
លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការស្តីទីនៃអាជ្ញាធរមីន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្របានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅសណ្ឋាគារ Hyatt Regency ស្តីពីគម្រោងភូមិគ្មានមីន ក្នុងខេត្តកោះកុង។ រូបថត CMAA
ភ្នំពេញៈ អាជ្ញាធរមីន និង ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងផលប៉ះពាល់រហ័សទាក់ទងនឹងគម្រោង "ភូមិគ្មានមីន ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា" នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា គម្រោងនេះគ្របដណ្ដប់លើភូមិចំនួន ៤ គឺ ភូមិតាំកន ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ដែលមានផ្ទៃដីសរុបប្រមាណ ១៨៥ គីឡូម៉ែត្រការ៉េ។ ជាមួយនឹងការគាំទ្ររបស់ឥណ្ឌាចំពោះគម្រោងនេះ នឹងជួយដោយផ្ទាល់ដល់ការរស់នៅរបស់ប្រជាជនជិត ៨ ០០០ នាក់ ដែលក្នុងនោះ ៤ ០០០ នាក់ជាស្ត្រី និងកុមារ។ ជួយដោយប្រយោល ដល់ការរស់នៅ របស់ប្រជាជន ៥ ១០០ នាក់ផ្សេងទៀត ដែលរស់នៅក្នុងឃុំដែលរងផលប៉ះពាល់ដោយសារមីន។
លោកបន្តថា ប្រជាជនឥណ្ឌាអាចមានមោទនភាពចំពោះអ្វីដែលពួកគេធ្វើដើម្បីកុមារកម្ពុជាអាចទៅសាលារៀនដោយគ្មានការភ័យខ្លាច គ្រួសារអាចដាំបាយដោយសុវត្ថិភាព ឪពុកម្តាយត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពជួបកូនៗរបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំមិនអាចលាក់បាំងអារម្មណ៍របស់ខ្ញុំបានទេ ប៉ុន្តែសូមទទួលស្គាល់ថា នេះគឺជាពេលវេលាដ៏រំភើបមួយ នៅពេលដែលប្រទេសឥណ្ឌា ដែលជាមិត្តដ៏ពិសេសរបស់យើងដែលតាំងពីយូរយារណាស់មកហើយ បានចូលរួមជា មួយយើងក្នុងដំណើរ ឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីនឆ្នាំ ២០២៥ »។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងទៀតថា ដំណើរការនេះ កំពុងលុបបំបាត់ការគំរាមកំហែងទាំងអស់នៅក្នុងភូមិដែលមិនត្រឹមតែជួយ សង្គ្រោះ អាយុជីវិតរបស់អ្នកទទួលផលផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យជីវភាពអ្នកភូមិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង តែប្រសិនបើមានការគំរាមកំហែងនៅតែមាន វានឹងរារាំងដល់វឌ្ឍនភាពនៅក្នុងភូមិ។
លោកបញ្ជាក់ថា កោះកុងជាខេត្តជាប់មាត់សមុទ្រនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដី ១០ ៩៩០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនចំនួន ១២៥ ៩០២ នាក់។ ខេត្តនេះមានភូមិចំនួន ១៣៣ ដែលមានគោលដៅទេសចរណ៍ជាច្រើន និងសកម្មភាពអភិវឌ្ឍន៍កសិកម្ម រួមទាំងចម្ការម្រេច និងស្វាយផងដែរ ក្នុងនោះមាន ២៨ ភូមិដែលមានមីន។
លោក Rajkumar Ranjan Singh រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាថ្លែងថា រដ្ឋាភិបាលឥណ្ឌាបានដឹងអំពីផលប៉ះពាល់ដ៏អាក្រក់នៃគ្រាប់មីនមកលើជីវិតប្រជាជនកម្ពុជា ហើយឥណ្ឌាបានគាំទ្រកម្ពុជាជាប្រចាំក្នុងប្រតិបត្តិការដោះមីន និងចូលរួមចំណែកដល់អង្គការ អ៊ុនតាក់ (United Nations Tansitional Authority in Cambodia) ជំនួយក្នុងការបោសសម្អាតមីន រួមទាំងកម្មវិធីបណ្តុះបណ្តាល និងការយល់ដឹងអំពីមីនក្នុងឆ្នាំ ១៩៩២-១៩៩៣។
លោកថ្លែងថា៖ «យើងក៏បានផ្តល់ការបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទក្នុងប្រតិបត្តិការដោះមីនផងដែរ។ អ្នកជំនាញរបស់យើងមក កម្ពុជាជាទៀងទាត់ចាប់តាំងពីឆ្នាំ ២០០៨ ដើម្បីធ្វើការជាមួយ និងបង្កើនជំនាញរបស់មន្ត្រីកម្ពុជា»។
លោកបន្តថា ឥណ្ឌាក៏បានផ្តល់ឆ្កែរាវរក IED ចំនួន 15 ក្បាល ដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រាម (NPMEC) ក្នុងឆ្នាំ ២០១៦ ហើយកំពុងដំណើរការផ្តល់អំណោយដល់សត្វឆ្កែចំនួន ៤ បន្ថែមទៀត ក្នុង ពេលឆាប់ៗនេះ។ រដ្ឋាភិបាលឥណ្ឌា ក៏បានផ្តល់ជំនួយឥតសំណងចំនួន ១,៥ លានដុល្លារអាមេរិក សម្រាប់ លទ្ធកម្មឧបករណ៍ ដោះមីនដល់កងយោធពលខេមរភូមិន្ទផងដែរ។
លោកថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលឥឡូវនេះយើងកំពុងធ្វើការជាមួយ CMAA ក្រោមគម្រោងទាក់ទងនឹងការបង្កើតភូមិគ្មានមីនចំនួន ៤ ក្នុងខេត្តកោះកុង ក្នុងជំនួយទឹកប្រាក់ ៤៩ ៥៥៤ ដុល្លារអាមេរិក ហើយវានឹងផ្តល់អត្ថប្រយោជន៍ ដោយផ្ទាល់ ដល់ប្រជាជនជិត ៨ ០០០ នាក់ ដែលរស់នៅក្នុងភូមិទាំងនេះ»។
លោកបញ្ជាក់ថា គម្រោងនេះមានគោលបំណងកំណត់អត្តសញ្ញាណ និងការដកយកចេញនូវគ្រាប់មីន និងជាតិផ្ទុះដែលនៅសេសសល់ពីសង្គ្រាម។ ឥណ្ឌាក៏កំពុងធ្វើការជាមួយ CMAA កម្ពុជា ដើម្បី កំណត់ផ្នែកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងការដោះមីន និងសកម្មភាពកម្ចាត់មីនដោយរីករាយក្នុងការរួមចំណែកឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងទិសដៅនេះ៕