ភ្នំពេញៈ រដ្ឋមន្ត្រីការទេស អាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា «ដែលមានអត្ថន័យ ប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
ការព្រមព្រៀងនេះធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ឥណ្ឌា កាលពីថ្ងៃទី១៦ ខែមិថុនា នៅទីក្រុង ញូវដែលី ប្រទេសឥណ្ឌា ដែលកិច្ចប្រជុំពិសេសនេះក៏មានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ចំពោះទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង អាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រីការបរទេស អាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ឥណ្ឌា ដែលមានអត្ថន័យ ប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយពិចារណាលើសក្តានុពលដ៏ធំនៃទំនាក់ទំនងដែលកំពុងបន្តរីកចម្រើន»។
ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានទទួលស្គាល់សមិទ្ធផលជាច្រើនដែលសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការ «ប្រកបដោយផ្លែផ្កា» ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ អាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។
បន្ទាប់ពីកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេស អាស៊ាន-ឥណ្ឌា លោក ប្រាក់ សុខុន បានចូលរួមក្នុងកិច្ចសន្ទនាលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយបានពិភាក្សាអំពីសក្តានុពលនានានៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗដល់ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ការថែទាំសុខភាព ការតភ្ជាប់ឌីជីថល ទំនាក់ទំនងវប្បធម៌ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ខ្សែច្រវ៉ាក់តម្លៃសកលនិងតំបន់ដែលមានភាពធន់ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល និងសកម្មភាពអាកាសធាតុ និងការខិតខំស្តារឡើងវិញពីជំងឺកូវីដ១៩៕