ភ្នំពេញៈ ក្រសួង​សុខាភិបាល​ហាមឃាត់​ការ​ចែកចាយ ឬ​លក់ឱសថ Antipruritic Cream ដែល​ក្រសួង​ចាត់​ទុក​ថា គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា ឱសថ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Antipruritic Cream បាន​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​នេះ​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ចិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២។

ប្រភព​ដដែល​បន្ត​ថា តាម​ច្បាប់ គឺ​តម្រូវ​ឱ្យ​រាល់​ការ​ចរាចរ​ឱសថ ឬ​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ត្រូវ​មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ពី​ក្រសួង​សុខាភិបាល ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នេះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់​ថា៖ «ដើម្បី​ចៀសវាង​ការ​ខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់ ឱសថ​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ចិកា ពី​ក្រសួង​សុខាភិបាល​ខាង​លើ​ជា​បន្ត​ទៀត ព្រោះ​ផលិតផល​នេះ គ្មាន​ប្រភព​ច្បាស់​លាស់ ដែល​មិន​អាច​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​បាន​ឡើយ»។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្រសួង​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​និង​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​នេះ​ទៅ​តាម​ច្បាប់៕