ក្រចេះ/ភ្នំពេញៈ សត្វក្តាន់សរុបចំនួនប្រមាណ ៨៤ ក្បាលដែលជាប្រភេទកម្រត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ ដែលនេះជាការផ្តល់ក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅកម្ពុជា និងពិភពលោក។ នេះបើយោងតាមក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមិថុនានេះ។
តាមរយៈរបាយការណ៍ស្រាវជ្រាវឆ្នាំ ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្រសួងបានបន្តថា លទ្ធផលនៃការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រកធម្មជាតិ។ អ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានថាសត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជារហូតដល់ឆ្នាំ ២០០៦ ទើបវាត្រូវបានគេរកឃើញវត្តមានឡើងវិញក្នុងខេត្តក្រចេះតាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានរៀបរាប់ថា៖ «អស់រយៈកាល ១៦ ឆ្នាំហើយបន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូងសម្រាប់ការអភិរក្សសត្វដ៏កម្រនៅលើពិភពលោកមួយប្រភេទនេះ»។
សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចម្ពាមដទៃទៀតណាស់។ ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះបានធ្វើឡើងដោយការពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ដែលវារស់នៅ។ ការស្រាវជ្រាវនេះបានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន អង្គការ WWF អង្គការ BINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថាក្រសួងបរិស្ថានមានសេចក្តីត្រេកអរ និងមានមោទនភាពជាខ្លាំងដែលធម្មជាតិនៃប្រទេសកម្ពុជាផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកលដូចជាសត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វានៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។ ដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយល្អប្រសើរ វាបានផ្តល់ឱកាសពេញលេញដល់ក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា ដើម្បីគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះក្នុងតំបន់នេះ ដែលក្នុងនោះធនធានធម្មជាតិត្រូវបានការពារ។
លោកបានបន្តថា៖ «រីឯប្រភេទសត្វមួយចំនួនបានកើនឡើង។ យើងចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតក្នុងការពារ និងអភិរក្សជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើង ដើម្បីជាប្រយោជន៍ដល់ការជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យប្រសើរឡើង ជាពិសេសតាមរយៈវិស័យទេសចរណ៍ធម្មជាតិ ក៏ដូចជាប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់កម្ពុជា និងសកលលោក»។
លោកក៏បានបន្ថែមផងដែរថា ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការ WWF បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សសត្វក្តាន់ដ៏កម្រនេះ តាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណា ធានាការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។
ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្ត្រជឿថាសត្វក្តាន់ប្រហែលបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម។
សត្វក្តាន់ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែលបណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថាលទ្ធផលស្រាវជ្រាវនាពេលនេះមិនត្រឹមតែបានធ្វើឱ្យកិតនាមរបស់កម្ពុជាលេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីសារៈសំខាន់ជាសកលនៃតំបន់ទេសភាពមេគង្គជាទីជម្រកដ៏សំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ។
លោកបានបញ្ជាក់ថា៖ «អង្គការ WWF សូមកោតសរសើរ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្រាវជ្រាវ និងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដើម្បីការពារតំបន់សត្វព្រៃទាំងនេះសម្រាប់ជាប្រយោជន៍របស់ធម្មជាតិ និងមនុស្សគ្រប់ជំនាន់»។
វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែមគឺចាំបាច់ណាស់ ដើម្បីធានាថាទីជម្រកចុងក្រោយរបស់សត្វក្តាន់ដ៏កម្រនេះគ្មានការគំរាមកំហែងដោយសកម្មភាពខុសច្បាប់ ពោលគឺគ្មានការដាក់អន្ទាក់ គ្មានការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងតំបន់។ ការស្តារចំនួន និងទីជម្រកសត្វក្តាន់ ព្រមទាំងការបន្តពង្រឹងជម្រើសជីវភាពរបស់សហគមន៍ក្នុងតំបន់គឺជាវិធានចាំបាច់ផងដែរដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមរៀបចំ និងអនុវត្ត។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដោយបោះបង់ចោលការបរបាញ់ និងដាក់អន្ទាក់ បញ្ឈប់ការទិញ ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់ជាប្រយោជន៍មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតទៅអនាគតយូរអង្វែង និងសម្រាប់ពង្រឹងការអភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន។
លោកស្រី អេង សុខន សមាជិកសហគមន៍ល្បាតស្ម័គ្រចិត្តនៅសហគមន៍ជ្រោយបន្ទាយនៃដែនជម្រកសត្វព្រៃព្រែកប្រសព្វបានរៀបរាប់ថាលោកស្រីមានមោទនភាពដែលសត្វកម្រដូចសត្វក្តាន់នៅតែមានក្នុងព្រៃធម្មជាតិក្នុងខេត្តក្រចេះ ហើយលោកស្រីបាននិងកំពុងចូលរួមក្នុងការល្បាតព្រៃ និងដោះអន្ទាក់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។
លោកស្រីថា៖ “ខ្ញុំក៏ដូចជាសមាជិកក្រុមល្បាតដទៃទៀតដែរមានចិត្តមោះមុតក្នុងការចូលរួម ការពារសត្វព្រៃ ចុះល្បាត ដោះអន្ទាក់ចេញពីព្រៃទីជម្រក ការពារព្រៃសម្រាប់ឱ្យសត្វជ្រកកោន ធ្វើយ៉ាងណាថែរក្សាសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត»។
ក្រុមអ្នកជំនាញស្រាវជ្រាវនឹងបន្តពង្រឹងទិន្នន័យវិទ្យាសាស្ត្រស្តីពីរបាយសត្វក្តាន់ឱ្យកាន់តែសុក្រិតថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូនជាមួយម៉ាស៊ីនថតប្រើកម្ដៅនៅទូទាំងដែនជម្រកទាំងមូល។
ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលជាទីជម្រកធម្មជាតិរបស់សត្វក្តាន់នេះ ស្ថិតក្រោមការសហការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន គាំទ្រដោយអង្គការ WWF និងចូលរួមដោយក្រុមល្បាតសហគមន៍។ បច្ចុប្បន្នក្រសួងបរិស្ថាន និងដៃគូនានាកំពុងរៀបចំយុទ្ធនាការណ៍អន្ទាក់សូន្យ ដើម្បីជួយសង្គ្រោះសត្វក្តាន់ និងសត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ ដោយមានគោលដៅលុបបំបាត់ ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់។
ក្រសួងបានថ្លែងអំណរគុណចំពោះការផ្តល់មូលនិធិ និងការគាំទ្រពី WWF បែលហ្ស៊ិក រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក (DGD) មូលនិធិភាពជាដៃគូប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (CEPF) ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ (SDC) និង Binco៕