ភ្នំពេញៈ យោងតាមលទ្ធផលបឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ ប្រៀបធៀបនឹងលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០១៤ អត្រាមរណភាពមាតា ទារក និងកុមារនៅប្រទេសកម្ពុជា មានការថយចុះច្រើនគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍សូចនាករស្នូលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ឱ្យដឹងថា សម្រាប់អត្រាមរណភាពមាតាបានថយចុះពី ១៧០ នាក់ មកនៅ ១៥៤ នាក់ នៅឆ្នាំ ២០១៤ ក្នុងចំណោមទារកកើតរស់ ១០០ ០០០ នាក់ នៅឆ្នាំ ២០២១-២០២២។
របាយការណ៍បញ្ជាក់ថា៖ «ការប៉ាន់ស្មាននៃអនុបាទមរណភាពមាតា (MMR) រវាងឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២១-២០២២ មាន ១៥៤ នាក់ ក្នុងចំណោម ១០០ ០០០ កំណើតរស់។ មានន័យថា ០,០០៤ នៃមាតាប្រឈមនឹងការស្លាប់ពេញ ១ ជីវិត ឬអាចនិយាយបានថា ស្ត្រីមាន ៤ នាក់ក្នុងចំណោមស្ត្រី ១ ០០០ នាក់ជាមរណភាពមាតា»។
ការថែទាំសុខភាពមាតាបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល មានសារៈសំខាន់ សម្រាប់សុខភាពម្តាយ និងទារក និងកាត់បន្ថយ ការមានជំងឺ និងហានិភ័យមរណភាពមាតា និងកុមារអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។
ប្រភពដដែលបញ្ជាក់ថា៖ «ស្ត្រីស្ទើរតែទាំងអស់ ជិត ៩៩% បានទទួលការថែទាំផ្ទៃពោះ មុនសម្រាលពីគ្រូពេទ្យជំនាញដែលបានផ្តល់កំណើតរស់ និង/ឬកូនស្លាប់កើតក្នុងរយៈពេល ២ ឆ្នាំមុនអង្កេត។ ជារួមប្រមាណជា ៨៦% នៃស្ត្រីដែលបានទទួលការថែទាំផ្ទៃពោះមុនសម្រាលចំនួន ៤ ដង ឬច្រើនដង សម្រាប់កំណើតរស់ ឬកូនស្លាប់កើតថ្មីៗបំផុត ហើយប្រមាណជា ៩៨% នៃស្ត្រីដែលបានលេបថ្នាំជាតិដែកជំនួយក្នុងអំឡុងពេលមានផ្ទៃពោះថ្មីៗបំផុត»។
បើតាមលទ្ធផលបឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជានេះ ភាគរយស្ត្រីបានទទួលការថែទាំផ្ទៃពោះ សម្រាប់កំណើតរស់ ឬកូនស្លាប់កើតថ្មីៗបំផុត ២ ឆ្នាំ មុនអង្កេតបានកើនឡើង ពី ៣៩% នៅឆ្នាំ ២០០០ ដល់ ៩៩% ក្នុងឆ្នាំ ២០២១-២០២២។ ភាគរយស្ត្រីដែលបានទទួលការថែទាំផ្ទៃពោះមុនសម្រាលចំនួន ៤ ដង ឬច្រើនដងបានកើនឡើងពី ៩% នៅឆ្នាំ ២០០០ ដល់ ៨៦% ក្នុងឆ្នាំ ២០២១-២០២២។
ជាមួយគ្នានេះ សម្រាប់អត្រាមរណភាពទារកក៏បានថយចុះពី ១៨ នាក់នៅឆ្នាំ ២០១៤ មកនៅ ៨ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់នៅឆ្នាំ ២០២១-២០២២ ខណៈអត្រាមរណភាពកុមារ អាយុក្រោម ១ ឆ្នាំ បានថយចុះពី ២៨ នាក់ នៅឆ្នាំ ២០១៤ មកនៅ ១២ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់នៅឆ្នាំ ២០២១-២០២២។ ចំណែក អត្រាមរណភាពកុមារ អាយុក្រោម ៥ ឆ្នាំ បានថយចុះពី ៣៥ នាក់ នៅឆ្នាំ ២០១៤ មកនៅ ១៦ នាក់ ក្នុងចំណោមទារកកើតរស់ ១ ០០០ នាក់ នៅឆ្នាំ ២០២១-២០២២។
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ មិថុនាថា អត្រាថយចុះនៃមរណភាពមាតា ទារក និងកុមារ ដោយសារការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញចាប់តាំងពីស្ត្រីចាប់ផ្តើមមានកូន ការសម្រាល និងការថែទាំរហូតដល់អាយុ ២ ឆ្នាំ។
លោកប្រាប់ថា៖ «នៅពេលដែលគាត់សម្រាលកូន គឺគាត់មានការសម្រាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលមានជំនាញ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ហើយយើងលែងឱ្យមានឆ្មបបុរាណសម្រាលកូនទៀតហើយ។ ប៉ុន្តែបានប្រែក្លាយពួកគាត់ [ឆ្មបបុរាណ] ទៅជាភ្នាក់ងារបញ្ជូនវិញ ដោយយើងបានផ្តល់សេវាបញ្ជូនដល់ពួកគាត់វិញ»។
លោក ទៅ ម៉ឹង បន្តថា សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានជីវភាពក្រីក្រ គឺរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់ថវិកាជួយពួកគាត់ចាប់តាំងពីមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ និងមានការចាក់វ៉ាក់សាំងការពារជំងឺ ១១ មុខផងដែរ។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ «យើងក៏មានមូលដ្ឋាន ដែលហៅថា Outreach [ទៅដល់] ដែលមានការផ្តល់សេវាសុខាភិបាលទៅដល់សហគមន៍តែម្តង ដោយមានទាំងការអប់រំ ផ្សព្វ-ផ្សាយ និងបាននាំទាំងសេវា-ពន្យារកំណើត ចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះទៅដល់តំបន់ដាច់ស្រយាលតែម្តង»។
សម្រាប់ខេត្តកោះកុង មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពមាននៅគ្រប់ ២៩ ឃុំ-សង្កាត់ និង ១១៩ ភូមិ ដែលទាំងនេះជាការគិតគូរទៅដល់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាសុខភាពណាមួយកើតឡើង។ អត្រាមរណភាពមាតានៅខេត្តនេះសឹងតែមិនមាន ឬមានតែ ១ ករណី ប៉ុណ្ណោះក្នុង ១ ឆ្នាំ។
លោក ទៅ ម៉ឹង ប្រាប់ថា៖ «ក្រៅពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការថែទាំសុខភាព ថែទាំផ្ទៃពោះ និងមកកាន់មន្ទីរពេទ្យទាន់ពេលវេលា ដែលកត្តាទាំងនេះហើយធ្វើឱ្យអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះច្រើន»។
លោកស្រី ខេង សុខន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានថ្លែងក្នុងកិច្ចពិភាក្សានាឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ កាលពីចុងខែកុម្ភៈ ថា លោកស្រីតែងតែជំរុញ និងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ ដងមុនពេលសម្រាល។
លោកស្រីថ្លែងថា៖ «ខ្ញុំបានចុះជួបផ្ទាល់ជាមួយស្ត្រីមានផ្ទៃពោះ ដោយបានណែនាំគាត់ឱ្យចេះពីការថែទាំគភ៌ ញុំាអាហារល្អៗ និងត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ហើយបន្ទាប់ពីសម្រាលត្រូវបំបៅដោះកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ និងត្រូវចាក់វ៉ាក់សាំងការពារជំងឺ ១១ មុខឱ្យបានដល់កូនរបស់ពួកគាត់»។
អ្នកស្ម័គ្រចិត្តរូបនេះបន្តថា ម្តាយត្រូវតែតាមដានសុខភាព និងការលូតលាស់របស់កូនផងដែរ។ ប្រសិនបើមានបញ្ហាណាមួយពួកគាត់ត្រូវតែបញ្ជូនកូន ឬកុមារទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត៕