកស្បថនោះទេ បែរជាចាត់ទុកថា ជារឿងកំប៉ិកកំប៉ុកទៅវិញ។
ទោះជាយ៉ាងណាលោក ហ៊ុន សែន ថា ការស្បថនេះមិនមែនជារឿងកំប៉ិកកំប៉ុក ឬតូចតាច ឬជាពាក្យទាល់ច្រក ឬក៏ជាការលេងសើច ដូចការលើកឡើងពីក្រុមប្រឆាំងនោះទេ ព្រោះសូម្បីតែ ការចូលកាន់តំណែងជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋសភាទាំងអស់ក៏តែងតែធ្វើពិធីស្បថដែរ។
លោកមានប្រសាសន៍ថា៖ «អ្នកឯងចោទគេថា គេលួចហ្នឹងហ៊ានស្បថឱ្យរន្ទះបាញ់អត់ ឱ្យងាប់តៃហោង ឬអត់ យើងនិយាយគ្នាអ៊ីចេះវិញម្តង ហើយកុំថា រឿងស្បថជារឿងលេងសើចជារឿងកំប្លែង។ សូម្បីតែប្រធានាធិបតីអាមេរិកក៏គេយកគម្ពីរគ្រិស្តទៅស្បថដែរ»។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសមិនចរចាជាមួយគណបក្សនយោបាយណាមួយឡើយលើបញ្ហានានាពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលកន្លងមក និងនៅពេលខាងមុខ ព្រោះគណបក្សរបស់លោកក៏ជាគូប្រកួតប្រជែងក្នុងការបោះឆ្នោតដែរ។
លោកបន្តថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលគណបក្សលោកទទួលសំឡេងជាង ៧០ % និង ទទួលអាសនៈជាមេឃុំ ចៅសង្កាត់ជាង ៩៩ % និងអាសនៈជាក្រុមប្រឹក្សា ជាង ៨០ % គ្រប់គ្រាន់ណាស់ សម្រាប់គណបក្សប្រជាជន។ បើចង់ចរចាលើបញ្ហាអ្វីមួយ គណបក្សនយោបាយទាំងនោះអាចទៅចរចាជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ មិថុនាថា ការបោះឆ្នោតកន្លងមកនេះធ្វើឡើងប្រកបដោយយុត្តិធម៌ ឬមិនយុត្តិធម៌ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ គួរពិនិត្យមើលទៅលើអង្គការធំៗរួមជាមួយនឹងអង្គការសហប្រជាជាតិផងដែរ ដែលតែងតែតាមដាន និងវាយតម្លៃលើការបោះឆ្នោតនានា ប៉ុន្តែពួកគេមិនចូលរួមសង្កេតការណ៍ និងមិនហ៊ានវាយតម្លៃនោះទេ។ មួយវិញទៀតពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលគណបក្សភ្លើងទៀនមានទាំងឯកសារ និងភ័ស្តុតាងដែលថតបានគ្រប់បែបយ៉ាងក៏បង្ហាញថា វាមិនយុត្តិធម៌ និងត្រឹមត្រូវដែរ។ សូម្បីតែមុនការបោះឆ្នោតក៏មានការរំលាយបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទៀត ដែលទាំងអស់នេះ បង្ហាញដល់អង្គការធំៗ ថាមិនទុកចិត្ត និងមិនយុត្តិធម៌រួចបាត់ទៅហើយលើការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ មានអង្គការណាខ្លះដែលចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលបោះឆ្នោតថា ត្រឹមត្រូវ យុត្តិធម៌ ក្រៅតែពីអង្គការដែលជួលមកគ្រាន់តែលើកជើង និងលើកដៃហ្នឹង! អានេះបញ្ជាក់ច្បាស់ហើយមិនបាច់ទៅនិយាយអីច្រើនវែងឆ្ងាយទេ»។
ពាក់ព័ន្ធនឹងការស្បថវិញលោក ថាច់ សេដ្ឋា និយាយថា មិនមានអ្វីចម្លែកនោះទេ កន្លងមកនេះ មន្ត្រីរដ្ឋាភិបាលតែងតែស្បថមុនចូលកាន់តំណែង ស្ទើរតែគ្រប់គ្នា ប៉ុន្តែ បឹងបួ ព្រៃឈើ និងធនធានធម្មជាតិនានានៅក្នុងប្រទេសរលាយគ្មានសល់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ថាច់ សេដ្ឋា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា បើសិនជាអស់បឹង អស់ព្រៃ អស់ភ្នំ និងអស់ធនធានធម្មជាតិ ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជានោះ ប្រជាពលរដ្ឋពិតជាមិនព្រមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនឱ្យឈ្នះបន្តទៀតទេ។
លោកបញ្ជាក់ថា៖ «បើសិនជាមានការបាត់ដី បាត់ព្រៃព្រឹក្សា ដូចគាត់លើកឡើងនេះ អាហ្នឹង ប្រជាពលរដ្ឋប្រាកដជាមិនបោះឆ្នោតគាំទ្រជូនទេ ហើយអ្វីដែលគាត់លើកឡើង មិនមែនទើបតែលើកឡើងចំពោះតែការបោះឆ្នោត ឆ្នាំ ២០២២ នេះទេ គឺគាត់បានលើកឡើងតាំងពីឆ្នាំ ៩៣ មកម្ល៉េះ»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមិថុនាថា តាមការសង្កេតរបស់លោកមិនទាន់មានអ្នកណានិយាយថា លួច ឬបន្លំសន្លឹកឆ្នោតទេ ប៉ុន្តែគ្រាន់តែដំណើរការនៃការរៀបចំការបោះឆ្នោត មិនទាន់មានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។
លោកបន្តថា ម្យ៉ាងទៀតនៅពេលបោះឆ្នោតមានភាពមិនប្រក្រតីមួយចំនួនដូចជា អាជ្ញាធរអង្គុយកត់ឈ្មោះ ប្រជាពលរដ្ឋ សមត្ថកិច្ចស្លៀកពាក់ស៊ីវិលចូលទៅមណ្ឌលបោះឆ្នោត និងបិទមណ្ឌលបោះឆ្នោត មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលការរាប់សន្លឹកឆ្នោតជាដើម។
«ខ្ញុំមិនច្បាស់ទេថា អ្នកណាថា លួចហ្នឹងប៉ុន្តែសម្រាប់ជំហរខ្ញុំខ្ញុំមិនហ៊ានថាលួចទេគ្រាន់តែពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោត វាមានរឿងធ្វើឱ្យអ្នកចូលប្រកួត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអាចមានការមិនទុកចិត្តខ្លះទាក់ទងទៅលើសមាសភាព គជប ភាគច្រើនមកពីសមាសភាពគណបក្សកាន់អំណាច»។
ពាក់ព័ន្ធការចោទប្រកាន់ពីការលួចសន្លឹកឆ្នោតលោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមិថុនាថា លោកនាយករដ្ឋមន្ត្រីបង្ហាញពីភាពត្រឹមត្រូវ និងយុត្តិធម៌របស់ គជប ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ព្រោះការរៀបចំការបោះឆ្នោតមិនបានធ្វើដោយការលាក់បាំងពីភ្នែករបស់គណបក្សនយោបាយ អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធណាមួយទេ។
លោកបន្តថា ជាទូទៅដំណើរការបោះឆ្នោត កន្លងមកនេះត្រូវបានមតិជាតិ អន្តរជាតិ និងគណបក្សនយោបាយភាគច្រើនបានវាយតម្លៃថា ប្រព្រឹត្តទៅដោយមានតម្លាភាព និងយុត្តិធម៌ក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
លោកថ្លែងថា៖« គណបក្សនយោបាយដែលមានការចោទប្រកាន់មក គជប ហើយមានភ័ស្តុតាងគ្រប់គ្រាន់ រៀបចំឯកសារដាក់បន្ទុកប្តឹងមក គជប ទៅលើអ្វីដែលគាត់រកឃើញភាពមិនប្រក្រតីនូវអ្វីដែល គជប អនុវត្ត ប៉ុន្តែតាមការអនុវត្តកន្លងមក និងតាមរបាយការណ៍ទទួលបានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត បណ្តឹងភាគច្រើន គ្មានឯកសារភ័ស្តុតាងច្បាស់លាស់»។
លោក សោម សូរីដា បញ្ជាក់ថា ជាមួយគ្នានេះ គជប បានរៀបចំសមាសភាព ក្រុមការងារត្រួតពិនិត្យ និងបូកសរុប លទ្ធផលនៅថ្ងៃទី ១៣ ខែមិថុនា ដែលទទួលលទ្ធផលពីគណៈកម្មការ រាជធានីខេត្តរៀបចំការបោះឆ្នោតទាំងអស់ ដើម្បីកំណត់ និងបែងចែកអាសនៈ ដើម្បីត្រៀមប្រកាសផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២៕
វីដេអូ៖