ភ្នំពេញៈ សមាជិក និង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​ចំនួន ​២ ​រូប​បាន​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ពាក់ព័ន្ធ​ការលើកឡើង​ថា ការបោះឆ្នោត​ដែល​បានបញ្ចប់​ទៅ​ថ្មីៗ​នេះ មាន​ការទិញ និង​លួច​សន្លឹកឆ្នោត ដែល​មិន​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។

លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង​លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បាន​ដាក់​ពាក្យ​ប្តឹង​លោក សុន ឆ័យ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ស្នើឱ្យ​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។

នៅក្នុង​ពាក្យបណ្តឹង​ដែល​ដាក់ចូល​ទៅកាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២២ បានឱ្យ​ដឹងថា​៖ «​ប្ដឹង​ឈ្មោះ សុនឆ័យ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ​ ១៩៥៦ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​ផ្ទះលេខ​ ៤០ ផ្លូវ​លេខ​ ៥៦៨ ភូមិ ​២ សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌ​ទួលគោក​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ០៧ ខែមិថុនា ឆ្នាំ​ ២០២២ ​ក្នុង​កម្មវិធី​នៃ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អនឡាញ IDEA TALK នៃ​សារព័ត៌មាន Cambodia Daily»​។ ពាក្យបណ្តឹង​បាន​រៀបរាប់​អំពី​អង្គហេតុ​ថា កាលពី​ថ្ងៃ​ទី​ ០៧ ខែមិថុនា ឆ្នាំ​ ២០២២ ក្នុងពេល​សម្ភាស​នៅ​នាទី ១០:២៣ ដល់​នាទី ១០:៣១ ឈ្មោះ​ សុន ឆ័យ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ឈ្មោះ​តាំង សារ៉ាដា ដោយ​មាន​ខ្លឹមសារ​ថា «...​លទ្ធផល​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ វា​មាន​ការបំភ័យ​​វា​មាន​ការទិញ វា​មាន​ការ​លួច​បាន​នៅសល់​ប៉ុណ្ណឹង​...»​។ នៅ​នាទី ១៣:២៤ ដល់ ១៣:៣៣ លោក​ សុន ឆ័យ ​បាន​និយាយ​ទៀត​ថា​៖ «...​យើង​មិន​ចង់​ប្រៀបធៀប​ដូច​ចោរលួច​គោ​ទេ ដូច​យើង​និយាយ​អ៊ីចឹង ចោរលួច​គោ បើ​វា​លួច​គោ​ ៣ ​ហើយ យើង​ម៉េច​មិនឱ្យ​វា​លួច​ទាំង​ ៥​ ទៅ​»​។ នៅ​នាទី ១៤:២២ ដល់​នាទី ១៤:៥៥ លោក សុន ឆ័យ បន្តថា​៖ «...​មិនមែន​គណបក្ស​ប្រឆាំង​ឡាំប៉ា​នោះទេ ចេះតែ​និយាយ​នោះទេ គេ​មាន​បច្ចេកទេស គេ​មាន​ភ័ស្តុតាង គេ​មាន​ប្រធានភូមិ​នៅ​ណា កត់​អ្វីខ្លះ ទាហាន​នៅត្រង់​ណា ក្បែរ​កន្លែង​បោះឆ្នោត​ហ្នឹង​យក​ទាហាន​ឱ្យ​ដើរ​គគ្រឹកគគ្រេង ទាំង​យប់​ហ្នឹង ធ្វើ​អ្វីខ្លះ​ហ្នឹង ស្អីៗ​ហ្នឹង​គេ​ដឹង ដូច្នេះ​ខ្ញុំ​ថា វា​អត់​ត្រឹមត្រូវ អត់​យុត្តិធម៌ គ.ជ.ប មិន​ឯករាជ្យ​ហើយ​លទ្ធផល​វា​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេ​»​។

ក្នុង​ពាក្យបណ្តឹង​បន្តថា ផ្អែក​តាម​ខ្លឹមសារ​ដែល​បាន​ឆ្លើយ​ក្នុង​កិច្ចសម្ភាសន៍​ខាងលើ​ឈ្មោះ សុន ឆ័យ បាន​ចោទប្រកាន់​បំភ្លៃ​ខុសពី​ការពិត​ថា «...​លទ្ធផល​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​...​វា​មាន​ការលួច​...​ចោរលួច​គោ​អស់​ ៣ នៅសល់ ២ យើង​ឱ្យ​ចោរ​មក​លួច ២ ​ទៀត មាន​អ្នកណា​ធ្វើ​បែប​ហ្នឹង​កើត ...​វា​អត់​ត្រឹមត្រូវ អត់​យុត្តិធម៌ គ.ជ.ប មិន​ឯករាជ្យ​...»​។

គជប យល់ថា ការលើកឡើង​ទាំងនេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ដែល​ត្រូវបំពេញ​ភារកិច្ច​ការងារ​ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​។

ពាក្យបណ្តឹង​របស់​តំណាង គ.ជ.ប ស្នើឱ្យ​តុលាការ ផ្ដន្ទាទោស​ឈ្មោះ សុន ឆ័យ ពី​បទបរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បញ្ញត្តិ​មាត្រា​ ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ធ្វើលិខិត​សុំទោស គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

លោក សុន ឆ័យ ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​ ដោយសារ​តែ​លោក​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ ស៊ីថា យល់ថា ពាក្យ​បណ្តឹង​ដែល​ផ្តើម​ដោយ គជប គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​ស្ថាប័ន គជប ត្រូវ​ធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​។ លោក​ថា​៖ «​ដូច្នេះ គជប ប្រៀប​បាន​ដូច​អាជ្ញាកណ្តាល សម្រាប់​កាត់ក្តី​ដល់​ពេល​ការប្រកួត​ប្រជែង​ការបោះឆ្នោត គ្រាន់តែ​លើកឡើង​ពី​បញ្ហា​ភាពមិន​ប្រក្រតី​វា​ទៅជា​រឿង​ប្តឹងផ្ដល់ ហើយ​ស្ថាប័ន​ណា​មិន​ប្តឹង​ទៅជា គជប ប្តឹង​វិញ អ៊ីចឹង​ចប់​បាត់​ហើយ ជាធម្មតា​ការមិន​ពេញចិត្ត​អ្វីមួយ​យើង​ត្រូវ​លើក​ឡើងជា​យោបល់​»​។ លោក​បន្តថា គជប គួរ​ចេញ​សេចក្តី​ថ្លែងការណ៍ ឬ​ច្រានចោល​រាល់​ការលើក​ទាំងនោះ ដើម្បី​បញ្ជាក់​ភាពស្អាតស្អំ ឬ​ការពារ​គោលជំហរ​របស់ខ្លួន​។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​លោក​ សំ គន្ធាមី មាន​ប្រសាសន៍​ថា ជាធម្មតា​ការរៀបចំ​បោះឆ្នោត​ទូទាំង​ប្រទេស​អាច​នឹងមាន​កំហុស ឬ​មាន​ភាពមិន​ប្រក្រតី​តិចតួច ហើយ​គណបក្ស​ដែល​ចូលរួម​ប្រកួត​ប្រជែង​គេ​នឹង​ធ្វើការ​រិះគន់​ទៅលើ​ចំណុច​ខ្វះខាត​។ យ៉ាងណា​មិញ​លោក​យល់ថា គជប ក្នុងនាម​ជា​សមត្ថកិច្ច​ដែល​ធ្វើ​ការងារ​ទៅលើ​កិច្ចការ​បោះឆ្នោត​មិនគួរ​យក​វិធីសាស្ត្រ​ប្តឹងទៅ​តុលាការ​នោះទេ គួរតែ​ហៅ​បុគ្គល​នោះ មកជួប​ពិភាក្សា​គ្នា និង​ពន្យល់​គ្នា​ទៅវិញ​ទៅមក​ល្អ​ជាង​។

លោក​ថា​៖ «​គជប ជា​សមត្ថកិច្ច​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ធម្មតា​ធ្វើទៅ​តែងតែ​មាន​ភាពមិនប្រក្រតី​ខ្លះ គេ​តែងតែ​លើកឡើង និង​រិះគន់​ហើយ អ៊ីចឹង​ក្នុងនាម​យើង​ជា​សមត្ថកិច្ច​ក្នុង​រឿងនេះ​មិនគួរ​ប្តឹង​ទេ យើង​ជា​សមត្ថកិច្ច​ខាង​ហ្នឹង​ស្រាប់​ហើយ ដល់ពេល​យើង​ប្តឹង គេ​ម៉េច​ហ៊ាន​រិះគន់​ទៀត​»​។

លោក សោម សូរីដា អ្នក​នាំពាក្យ គជប និង​ជា​អ្នក​ដើមបណ្តឹង មាន​ប្រសាសន៍​ថា ការប្តឹង​នេះ​មិនមែន​អនុលោម​ទៅតាម​ច្បាប់​របស់ គជប នោះទេ ប៉ុន្តែ​ជា​បណ្តឹង​ដើម្បី​ប្រឆាំងនឹង​បុគ្គល​ដែល​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ ចំពោះ​ស្ថាប័ន​ជាតិ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។

លោក​ថា​៖ «​ក្នុងនាម​ជា​ស្ថាប័ន​ជាតិ​មួយ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ត្រូវបាន​បុគ្គល​ប្រមាថ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ អ៊ីចឹង​កិច្ចការ​នេះ គឺជា​កិច្ចការ​មួយ​ដែល​យើង​មិន​យោង​ទៅតាម​ច្បាប់​បោះឆ្នោត ដែល គជប ត្រូវគោរព និង​អនុវត្ត​ជាទូទៅ​នោះទេ ប៉ុន្តែ​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ​យោង​ទៅ​តាម​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​អំពី​ការប្រមាថ​ជា​សាធារណៈ​នេះ​»​។

លោក​បាន​បន្តថា អ៊ីចឹង​ទេ​បើសិន​ជា គជប មិន​ប្តឹង​នោះ​មាន​ន័យថា គជប ទទួល​នូវ​អ្វីដែល​ជាការ​ចោទប្រកាន់​របស់​បុគ្គល សុន ឆ័យ មកលើ​ស្ថាប័ន គជប ថា ជា​ស្ថាប័ន​លួច​សន្លឹកឆ្នោត «​អ៊ីចឹង​ករណីនេះ​ត្រូវតែ​មាន​ការប្តឹង ដើម្បី​ដាក់ទោស​បុគ្គល​ដែល​ប្រមាថ​ស្ថាប័ន​ជាតិ​»​។

គ.ជ.ប បាន​ឱ្យដឹងថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណតិ្ត​ទី​ ៥ កាលពី​ថ្ងៃទី​ ៥ ខែមិថុនា កន្លងទៅ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០,១៩ ​ភាគរយ​បាន​ទៅ​បោះឆ្នោត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ៩,២​ លាន​នាក់​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​។ ក្នុងនោះ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កាន់អំណាច​ទទួល​បាន​សំឡេង​នាំមុខគេ​លើសលប់​នៅ​គ្រប់​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ហើយ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា​៕