ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២២ ខែមិថុនានេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន ១២ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដោយផ្តោតសំខាន់លើ កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការនៅកម្ពុជារយៈពេល ៣ ឆ្នាំ ក្រោមថវិការអនុវត្តគម្រោងសរុប ៦ ៤៩៩ ៦០៧ ដុល្លារសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងនាពេលនេះបានរៀបចំឡើងនាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គការទាំង ១២ រួមនឹងមន្ត្រីរាជការពាក់ព័ន្ធរបស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀត។
លោក តូច ចាន់នី ថ្លែងក្នុងពិធីនេះថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។
លោកបានស្នើឱ្យក្រុមការងារក្រសួង មន្ទីរសង្គមកិច្ចនៅតាមបណ្តារាជធានី-ខេត្ត និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបាន។
លោកថ្លែងថា៖ «សម្រាប់ក្រសួង សង្គមកិច្ច វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជាឱ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត»។
លោកបញ្ជាក់ថា អង្គការទាំង ១២ នេះ មានសុពលភាពនៃកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច មានរយៈពេល ៣ ឆ្នាំ ដែលមានថវិការអនុវត្តគម្រោងសរុប ៦ ៤៩៩ ៦០៧ ដុល្លារសហរដ្ឋអាមេរិក ដែលថវិកាទាំងនេះមិនមែនជាថវិការបស់រដ្ឋាភិបាលទេ ប៉ុន្ដែជាថវិការបស់អង្គការទាំងអស់នេះ ដែលទទួលបានតាមរយៈគម្រោងស្នើសុំរបស់ខ្លួន។
លោកបានឱ្យដឹងថា អង្គការទាំងនោះរួមមាន ១ អង្គការ Save the Children ២ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ៣ អង្គការ ទីកន្លែង អាស៊ីហ្សា ៤ អង្គការ ទាំងអស់គ្នាដើម្បីកម្ពុជា ៥ អង្គការ Project Change International ៦ អង្គការ កុមារពិភពលោក ៧ អង្គការដើម្បីអនាគតកុមារជនបទ ៨ អង្គការហ៊ីសឆាលអន្ដរជាតិ ៩ អង្គការ ក្រុមជុំនុំដំណឹងល្អពោរពេញកម្ពុជា ១០ អង្គការបេសកកម្ម ស៊ីនដ សម្រាប់កម្ពុជា ១១ អង្គការជីបូឌា មិត្តកុមារកម្ពុជា ១២ អង្គការ អូអាយស៊ីកម្ពុជា (OIC)។
បើតាមក្រសួងសង្គមកិច្ច អង្គការទាំង ១២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចនាពេលនេះសុទ្ធសឹងតែជាអង្គការដែលបានចូលរួមចំណែកជួយដល់កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការក្រីក្រនៅតាមសហគម។
ក្រសួងបានឱ្យដឹងថា អង្គការទាំង ១២ នេះ នឹងអនុវត្ដសកម្មភាពផ្សេងៗ ទៅតាមគម្រោង និងតំបន់របស់ខ្លួន ក្នុងនោះមានអង្គការមួយចំនួននឹងជួយកុមារលើការផ្ដល់អាហារប្រចាំថ្ងៃនៅមណ្ឌលសហគមន៍ និងជួយដល់កុមាររងគ្រោះ ងាយរងគ្រោះ និងជនពិការនៅកម្ពុជា ឱ្យទទួលបានការសិក្សា និងសម្ភារសិក្សាផងដែរ។
លោក តូច ចាន់នី បានឱ្យដឹងថា បច្ចុប្បន្នក្រសួងសង្គមកច្ចមិនទាន់មានទិន្នន័យសរុប កុមាររងគ្រោះ ងាយរងគ្រោះ នៅទូទាំងប្រទេសនៅឡើយទេ ប៉ុន្ដែក្រសួងមានទិន្នន័យដែលកុមារកំពុងស្នាក់នៅមណ្ឌលកុមារក្រោមការមើលថែរបស់ក្រសួង សង្គមកិច្ច និង អង្គការផ្នែកគាំពារកុមារនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «មកដល់ពេលនេះមណ្ឌលថែទាំកុមាររងគ្រោះ និងងាយរងគ្រោះ នៅទូទាំងប្រទេសមានការថយចុះច្រើនកាលពី ២-៣ ឆ្នាំមុន មណ្ឌលថែទាំកុមារមានរហូតដល់ជាង ៤០០ មណ្ឌលនៅទូទាំងប្រទេស ប៉ុន្ដែបច្ចុប្បន្នទូទាំងប្រទេសមានតែជាង ១៩០ មណ្ឌលទេ ក្នុងនោះមណ្ឌលរបស់រដ្ឋមានចំនួន ២១ និងមានកុមាររងគ្រោះ និងងាយរងគ្រោះប្រមាណ ៨ ពាន់នាក់»៕