ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែកក្កដា នៅខេត្តសៀមរាប ក្រោមប្រធានបទ «ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន»។
ក្រសួងការងារបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះថា៖ «នេះជាឆ្នាំទី១៧ ហើយ ដែលក្រសួងការងារប្រារព្ធទិវាពិភពលោកដើម្បី សុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ និងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ ព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធ អង្គការនិយោជក និងអង្គការកម្មករនិយោជិត»។
ប្រភពដដែលបន្តថា ទិវានេះ នឹងមានការចូលរួមជាអធិបតីភាពពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្នាក់ដឹកនាំក្រសួងការងារ តំណាងអង្គការអន្តរជាតិខាងការងារ តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តំណាងនិយោជក និងសហជីព ព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករនិយោជិតសរុបចំនួន ៧០០នាក់៕