ភ្នំពេញៈ គណបក្សនយោបាយមួយចំនួន ដែលបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ និងបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ បានបង្ហាញឆន្ទៈក្នុងការបង្រួបបង្រួម ឱ្យទៅជាគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែម្រង់កម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា លោក និងតំណាងគណបក្ស ៣ ផ្សេងទៀត ដែលចេញពីអតីតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមជជែកគ្នាមួយជំហ៊ានរួចហើយ ដែលអាចនឹង ឈានដល់ការបង្កើតគណៈកម្មការចំពោះកិច្ចមួយ នៅពេលខាងមុខ ដើម្បីធ្វើការពិភាក្សាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើការបង្រួបបង្រួមនេះ ។
គណកម្មការចំពោះកិច្ចនេះ នឹងខិតខំ ប្រឹងប្រែងជជែកគ្នា និងឯកភាពជាធ្លុងមួយ ដើម្បីរៀបចំធ្វើសមាជ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ដើម្បីឱ្យទាន់ពេល និងត្រៀមខ្លួន ចូលរួមការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ថ្មីៗ នេះ ខ្ញុំបានជជែកជាមួយគបណបក្សកម្ពុជានិយម គណបក្សឆន្ទៈខ្មែរ និងបានទាក់ទៅ គណបក្សខ្មែរស្រឡាញ់ជាតិ ។ ដូច្នេះ នៅក្នុងអាទិត្យនេះ អាចសម្រេចជាគោលការណ៍បានហើយ ក្នុងការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិភាក្សាឈានទៅរកការបង្កើតគណបក្សរួមមួយ » ។
លោក អ៊ូ ច័ន្ទរ័ត្ន រំពឹងថា ការបង្រួបបង្រួមនឹងអាចចេញជារូបរាង្គ ព្រោះមេដឹកនាំគណបក្សទាំងអស់ សុទ្ធសឹងតែបង្ហាញពីឆន្ទៈ និងគោលដៅដូចគ្នា ជាពិសេស គឺចង់ឱ្យមានប៉ូលនយោបាយថ្មីមួយទៀត សម្រាប់ជាជម្រើសរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក្រុមនេះ នៅមិនទាន់សម្រេច ថា តើត្រូវបង្កើតគណបក្សនយោបាយថ្មី ឬក៏ជ្រើសរើសយកគណបក្សណាមួយនោះទេ។
លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា បំណងនៃការបង្រួបបង្រួម គណបក្សដែលមានប្រភពមកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតទៅជាគណបក្សថ្មីនេះ ត្រូវបានពិភក្សាចាប់តាំងពីមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែ រយៈពេលនៃការពិភាក្សាមានពេលវេលាខ្លី ។
លោកថ្លែងថា៖ «យើងគ្រាន់តែមានគំនិត ឱ្យមានជម្រើសមួយថ្មីរបស់ប្រជាពលរដ្ឋទេ ។ ដូច្នេះ វាមានភាពទូលំទូលាយ និងប្រសិទ្ធិភាពបែបណា យើងមិនអាចទស្សទាយបានទេ»។
លោក យ៉ែម បុញ្ញារិទ្ធិ ប្រធានគណបក្សកម្ពុជានិយម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា គណបក្សរបស់លោក ក៏ដូចជាគណបក្សនយោបាយ ៣ ទៀត បានគិតគូ និងមានគម្រោងបង្រួបបង្រួម ប៉ុន្តែ រហូតមកទល់ពេលនេះ មិនទាន់មានលក្ខណៈជាផ្លូវការទេ ។
លោកថ្លែងថា៖ «គណបក្សដែលនឹងត្រូវបង្កើតថ្មីនេះ ត្រូវឯកភាពទៅលើគោលនយោបាយ ដោយប្រកាន់យកគោលការណ៍ ប្រាកដនិយម មិនបុគ្គលនិយម ហើយជាគោលការណ៍មួយ មិនជ្រុលនិយម។ កិច្ចការនេះ បើសិនជាចង់ឱ្យលឿន ត្រូវតែជំរុញឱ្យលឿនមែនទែន ព្រោះពេលវេលាក៏វាខ្លីដែរ» ។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍ មិនអាចសុំអត្ថាធិប្បាយពីលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិបានទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមិថុនាថា គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយនោះទេ ព្រោះគណបក្សដែលមានបំណងបង្រួបបង្រួមចេញពីអតីតគណបក្សសង្គ្រោះជាតិនោះ ជាគណបក្សចាញ់ម្តងរួចហើយ ។ ដូច្នេះ នៅពេលដែលយកកម្ទេចកែវបែកយកមកបិតផ្គុំគ្នា វាមិនអាចដូចដើមនោះទេ ។
លោកថ្លែងថា៖ «វា នៅតែបន្តចាញ់ដដែលទេ គណបក្សប្រជាជនមិនមានការភ័យព្រួយអ្វីទេ ។ យើងត្រូវយកពិជគណិតមកគិត ចាញ់ ១ បូកជាមួយនឹងចាញ់មួយទៀត ស្មើនឹងចាញ់ ២ អ៊ីចឹងវាអត់ទៅរួចទេ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកតាមនយោបាយ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគាំទ្រ ព្រោះនេះ គឺជាចំណុចចាប់ផ្តើមមួយ របស់គណបក្សក្រៅរដ្ឋាភិបាល បើទោះបីមិនទាន់ក្លាយទៅជាបក្សប្រឈមជាមួយរដ្ឋាភិបាល ប៉ុន្តែជាកម្លាំងដ៏សំខាន់ផងដែរ។
លោកបន្តថា បើសិនជាគណបក្សទាំងនេះ មានការរួបរួមជាមួយគណបក្សភ្លើងទៀនទៀត នោះកាន់តែប្រសើរ និងមានកម្លាំងកាន់តែខ្លាំង ឡើងវិញ ដូចទៅអតីតគណបក្សសង្គ្រោះជាតិដែលអាចប្រឈម និងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបានច្រើន។
លោកថ្លែងថា ៖« ជាចំណុចចាប់ផ្តើមមួយល្អ កុំឱ្យមានបក្សតូចៗ ឬបក្សឡប់ឡែច្រើនពេក និងកុំឱ្យមានបក្សសួនលម្អរប្រជាធិបតេយ្យច្រើន។ បើរួមគ្នាជាមួយគណបក្សភ្លើងទៀនទៀត កម្លាំងហ្នឹង ខ្លាំង។ យើងនិយាយទៅ បើអត់មានការរួមគ្នាពីបក្សតូចទេ បក្សនៅក្រៅរដ្ឋាភិបាល មាន ៣ ទម្រង់ធំ ៗ ចេញពីគណបក្សសង្គ្រោះជាតិ»៕