ភ្នំពេញៈ ក្រសួងបរិស្ថានទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូក្នុងវិស័យបរិស្ថាននៅថ្ងៃទី ២២ ខែមិថុនាបានចាប់ផ្ដើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទី ២ «ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» និងការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម។
ការចាប់ផ្ដើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទី ២ «ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នេះធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ និងលោក រីឆាត ឈិន (Richard Chen) ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារជំនួយអាមេរិក USAID រួមនឹងអង្គការដៃគូ សិស្ស-និស្សិតប្រមាណ ២០០ នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក រីឆាត ឈិន ថ្លែងថា សត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ ប៉ុន្តែធនធានធម្មជាតិ និងសត្វព្រៃរបស់កម្ពុជាកំពុងបាត់បង់ពីព្រៃឈើ និងតំបន់ការពារធម្មជាតិ។ លោកថ្លែងថា៖ «យុទ្ធនាការដែលយើងប្រកាសជាផ្លូវការថ្ងៃនេះផ្តោតលើយុវជន ដែលជាអ្នកការពារកេរដំណែលជាតិរបស់ប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយតម្រូវការទិញ និងហូបសាច់សត្វព្រៃដែលជាកត្តាជំរុញដ៏សំខាន់នៃការបាត់បង់ជីវចម្រុះ»។
លោកបន្តថា ពាក្យស្លោករបស់យុទ្ធនាការ គឺ «រួមគ្នារក្សាជីវិតសត្វព្រៃ» “Let Wildlife Live" ដោយសារ សត្វព្រៃ គឺជាផ្នែកដ៏សំខាន់មួយរបស់ធម្មជាតិ សេដ្ឋកិច្ច និងវប្បធម៌។ លោក រីឆាត ឈិន លើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះក៏ស្របតាមយុទ្ធនាការអន្ទាក់សូន្យ ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថានដែលបានប្រកាសដំណើរការកាលពីខែមីនាឆ្នាំនេះផងដែរ។ លោកថ្លែងថា៖ «ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃនឹងរួមចំណែកដល់ការកាត់បន្ថយការដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់»។
លោកបញ្ជាក់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សសត្វព្រៃមានសារៈសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេស។ ការចូលរួមរបស់យុវជនក៏ជាកត្តាសំខាន់មួយ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ថាមពល និងការប្តេជ្ញាចិត្តរបស់យុវជនអាចជួយបង្កើន ការប្តេជ្ញាចិត្តក្នុងការអភិរក្សធម្មជាតិ និងជីវចម្រុះនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងសម្រាប់អ្នកជំនាន់ក្រោយ។ លោក រីឆាត ឈិន បញ្ជាក់ថា៖ «នេះជាមូលហេតុដែលទីភ្នាក់ងារ USAID មានមោទនភាពចូលរួមក្នុងភាពជាដៃគូជាមួយយុវជន វិស័យឯកជន និងដៃគូរាជរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរឥរិយាបថអវិជ្ជមាន ដែលបង្កឱ្យមានការបាត់បង់ព្រៃឈើ និងជីវចម្រុះ។ នេះក៏ជាមូលហេតុដែលយើងលើកកម្ពស់សកម្មភាពវិជ្ជមាន ដែលគាំទ្រផលិតផល និងសេវាកម្ម មេត្រីភាពបរិស្ថាន»។
លោកបានឱ្យដឹងថា ឆ្នាំនេះជាខួបលើកទី ៧២ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ដផ្ដល់ការគាំទ្រដល់ប្រជាជនកម្ពុជាក្នុងការការពារធនធានធម្មជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុរាប់បញ្ចូលទាំងការផ្តល់ជំនួយជាទឹកប្រាក់លើសពី ១០០ លានដុល្លារដល់គម្រោងបរិស្ថាននៅកម្ពុជារយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ លោកថា៖ «តាមរយៈការសហការគ្នា ខ្ញុំដឹងថា យើងអាចធ្វើឱ្យកិច្ចការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិរបស់កម្ពុជាប្រសើរឡើង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាជនទាំងអស់ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ លោកថ្លែងថា៖ «ប្រជាជនកម្ពុជាគ្រប់ៗរូបទាំងក្មេង និងចាស់មានភារកិច្ចរួមមួយក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង»។ លោកបន្តថា៖ «យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសនិយាយថា ទេ ចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ក៏ដូចជាចូលរួមក្នុងការអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រយើង»។
បើតាមសេចក្ដីប្រកាសព័ត៌មានរួម «យុទ្ធនាការការពារសត្វព្រៃយើង» ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និងការហូបសាច់សត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា យុទ្ធនាការនេះក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថានសហការជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងសហគមន៍មូលដ្ឋាន៕