ភ្នំពេញៈ សារមន្ទីរជាតិទីក្រុងភ្នំពេញ មិនទាន់ទទួលបានការកំណត់ពេលវេលាជាក់លាក់ ក្នុងការធ្វើពិធីប្រគល់-ទទួលវត្ថុបុរាណចំនួន ២៧ រូប ដែលទើបទទួលបានកាលពីថ្ងៃទី ១៥ ខែមិថុនាទេ ខណៈកំពុងពិនិត្យមើលស្ថានភាពក្នុងចន្លោះពេលបច្ចុប្បន្ន ក្រែងលោកអាចមានវត្ថុបុរាណផ្សេងទៀតនឹងត្រឡប់មកកម្ពុជាវិញថែមទៀត។ នេះបើតាមលោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ។
បា្រប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ មិថុនា លោកឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌បញ្ជាក់ថា ការរៀបចំពិធីប្រគល់-ទទួលវត្ថុបុរាណចំនួន ២៧ រូប ដែលទើបទទួលបាននោះ មិនទាន់ដឹងពេលវេលាជាក់លាក់នៅឡើយទេ ព្រោះក្រសួងវប្បធម៌កំពុងរង់ចាំសេចក្តីសម្រេចពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ រីឯការរៀបចំពិព័រណ៌អចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍ ក៏នៅមិនទាន់បានគិតគូរជាក់លាក់ដែរ ព្រោះរឿងនេះអាចរៀបចំទៅបានលុះត្រាតែមានពិធីប្រគល់-ទទួលជាមុនសិន។
លោកថ្លែងថា៖ «អ្វីដែលសំខាន់ គឺយើងកំពុងពិនិត្យមើលទីតាំងក្នុងការរៀបចំ [ពិព័រណ៌] ដោយសារសារមន្ទីរតូច យើងត្រូវការលៃលកមើលទីតំាងក្នុងសារមន្ទីរហ្នឹង កន្លែងណាដែលយើងអាចនឹងធ្វើការរៀបចំបង្ហាញបាន។ យើងមិនទាន់ដាច់ស្រេចថា តើរូបទាំងអស់ហ្នឹង យើងត្រូវតែបង្ហាញទាំងអស់ ឬយ៉ាងម៉េចទេ ព្រោះនៅទីតាំងផ្ទាល់យើងពិបាកបង្ហាញទាំងអស់»។
លោកប្រធាននាយកដ្ឋានសារមន្ទីរជាតិបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២១ មានវត្ថុបុរាណចំនួន ៥ ២៤០ ត្រូវបានប្រគល់ជូន និងរក្សាទុកនៅសារមន្ទីរជាតិ ហើយការប្រគល់ជូនមកវិញទាំងនោះបានមកពីក្នុងស្រុក និងក្រៅប្រទេស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១៧ ខែមិថុនា បានឱ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧ រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជានៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២។ ការបញ្ជូនមកនេះ ដោយអនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កម្រិតហាមប្រាម នូវការនាំចូលលើប្រភេទ នៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ ម៉ានហាថានក្រុងញូវយ៉ក។
បើតាមសេចក្តីប្រកាស ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង ២៧ រូបនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សម្អាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក។ ជាពិសេស ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងក្រសួង ស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ លោក Bradley J Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ជូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។
លោកស្រីបញ្ជាក់ថា៖ «សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្រ របស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម និងអសន្តិសុខកន្លងមក»។
ជាមួយគ្នានោះលោកស្រីក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការនិងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ៕