
ក្រុមមន្ត្រីសង្គមស៊ីវិលដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១៦ មិថុនា ស្នើជួយជំរុញឱ្យមានការបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់ៗ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមអង្គការសង្គស៊ីវិលចំនួន ៣៣ ស្ថាប័ន ស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយជំរុញឱ្យ មានការបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ឱ្យបានឆាប់ ខណៈក្រសួងព័ត៌មាន ក៏អះអាងថាខ្លួនកំពុងពន្លឿនច្បាប់នេះ ហើយនឹងមានកិច្ចប្រជុំពិនិត្យបន្ថែមនៅសប្តាហ៍ក្រោយ។
មន្ត្រីសង្គមស៊ីវិលជាង ១០ នាក់ ដែលតំណាងឱ្យអង្គការសង្គមស៊ីវិលចំនួន ៣៣ ស្ថាប័ន នាព្រឹកថ្ងៃទី ១៦ មិថុនា បានដាក់លិខិតទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំការអន្តរាគមនពីនាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត»។
លិខិតលើកឡើងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញឆន្ទៈនាពេលកន្លងមក ជាពិសេសការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីជួបសំណះសំណាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំ ២០២០ ដោយបានជំរុញឱ្យក្រសួងព័ត៌មាន ពន្លឿនដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន»។
ក្នុងលិខិតបន្តថា៖ «ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបដ៏ខ្ពង់ខ្ពស់ហើយថា មកដល់ពេលបច្ចុប្បន្ននេះសេចក្តីព្រាងច្បាប់ ស្ដីពី "សិទ្ធិទទួលព័ត៌មាន" ហាក់ដូចជាមិនទាន់មានការវិវឌ្ឍជាវិជ្ជមាននៅឡើយ ចាប់តាំងពីបានបញ្ចប់សេចក្តីព្រាង នៅខែមករា ឆ្នាំ ២០១៨» ។
មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺ លោក គង់ ចំរើន បានចេញមកទទួលលិខិតនៅវេលាម៉ោងប្រមាណ ១០ ព្រឹក នាថ្ងៃដដែលនោះ ប៉ុន្តែពុំមានថ្លែងសារអ្វីនោះទេ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានថ្លែងថា ការដាក់លិខិតនាពេលនេះ ដើម្បីសម្តែងការគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០២០ ដែលបានជំរុញឱ្យពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់រហ័ស។
លោកថ្លែងថា៖ «ខុទ្ទកាល័យនាយករដ្ឋមន្រ្តីបានទទួលលិខិតនោះ ហើយលិខិតនោះបានចម្លងជូនក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ផងដែរ។ អ៊ីចឹងយើងសង្ឃឹមថា ធាតុចូលរបស់អង្គការសង្គមស៊ីវិល នឹងបានយកទៅពិនិត្យពិចារណាដាក់ទៅចូលក្នុងច្បាប់ និងពន្លឿនសេចក្តីព្រាងច្បាប់នេះផងដែរ»។
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា៖ «ហេតុអ្វីបានជាយើងជំរុញឱ្យពន្លឿនសេចក្តីព្រាងច្បាប់នាពេលនេះ គឺចង់បង្ហាញអំពីការគាំទ្ររបស់អង្គការសង្គមស៊ីវិលក៏ដូចជាបង្ហាញអំពីការគិតរបស់យើងថាច្បាប់នេះមានសារៈសំខាន់ ដែលអាចជួយសម្រួលដល់កំណែទម្រង់រដ្ឋាភិបាល ដើម្បីពង្រឹងនីតិរដ្ឋក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ជុំវិញសេចក្តីព្រាងច្បាប់នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានបញ្ចប់រួចរាល់ហើយ ក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ពាក់ព័ន្ធទៅនឹងជំពូកទោសបញ្ញត្តិ និងជំពូកមួយចំនួនផ្សេងទៀត។ លោកបន្តថាក្រសួងព័ត៌មាន ក៏កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ស្នើសុំក្នុងកិច្ចប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំនៃក្រសួងទាំង ២ ដើម្បីស្តាប់អនុសាសន៍ណែនាំ របស់ថ្នាក់ដឹកនាំ និងដាក់ស្នើសុំក្នុងសេចក្តីព្រាងច្បាប់នេះ ទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិទៅតាមនីតិវីធី។
លោកបញ្ជាក់ថា៖ «យើងគ្រោងនឹងរៀបចំកិច្ចប្រជុំមួយក្នុងកម្រិតក្រសួងព័ត៌មាននៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះ ហើយយើងនឹងរង់ចាំលទ្ធផលនៃកិច្ចប្រជុំ ដើម្បីបន្តអនុវត្តការងារទៅតាមស្មារតីអង្គប្រជុំក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន»។
លោកអះអាងថា សេចក្តីព្រាងច្បាប់នេះ មានការបើកយ៉ាងទូលំទូលាយ ឱ្យមានការចូលរួមពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើន ដើម្បីប្រមូលនូវធាតុចូល ក៏ដូចជាស្តាប់នូវមតិយោបល់ ដើម្បីបញ្ជូលទៅខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលធ្វើឱ្យសេចក្តីព្រាងច្បាប់នេះប្រើពេលច្រើន ក្នុងការពិគ្រោះយោបល់ ជាពិសេស ជួបញ្ហាវិបត្តិកូវីដ ១៩។
លោកថ្លែងថា៖ «ដោយសារវិបត្តិសកលនៃការរីករាលនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យស្ថាប័ននានាត្រូវអនុវត្តទៅតាមវិធានសុខាភិបាល។ អ៊ីចឹងហើយបានធ្វើឱ្យសេចក្តីព្រាងច្បាប់របស់យើងអូសបន្លាយពេលវេលាខ្លះ នៅក្នុងការបន្តដំណើរការរបស់ខ្លួន»។
សេចក្តីព្រាងច្បាប់់ស្តីពី “សិទ្ធិទទួលបានព័ត៌មាន” មាន ៩ជំពូក និង ៣៦ មាត្រា ត្រូវបានតាក់តែងឡើង ក្នុងគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មានពីស្ថាប័ន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
វីដេអូ៖