ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនឹងធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ និងផលិតភាពខ្ពស់ ដែលធ្វើឱ្យទាក់ទាញការវិនិយោគ ខណៈក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះកម្ពុជាបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់កម្មករសិស្សនិស្សិតបានជាង ២០ ម៉ឺននាក់។
ការលើកឡើងនេះធ្វើឡើងនៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្សានុសិស្ស និងនិស្សិតជាង ១ ម៉ឺន ៥ ពាន់នាក់។
ក្នុងទិវានេះក៏មានការតាំងពិព័រណ៍ និងដាក់ស្តង់បង្ហាញពីទីផ្សារការងារ សាលាបណ្តុះបណ្តាលជំនាញ ក្រុមហ៊ុនឯកជន និងសហគ្រាសចំនួន ៥៥ ស្តង់ផងដែរ។ ក្រសួងការងារបានរៀបចំទិវានេះឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក។ លោក អ៊ិត សំហេង មានប្រសាសន៍ថា ឆ្នាំ ២០២២ នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទី និងសារៈសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក។
លោកគូសបញ្ជាក់ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសឆ្នាំនេះនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។ លោកបន្តថា៖ «ជាពិសេស (ការបណ្តុះបណ្តាលបច្ចេកទេសដើម្បីឱ្យ) ក្រុមហ៊ុនផលិតធំៗមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល បង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ»។
លោកបន្តទៀតថា ក្រសួងនឹងបន្តរៀបចំប្រារព្ធទិវាជាតិនេះនៅឆ្នាំបន្តបន្ទាប់ទៀត និងអំពាវនាវដល់វិស័យឯកជន ចូលរួមវិនិយោគបន្ថែមទៀត និងចូលរួមក្នុងភាពជាដៃគូជាមួយក្រសួង អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បន្តរួមចំណែកចូលរួម និងគាំទ្រលើកទឹកចិត្តទាំងថវិកា និងបច្ចេកទេស ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។
តំណាងក្រុមហ៊ុនបណ្តុះបណ្តាលជំនាញ SDH ដែលចូលរួមកម្មវិធីនេះ លោកស្រី វង្ស ធីតា ថ្លែងថា ការរៀបចំទិវានេះ គឺជាការបើកឱកាសសម្រាប់ក្រុមហ៊ុន ក៏ដូចជាសិស្ស និស្សិត ចូលរួមសិក្សាស្វែងយល់បន្ថែមពីទីផ្សារការងារបច្ចុប្បន្ន។ លោកស្រីបញ្ជាក់ថា៖ «ជាកម្មវិធីមួយល្អ ដែលមានការបង្ហាញសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយមានសិស្សនិស្សិតជាច្រើនចូលរួម ហើយជាឱកាសមួយដែលយើងអាចផ្តល់ចំណេះដឹង និងណែនាំបន្ថែមដល់និស្សិតពីទីផ្សារការងារនៅកម្ពុជា»។
និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលោក វ៉ន សុភក្ត្រា ដែលបានចូលរួមក្នុងពិធីនេះបានថ្លែងថា៖ «ពេលមកដល់ទីនេះ ខ្ញុំបានស្វែងយល់ពីមុខវិជ្ជាបច្ចេកទេសនេះកាន់តែច្បាស់ដូចជាបច្ចេកទេសខាងអេឡិចត្រូនិក ស្ថាបត្យកម្ម ក៏ដូចជាខាងសំណង់ជាដើម វាជួយពង្រឹងចំណេះដឹងបន្ថែមខាងផ្នែកបច្ចេកទេស»។
លោកលើកឡើងថា មូលហេតុដែលលោកចាប់យកមុខជំនាញនេះដោយលោកមើលឃើញថា ប្រទេសកំពុងរីកចម្រើនលូតលាស់វិវឌ្ឍទៅមុខ មានសំណង់ខ្ពស់ៗកាន់តែច្រើន ដូច្នេះទីផ្សារការងារខាងសំណង់ស៊ីវិលក៏កើនឡើង។
ជាមួយគ្នានេះដែរ និស្សិតឆ្នាំទី ៣ នៅសាលាឯកជនមួយ កញ្ញា ហេង សុខវិច្ឆិកា បានថ្លែងថា កញ្ញាកំពុងចាប់យកជំនាញអគ្គិសនី ដោយផ្តោតទៅលើប្រព័ន្ធវិទ្យាស្វ័យប្រវត្តិ។ កញ្ញាបាននិយាយថា៖ «អគ្គិសនីចែកជា ៣ ផ្នែកហើយខ្ញុំជ្រើសរើសប្រព័ន្ធវិទ្យាស្វ័យប្រវត្តិគឺផ្តោតទៅលើចង្វាក់ផលិតកម្មភាគច្រើននៅក្នុងឧស្សាហកម្ម ខ្ញុំគិតថា មានទីផ្សារច្រើនដោយសារតែផ្នែកនេះប្រទេសយើងកំពុងអភិវឌ្ឍន៍ច្រើន អ៊ីចឹងយើងត្រូវការឧស្សាហកម្ម ដើម្បីផលិតបច្ចេកទេសថ្មីៗ និងសម្ភារនិយមថ្មី អ៊ីចឹងត្រូវការផ្នែកនេះដើម្បីពិនិត្យទៅលើចង្វាក់ផលិតកម្ម»។
បើតាមលោក អ៊ិត សំហេង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិត ជាង ២០ ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លីវែង និងការហ្វឹកហ្វឺនកូនជាងលើមុខជំនាញឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកទេស សិប្បកម្ម សេវាកម្មទេសចរណ៍ និងកសិកម្ម។
លោករដ្ឋមន្ត្រីបន្តទៀតថា មុនដំណាច់ឆ្នាំ ២០២០ ក្រសួងក៏បានដាក់ចេញនូវផែនការមេ សម្រាប់អភិវឌ្ឍគ្រឹះស្ថាន អប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដែលគ្រោងចំណាយថវិកាប្រមាណចំនួន ៤៩៣ លានដុល្លារ ដោយផ្ដោតលើការកសាង និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ការពង្រឹងសមត្ថភាពអ្នកដឹកនាំ ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ៕