ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៤៤ ក្នុងសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបទចោទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងសវនាការនេះ លោក កឹម សុខា ប្រាប់អង្គជុំនំជម្រះសាលាដំបូងរាជធានីភ្នំពេញថា កិច្ចព្រមព្រមព្រៀងរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់នូវរាល់បញ្ហានយោបាយដែលកើតឡើងក្នុងពេលបោះឆ្នោត និងឈានទៅបង្កើត គជប ថ្មី មិនមានអ្វីដែលត្រូវចោទប្រកាន់លោកទៀតនោះទេ។
លោក ផែង ហេង សហមេធាវី លោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ ក្រោយបញ្ចប់សវនាការ នៅថ្ងៃទី ១៦ ខែមិថុនានេះថា លោក កឹម សុខា បានលើកយកកិច្ចព្រមព្រៀងរវាងគណបក្សប្រជនជន និងគណបក្សសង្គ្រោះជាតិមកបង្ហាញថា អ្វីៗវាត្រូវបានបញ្ចប់ដោយកិច្ចព្រមព្រៀង បញ្ចប់ជម្លោះនយោបាយ ក្រោយពីទទួលស្គាល់ មានភាពមិនប្រក្រតី នៅក្នុងពេលបោះឆ្នោតឆ្នាំ ២០១៣ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ នៅវិមានព្រឹទ្ធសភា។
លោកបន្តថា ទោះជាយ៉ាងណាតំណាងអយ្យការបានលើកឡើងថា កិច្ចព្រមព្រៀងនេះមិនមានតម្លៃនោះទេ ព្រោះកិច្ចព្រមព្រៀងរបស់គណបក្សនយោបាយ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងជាឧទាហរណ៍ពន្យល់សវនាការថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរព្រមព្រៀងឈានទៅដល់ចុះកិច្ចព្រមព្រៀង រហូតដល់យកខ្លឹមសារនេះ ដាក់នៅក្នុងច្បាប់ទៀតផង។
លោក ហេង ថ្លែងថា៖ «អីចឹងហើយមិនថា កិច្ចព្រមព្រៀងទេ អ្នកនយោបាយគាត់អាចបញ្ចប់ តាមរយៈដំណោះស្រាយនយោបាយ។ រឿងនេះ ក៏ជារឿងនយោបាយ ក៏វាជាប់ពាក់ព័ន្ធដែរ»។
លោក ផែង ហេង ថ្លែងថា លោក កឹម សុខា ថា កិច្ចព្រមព្រៀងនយោបាយក៏វាមានសារៈសំខាន់ ច្បាប់ក៏មានសារៈសំខាន់។ លោកឱ្យតម្លៃទៅលើនយោបាយ និងស្ថាប័ន ទើបលោកខិតខំចូលមកបំភ្លឺតុលាការ តែលោកនៅតែមើលឃើញច្រកចេញអ្នកនយោបាយ មានការផ្សះផ្សារ និងជជែកគ្នាបញ្ចប់នៅការ ខ្វែងគំនិតនិងមិនយល់គ្នានេះ។
លោក ចាន់ ចេន សហមេធាវីរបស់លោក កឹម សុខា មួយរូបទៀត ក៏បានលើកឡើងនៅក្នុងសវនាការនោះដែរថា ការចោទប្រកាន់មកលើកូនក្តីរបស់លោក គឺលោក កឹម សុខា មានលក្ខណៈនយោបាយ ព្រោះការចោទប្រកាន់មិនមានឯកសារ និងច្បាប់គ្រប់គ្រាន់។ លោក ចាន់ចេន ថ្លែងថា៖ «មនុស្សមួយកន្លះនគរ គេដឹងថា វាជារឿងនយោបាយ»។
លោក ប្លង់ សុផល អ្នកនាំពាក្យអាយ្យការអមសាលាដំបូង និងជាតំណាងអយ្យការរបស់ក្រុមជំនុំជម្រះសវនាការប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែមិថុនាថា ដោយសុំមិនធ្វើអត្ថាធិប្បាយទៅលើអង្គសវនាការនេះទេ។
លោក សុផល ថ្លែងថា៖ «ខ្ញុំមិនមានយោបល់អីទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែមិថុនាថា សំណុំរឿងរបស់លោក កឹម សុខា គឺផ្អែកទៅលើផ្លូវច្បាប់ និងនីតិវិធីច្បាប់ដែលមានជាធរមាន រីឯរឿងការចចារបញ្ចប់បញ្ហានយោបាយ គឺជារឿងផ្សេង។
លោកថ្លែងថា៖ «រឿងផ្លូវច្បាប់ គាត់ត្រូវប្រឈមមុខ និងដោះស្រាយតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការ និងបញ្ញត្តិដែលមានជាធរមាន។ អាហ្នឹងគោលការណ៍ច្បាប់ គឺវាអីចឹង»។
សវនាការសំណុំរឿង លោក កឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២៕
វីដេអូ៖