ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសជាសាធារណៈថា នឹងដំឡើងប្រាក់ខែដល់មន្ត្រីរាជការប្រមាណជាង ៣៦ ម៉ឺននាក់ នៅក្នុងឆ្នាំ ២០២៣ ក្នុងនោះមន្ត្រីក្នុងក្រសួងសុខាភិបាល និងក្រសួងអប់រំនឹងមានប្រាក់ខែខ្ពស់ជាងគេ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់មន្ត្រីចប់វគ្គបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាលជាង ២ ពាន់នាក់ កាលពីថ្ងៃទី ១៣ ខែមិថុនា ថា៖ «ការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គ្រោងនឹងដំឡើងប្រាក់បៀវត្សរ៍ យើងខានដំឡើងប្រាក់បៀវត្សរ៍ ២ ឆ្នាំ គឺនៅឆ្នាំ ២០២០ និង ២០២១ ឥឡូវនៅឆ្នាំ ២០២២ នេះ យើងនឹងចាប់ផ្តើមដំឡើងប្រាក់បៀវត្សរ៍ តែឡើងមិនគិតជាភាគរយទេ ឡើងតាមរបៀប គឺប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ឡើងតិចជាង។ គ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតឱ្យបាន ១ លានរៀលកន្លះកន្លងទៅដូចជាង ១ លាន ៣ សែនរៀល ហើយមន្ត្រីដទៃទៀតកន្លងទៅដូចជា ១ លាន ២ សែន យើងអាចធ្វើទៅបាន ឥឡូវនេះបន្ធូរបន្ថយការចំណាយបានយ៉ាងច្រើន បើប្រៀបធៀបជាមួយពេលកូវីដ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ទោះបីជាពិភពលោកមានភាពច្របូកច្របល់ ដោយសារសង្គ្រាមផង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់កម្ពុជាមិនទាន់ដល់កម្រិតដែលហៅថា ហានិភ័យនៃការដួលរលំនោះទេ។ ដោយសារបញ្ហាកូវីដ ១៩ បានធូរស្រាល ហើយរដ្ឋកាត់បន្ថយការចំណាយច្រើន ដូច្នេះ (រាជរដ្ឋាភិបាល) ក៏បានគិតគូរពីការដំឡើង ប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន និងគ្រូពេទ្យយ៉ាងទាបបំផុត ១ លាន ៥ សែនរៀល»។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ផងដែរ ឱ្យគិតគូរពីការកាត់ពន្ធ (ប្រាក់ខែ) ដើម្បីសម្រួលដល់អ្នកមានប្រាក់ខែទាប ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនផងដែរ ដោយត្រូវដំឡើងពិតាននៃប្រាក់បៀវត្សរ៍ជាប់ពន្ធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «យើងដាក់តារាងជាប់ពន្ធ អ្នកមានប្រាក់បៀវត្សរ៍ក្រោម ១ លាន ៥ សែន ១ រៀល អត់ជាប់ពន្ធ ព្រោះដើម្បីចៀសវាងអ្នកមានប្រាក់ខែទាបជាងគេជាប់ពន្ធ ហើយអ្នកមានប្រាក់ខែខ្ពស់ជាប់ពន្ធចុះ។ អ៊ីចឹងយើងគិតនេះ ទាំងក្នុងវិស័យរដ្ឋ ទាំងវិស័យឯកជន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែង ដោយរំឭកដល់មន្ត្រីរាជការត្រូវបម្រើប្រជាលរដ្ឋដោយស្មោះត្រង់ និងកុំចាត់ទុកខ្លួនឯងជាចៅហ្វាយ និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទោះបីបញ្ហាតិចតួចក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «អ្វីដែលខ្ញុំចង់ដាស់តឿនសម្រាប់មន្ត្រីរបស់យើង នោះគឺត្រូវចាំឱ្យបាន រំឭកខ្លួនឯងឱ្យបានជាប់ជាប្រចាំ យើងជាមន្ត្រីដែលត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ សូមក្តាប់ចំណុចនេះឱ្យបាន ថាយើងជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយពលរដ្ឋទេ ហើយត្រូវទុកការបម្រើប្រជាពលរដ្ឋជាគោលដៅដែលយើងត្រូវធ្វើ ធ្វើមន្ត្រីបើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋជាគោលដៅ គឺមិនចាំបាច់ធ្វើជាមន្ត្រីទេ ហើយបញ្ហារបស់ប្រជាជនមិនមែនបញ្ហាតូចតាចទេ»។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា បើតាមគម្រោងរបស់រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ ២០២៣ ប៉ុន្តែត្រូវរៀបចំច្បាប់ថវិកា និងការគិតគូរផ្សេងៗ ចាប់ពីឆ្នាំ ២០២២ នេះតទៅ។
លោក ប៊ុនណា ថ្លែងថា៖ «ការដំឡើងប្រាក់បៀវត្សរ៍នេះគឺសំដៅទៅលើមន្ត្រីរាជការទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធ មិនមែនដំឡើងតែគ្រូបង្រៀន និងក្រុមគ្រូពេទ្យប៉ុណ្ណោះទេ។ សម្តេចលោកគិតគូរទាំងអស់ គ្រាន់តែលោកលើកឡើងវិស័យអាទិភាពគ្រូបង្រៀន និងសុខាភិបាល ប៉ុន្តែការគិតគូររបស់រាជរដ្ឋាភិបាល គឺគិតសម្រាប់មន្ត្រីរាជការជាទូទៅរួមទាំងកងកម្លាំងប្រដាប់អាវុធ ហើយនិងមន្ត្រីផ្នែកផ្សេងៗទៀត ទាំងមន្ត្រីថ្នាក់ក្រោមជាតិ»។
លោក ប៊ុនណា ថ្លែងថា តាមពិតរាជរដ្ឋាភិបាលគ្រោងដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការក្នុងផែនការ ៥ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ ២០២៣ ប៉ុន្តែដោយសារជួបបញ្ហាកូវីដ ក្នុងឆ្នាំ ២០២១ និង ២០២២ ទើបអាក់ខានសម្រាប់ការដំឡើង។
លោក ប៊ុនណា ថ្លែងថា៖ «មកដល់ស្ថានភាពបច្ចុប្បន្នឃើញថា យើងអាចគ្រប់គ្រងស្ថានភាពកូវីដបានល្អប្រសើរ ហើយលទ្ធភាពនៃការគ្រប់គ្រងចំណូលរបស់យើងក៏មានភាពរឹងមាំ អ៊ីចឹងបានជារាជរដ្ឋាភិបាលបានគិតគូរទៅលើរឿងនេះ អ៊ីចឹងយើងមានលទ្ធភាពក្នុងការធ្វើកិច្ចការទាំងអស់នេះ គឺជាការរួមចំណែកមួយ ដើម្បីគាំទ្រទៅដល់ការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ ដែលនឹងជំរុញមន្ត្រីរាជការឱ្យចូលរួមប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត និងជួយទ្រទ្រង់ជីវភាពដល់មន្ត្រីរាជការឱ្យគាត់រួមចំណែកនៅក្នុងការគាំទ្រទៅដល់ការលើកកម្ពស់សេវាសាធារណៈ»។
លោក យក់ ប៊ុនណា បានបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីរាជការស៊ីវិលនៅក្នុងរាជរដ្ឋាភិបាលមានជាង ២១ ម៉ឺននាក់ និងកងកម្លាំងប្រដាប់អាវុធជាង ១៥ ម៉ឺននាក់ ដែលក្នុងចំណោមនោះ គ្រូបង្រៀនមានប្រហែលជិត ១២ ម៉ឺននាក់ ហើយគ្រូពេទ្យមានជាង ២ ម៉ឺននាក់៕