អង្គការសមាគមអភិរក្សសត្វព្រៃ WCS បង្ហាញរូបភាពសត្វរមាំងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា និងនៅលើពិភពលោក ខណៈ WCS ព្រួយបារម្ភថា បើគ្មានការអភិរក្សបន្ទាន់ទេសត្វប្រភេទនេះនឹងផុតពូជនៅកម្ពុជា។
អង្គការសមាគមអភិរក្សសត្វព្រៃ កាលនៅថ្ងៃទី ១៦ ខែមិថុនានេះ បានឱ្យដឹងថា សត្វរមាំងចំនួន ៣ ក្បាល ដែលថតបានជាលើកដំបូងដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពីសត្វប្រភេទនេះបានបាត់វត្តមាននៅក្នុងតំបន់នេះអស់រយៈពេលជិត ២០ ឆ្នាំ។
WCS បន្តថា រូបភាពសត្វរមាំងទាំងនោះ បង្ហាញអំពីសត្វរមាំងជំទង់ ៣ ក្បាល កំពុងដើររកចំណីនៅក្នុងព្រៃក្នុងអំឡុងខែមេសា ឆ្នាំ ២០២២។
សត្វរមាំង ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលមានដោយកម្របំផុតនៅកម្ពុជា ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងស្ទើរជិតផុតពូជ។ WCS បន្តថា រូបភាពទាំងនេះបានបញ្ជាក់ច្បាស់ថា សត្វរមាំងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅឡើយ។ កត្តាគំរាមកំហែងចំពោះសត្វរមាំងរួមមាន ការដាក់អន្ទាក់ ការប្រមាញ់ និងការបាត់បង់ទីជម្រក។
WCS ថា៖ «ប្រសិនបើគ្មានចំណាត់ការអភិរក្សបន្ទាន់ទេ សត្វរមាំងនៅកម្ពុជាទំនងជាអាចនឹងផុតពូជក្នុងពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែ វាមិនទាន់ហួសពេលនៅឡើយទេ ក្នុងការការពារសត្វរមាំងកុំឱ្យផុតពូជនៅកម្ពុជា»។
WCS បន្តថា ការពិចារណាលើការបង្កើតឱ្យមានកម្មវិធីបង្កាត់ពូជសត្វរមាំងនៅក្នុងមជ្ឈមណ្ឌលអាចជាជម្រើសមួយ ដើម្បីចូលរួមអភិរក្សសត្វប្រភេទនេះកុំឱ្យផុតពូជបាន៕