ភ្នំពេញៈ សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធជំនាន់ទី ៣៤ ប្រចាំឆ្នាំ ២០២២ ដែលមានចំនួន ២ វគ្គ ដោយក្នុងមួយវគ្គ ជ្រើសរើសសិក្ខាកាមចំនួន ៤០ នាក់ បន្ទាប់ពីបានខកខានអស់រយៈ ២ ឆ្នាំ កន្លងមក។
បើតាមសេចក្តីជូនដំណឹងពីសមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី ១៥ ខែមិថុនា បានឱ្យដឹងតាមគេហទំព័រផ្លូវការខ្លួនថា សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធ ចំនួន ២ វគ្គ ដែលក្នុងមួយវគ្គ ជ្រើសរើសសិក្ខាកាមចំនួន ៤០ នាក់។
វគ្គទី ១ សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ និងវគ្គទី ២ សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍។ វគ្គទាំងពីរចាប់ផ្ដើមសិក្សាពី ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ តទៅ នៅសហសាល រីម គីន ជាន់ទី ១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ដែលស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពខាងលើបន្តឱ្យដឹងពីលក្ខខណ្ឌ នៃការបណ្ដុះបណ្ដាលនេះថា វគ្គបណ្ដុះបណ្ដាលនីមួយៗ ចាំបាច់ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។ បេក្ខជនដែលប្រឡងជាប់ហើយ ត្រូវបណ្ដុះបណ្ដាលវគ្គទ្រឹស្ដីអក្សរសិល្ប៍ រយៈពេលយ៉ាងតិច ៣០ ម៉ោង ឬ ៤ សប្ដាហ៍ មុនបន្តទៅសិក្សាវគ្គជំនាញនិមួយៗ។
ប្រភពដដែលបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ អ្នកដែលចង់សិក្សា សូមចុះឈ្មោះពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ ទីកន្លែងទទួលពាក្យ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ អាសយដ្ឋានស្ថិត ក្នុងបរិវេណវត្តបទុមវតី ឬផ្ញើតាមប្រព័ន្ធ Email: Khmerwriterkwa@gmail.com ឬក៏ទាក់ទងតាមលេខទូរស័ព្ទ ០៩២ ៧៨ ៨៩ ៩០/ ០៨៩ ៨៥ ៦៧ ៦៤»។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ មានប្រសាសន៍ឱ្យដឹងបន្ថែមពីការខកខានបើកវគ្គបណ្តុះបណ្តាលចំនួន ២ (ឬ ២ ជំនាន់) នៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ និងការត្រៀមខ្លួនទុកជាមុនរបស់សមាគម ក្នុងការបណ្តុះបណ្តាលជំនាន់ទី ៣៤ ឆ្នាំ ២០២២ នេះថា៖ «រយៈពេលខកខាន ២ ឆ្នាំ ចុងក្រោយនេះ ដោយសារយើងស្ថិតនៅក្នុងដំណាក់កាលមួយនៃកសាងអគារថ្មីរបស់សមាគម និងដោយជួបនូវវិបត្តិជំងឺកូវីដ ១៩ ទើបខាងសមាគមយើងមិនបានបើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធដល់សិក្ខាកាម»។
ក្រោយពីមានភាពធូរស្រាលនៃវិបត្តិកូវីដ ១៩ មក គឺក្នុងឆ្នាំ ២០២២ នេះ សមាគមក៏សម្រេចបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ៣៤ នេះឡើង ខណៈការបើកវគ្គជំនាន់ទី ៣៣ បានបណ្តុះបណ្តាលក្នុងឆ្នាំ ២០១៩។
សិក្ខាកាម អាចនឹងទទួលបាននូវប្រធានបទសំខាន់ៗ សម្រាប់វគ្គសិក្សាវិជ្ជានិពន្ធនេះរួមមាន ការឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍ សិល្ប៍វិធីតែងនិពន្ធប្រលោមលោក កំណាព្យ រឿងខ្លី និងទំនុកចម្រៀង ក្រមសីលធម៌របស់អ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ ទស្សនវិជ្ជាក្នុងស្នាដៃនិពន្ធ វិធីសាស្ត្រសរសេរអត្ថបទភាពយន្ត វិធីសាស្ត្រសរសេរអត្ថបទវិទ្យា វណ្ណកថា និងសិក្សាកថា ជាដើម។
ចំពោះការសិក្សាវិញមាន២ វគ្គ (ពេល) គឺវគ្គសិក្សានៅថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ១៧.៣០ នាទី ដល់ ១៩.៣០ នាទី ឯវគ្គសិក្សានៅចុងសប្តាហ៍ ថ្ងៃ សៅរ៍-អាទិត្យ (ថ្ងៃសៅរ៍ ម៉ោង ១៣.០០ នាទី ដល់ ១៧.០០ នាទី និងថ្ងៃអាទិត្យ ពីម៉ោង៧.០០ នាទី ដល់ម៉ោង ១២.០០ ថ្ងៃត្រង់)។
ការសិក្សាទាំងអស់មានចំនួន ៤ វគ្គ ដោយថ្លៃសិក្សា ១ វគ្គ សិក្ខាកាមត្រូវបង់ថវិកាចំនួន ១០ ម៉ឺន រៀល (២៥ ដុល្លារ) ខណៈការធ្វើតេស្តចូលរៀនវិញ នឹងធ្វើនៅថ្ងៃទី ១ និងទី ២ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។
ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ពីជម្រើសចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធនេះ ផងដែរថា៖ «ក្នុងចំណោមការសិក្សាវិជ្ជានិពន្ធជំនាន់ទី៣៤ នេះ សរុបមានចំនួន ៤ វគ្គ (១ វគ្គ រៀន ១ ខែ) សិក្ខាកាម ក៏អាចជ្រើសរើសរៀនតាមវគ្គ ដែលខ្លួនស្រឡាញ់ចូលចិត្តបាន តែប្រការសំខាន់នោះ សិក្ខាកាមតម្រូវឱ្យរៀនវគ្គទី ១ ដោយខានពុំបាន ព្រោះនេះគឺជាវគ្គមូលដ្ឋាន សម្រាប់ការឈានបន្តទៅវគ្គផ្សេងៗ»។
លោក ព្រឿង ប្រណីត ក៏បានបង្ហើបពីការត្រៀមខ្លួនទុកជាមុន របស់សមាគមអ្នកនិពន្ធខ្មែរ ក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ៣៤ ឱ្យមានលក្ខណៈល្អប្រសើរជាងជំនាន់មុនៗដែរ ដោយសារមានរៀបចំធនធានអ្នកបណ្តុះបណ្តាល (គ្រូ) សម្ភារបង្ហាត់បង្រៀន និងកន្លែងរៀនរបស់សិក្ខាកាមជាមួយនឹងទីកន្លែងនៅអគារថ្មីរបស់សមាគម។
លោកថា៖ «សម្រាប់ជំនាន់នេះ យើងមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ មានសម្ភារបង្ហាត់បង្រៀនដូចជាសៀវភៅមេរៀន ឬប្លង់បង្រៀនបានរៀបចំជាមុនរួចស្រេច ហើយប្រការសំខាន់កន្លែងសិក្សារបស់សិក្ខាកាមល្អជាងមុនបន្តិច ដោយយើងបានបំពាក់ម៉ាស៊ីនត្រជាក់ ខណៈកន្លងមកយើងមានតែការបំពាក់កង្ហា។ ដូច្នេះយើងក៏សង្ឃឹមថា សិក្ខាកាមនៅជំនាន់នេះ នឹងរីករាយសប្បាយចិត្ត ក្នុងការសិក្សាវិជ្ជានិពន្ធ ហើយក៏នឹងអាចក្រេបយកនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដើម្បីទៅប្រកបជាមុខរបរជាអ្នកនិពន្ធតាមភាពជាក់ស្តែងផងដែរ»៕