ភ្នំពេញៈរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានផ្តល់អនុសាសន៍ និងស្នើឱ្យអង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ពិនិត្យលទ្ធភាពជួយដល់កម្ពុជាលើអាទិភាពមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជាក្នុងនោះមានការបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ជាដើម។
លោក កើត រិទ្ធ បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាជាមួយ កញ្ញា IRIE JUNKO អនុប្រធានវិទ្យាស្ថានអាស៊ីនិងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស(UNAFEI)ពេលចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ២១ ខែមិថុនា។
បើតាមក្រសួងយុត្ដិធម៌ កិច្ចពិភាក្សានៅក្នុងជំនួបនេះ ភាគីទាំង២ បានផ្តោតសំខាន់លើការងារមួយចំនួន រួមមានការងារពាក់ព័ន្ធនឹងការអនុវត្តទោស ការងារសហគមន៍នៅកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ជាមួយនឹង UNAFEI នាពេលអនាគត។
ក្រសួងបានឱ្យដឹងថា ក្នុងជំនួបនេះ កញ្ញា IRIE JUNKO បានលើកឡើងឡើងអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក៏ដូចជា បានស្នើសុំអនុសាសន៍ជាគោលការណ៍ពីលោក កើត រិទ្ធ ពាក់ព័ន្ធនឹងការអនុវត្តទោស ការងារសហគមន៍នៅកម្ពុជា។ លោក កើត រិទ្ធ ឆ្លើយតបជូនកញ្ញា IRIE JUNKO និងគណៈប្រតិភូ UNAFEI អំពីបញ្ហាប្រឈមជាក់ស្តែងមួយចំនួនរបស់សង្គមកម្ពុជា ក្នុងការអនុវត្តទោសការងារសហគមន៍ផងដែរ។
«ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍និងស្នើឱ្យUNAFEIពិនិត្យលទ្ធភាពជួយដល់កម្ពុជាលើអាទិភាពមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ជាអាទិ៍ ការបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់លើជំនាញឧក្រិដ្ឋវិទ្យាក៏ដូចជាជំនាញធ្វើកោសល្យវិច័យលើភ័ស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌ»។ នេះបើតាមក្រសួងយុត្ដិធម៌។
ក្រសួងយុត្ដិធម៌បានឱ្យដឹងថា បន្ទាប់ពីជំនួបសម្ដែងការគួរសមនេះ ប្រតិភូ UNAFEI នឹងបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ដើម្បីពិភាក្សាលម្អិតអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងក្រសួងយុត្តិធម៌ជាមួយនឹង UNAFEI៕