ភ្នំពេញៈ អង្គការ​អុកស្វាម​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបិទ​បញ្ចប់​យុទ្ធនាការ "​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​" នៅ​ថ្ងៃទី ២៣ ខែមិថុនា​នេះ​នៅ​ការិយាល័យ​អង្គការ អុកស្វាម​កម្ពុជា ក្រោយពី​យុទ្ធនាការ​តាម​ដង​ទន្លេមេគង្គ​មួយ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១០ មីនា​កន្លងមក​។

យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ភាព​សម្បូរបែប​នៃ​អាង​ទន្លេមេគង្គ និង​សារៈសំខាន់​របស់​ទន្លេ​នេះ​ចំពោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។ សន្និសីទ​សារព័ត៌មាន​នឹង​មាន​ការចូលរួម​ចែករំលែក​ពី​វាគ្មិន​របស់​យើង​រួមមាន លោក​ អ៊ួន បាឋម ហៅ​ សាយ ដែលជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​យុទ្ធនាការ​យើង សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​អង្គការ​អុកស្វាម​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អុកស្វាម​នេះ​ថ្ងៃទី​ ១៧ ​ខែមិថុនា​នេះ​។

យុទ្ធនាការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការងារ​របស់​អង្គការ​អុកស្វាម ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​ងាយ​រងគ្រោះ​តាម​តំបន់​ទន្លេមេគង្គ ដែល​រង​ផលប៉ះពាល់​ដោយ​ការផ្លាស់ប្តូរ​លំហូរ​ទឹក និង​ការកើនឡើង​នៃ​ការ​គំរាម​ដល់​សន្តិសុខ​ស្បៀង​។

អង្គការ​អុកស្វាម​បាន​លើកឡើង​ថា ទន្លេមេគង្គ គឺជា​បេះដូង​របស់​ទ្វីបអាស៊ី​អាគ្នេយ៍​។ ទន្លេ​នេះ​មាន​ប្រវែង​ជាង ៤ 000 គីឡូម៉ែត្រ​ហើយ​ហូរ​កាត់ ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ ​ទន្លេមេគង្គ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្គត់ផ្គង់​សេដ្ឋកិច្ច​ផ្តល់​ឱកាស​ឱ្យមាន​ទេសចរណ៍​តាមបែប​ធម្មជាតិ និង​ផ្តល់​តម្រូវការ​ថាមពល​នៅក្នុង​តំបន់​។ ទោះយ៉ាងណា​ទន្លេ​នេះ​បាននិងកំពុង​តែ​ទទួលរង​នូវ​ការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ហើយ​នៅតែ​បន្ត​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ដល់​សហគមន៍ ដែល​មាន​ប្រជាជន​យ៉ាង​ហោចណាស់​ ៧០ ​លាន​នាក់​កំពុង​អាស្រ័យផល​លើទឹក​ទន្លេ​ដ៏មាន​សក្តានុពល​នេះ​។

ផលប៉ះពាល់​សំខាន់ៗ​ទាំងនោះ​អាច​កើនឡើង​នៅក្នុង​បរិបទ​ផ្សេងៗ​គ្នា ដូចជា​លទ្ធភាព​ក្នុង​ការទទួល​បាន​ការថែទាំ​សុខភាព ការអប់រំ លំនៅឋាន​សមរម្យ ការគំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​នៃ​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត ដែល​បរិបទ​ទាំងនេះ​នឹង​ឆ្លើយតប​មកវិញ​ជាមួយ​នឹង​ភាពក្រីក្រ​ដ៏រ៉ាំរ៉ៃ​៕