ភ្នំពេញៈ ប្រទេសអាល្លឺម៉ង់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងរង់ចាំការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងក្នុងពេលអនាគត តាមរយៈការពិគ្រោះយោបល់នៃរដ្ឋាភិបាលទាំង ២ នាពេលខាងមុខក្នុងឆ្នាំនេះ។
នេះបើតាមលោកស្រី Angelika Stauder អនុប្រធានសហប្រតិបត្តិការ និងជាលេខាទី ១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ក្នុងពិធីប្រកាសបិទជាផ្លូវការកម្មវិធី «កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលសាធារណៈ» ហៅកាត់ជាភាសាអង់គ្លេសថា (DAR) នៅថ្ងៃទី ១៦ មិថុនាដែលជាកម្មវិធីកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់។
លោកស្រី AngelikaStauder ថ្លែងថា៖ «វាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលបានធ្វើជាសក្ខីភាពក្នុងការសា្តប់ និងមើលឃើញនូវសមិទ្ធផលសំខាន់ៗនៅក្នុងកិច្ចកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលសាធារណៈនៅកម្ពុជា»។
លោកស្រីបញ្ជាក់ថា៖ «ប្រទេសអាល្លឺម៉ង់បានធ្វើការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងកិច្ចការនេះ ជាច្រើនឆ្នាំមកហើយ ហើយយើងទន្ទឹងរង់ចាំការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងនាពេលអនាគតក្នុងអំឡុងពេលនៃការពិគ្រោះយោបល់នៃរដ្ឋាភិបាលទាំង ២ នាពេលខាងមុខក្នុងឆ្នាំនេះ...»។
យោងសេចក្ដីប្រកាសព័ត៌មានរួមនៃពិធីប្រកាសបិទកម្មវិធីនេះបានឱ្យដឹងថា កម្មវិធី DAR បានអនុវត្តដោយជីអាយហ្ស៊ឹត (GIZ) លេខាធិការដ្ឋាន គ.ជ.អ.ប. រួមជាមួយក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបងបានអនុវត្តកម្មវិធីនេះ ដោយទទួលបានការគាំទ្រថវិកាពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការរបស់អាល្លឺម៉ង់ (BMZ)។ កម្មវិធី DAR ត្រូវបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមេសា ឆ្នាំនេះ។
តាមរយៈកម្មវិធីនេះ GIZ បានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងស្រុកចំនួន ១៤ នៅខេត្តបាត់ដំបង ដើម្បីផ្ដល់សេវាដល់ពលរដ្ឋប្រកបដោយភាពសុខដុមនីយកម្ម តម្លាភាព និងគណនេយ្យភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បើតាមសេចក្ដីប្រកាសព័ត៌មាន សមិទ្ធផលសំខាន់ៗក្នុងការអនុវត្តកម្មវិធី DAR ត្រូវបានបង្ហាញដោយដៃគូពាក់ព័ន្ធនានា រួមមាន អភិបាលនៃគណៈអភិបាលស្រុកកំរៀង អភិបាលរងក្រុងបាត់ដំបងទទួលបន្ទុកសេវាសង្គម ប្រធានការិយាល័យច្រកចេញចូលតែ ១ ស្រុកបវេល និងប្រធានក្រុមប្រឹក្សាស្រុកបាណន់ ជាដើម។
សមិទ្ធផលសំខាន់ៗរួមមាន ទី១- ការរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០៣០) ដែលបានអនុម័តដោយរដ្ឋាភិបាលកម្ពុជាពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។ ទី២- ការរៀបចំសេចក្តីព្រាង និងការដាក់ឱ្យអនុវត្តសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលសម្រាប់ការិយាល័យច្រកចេញចូលតែ ១ របស់រដ្ឋបាលស្រុក ក្រុង ខណ្ឌ។ ទី៣- ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យានៅការិយាល័យច្រកចេញចូលតែ ១ ដល់រដ្ឋបាលស្រុក ក្រុង និងសង្កាត់។ តាមរយៈការងារនេះប្រជាពលរដ្ឋអាចស្វែងរកព័ត៌មាននៃការដាក់ពាក្យស្នើសុំរបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទដៃ (Mobile App: OWSM Cambodia)។ ទី៤- ការវិភាគអំពីយន្តការរបស់ការិយាល័យប្រជាពលរដ្ឋមានដូចជា អនុសាសន៍សម្រាប់ធ្វើឱ្យប្រសើរឡើងនូវការិយាល័យប្រជាពលរដ្ឋ ត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការ និងទី៥- ការរៀបចំការពិពណ៌នាអំពីមុខតំណែងសម្រាប់រដ្ឋបាលស្រុក-ក្រុង-ខណ្ឌ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
កម្មវិធី DAR នេះទទួលបានការគាំទ្រថវិកាពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការរបស់អាល្លឺម៉ង់ (BMZ) ដែលបានដំណើរការអនុវត្តចាប់ពីខែឧសភា ២០១៩ ដល់ខែមេសា ឆ្នាំ ២០២២ និងមានថវិកាសរុបចំនួន ៥,៤ លានអឺរ៉ូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោកចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានសម្ដែងសាទរចំពោះសមិទ្ធផលដែលកើតចេញពីការអនុវត្តកម្មវិធី DAR ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកគឺពីខែឧសភា ឆ្នាំ ២០១៩ រហូតដល់ខែមេសា ឆ្នាំនេះ។
លោកថា៖ «សូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធផ្សេងទៀតរបស់កម្មវិធី DAR ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នាក្នុងការអនុវត្តកម្មវិធី DAR ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក ទោះបីជាបានជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលអនុវត្តក៏ដោយ»៕