ភ្នំពេញៈ មណ្ឌលព្យាបាលជំងឺកូវីដ ១៩ តេជោសន្តិភាព នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដែលសាងសង់លើផ្ទៃដីទំហំជិត ៨ ហិកតា និងអាចដាក់គ្រែបានរហូតដល់ ១១ ០០០ គ្រែ កំពុងដំណើរការសាងសង់សម្រេចលទ្ធផលបានជាង ៣០% ហើយ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យ និងជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ ១៩ តេជោសន្តិភាពនេះ កាលពីថ្ងៃទី ២៤ ខែមិថុនា។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងការចុះពិនិត្យនេះ ក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ ដោយបានបញ្ជាក់ថា គម្រោងនេះ សម្រេចការសាងសង់បានប្រមាណជាង ៣០%។ មណ្ឌលព្យាបាលជំងឺកូវីដនេះ មានអគារចំនួន៩ ក្នុងនោះមានអគារព្យាបាលចំនួន ៧ អគាររដ្ឋបាលចំនួន ១ និងអគារបុគ្គលិកចំនួន ១។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងបានស្នើដល់ក្រុមហ៊ុនសាងសង់ ធ្វើការពន្លឿន ដើម្បីបញ្ចប់ឱ្យបានរួចរាល់ នូវអគារចំនួន ៥ ក្នុងចំណោមអគារទាំង៩ នៃមណ្ឌលព្យាបាលនេះក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។
អគារដែលនឹងសាងសង់រួចរាល់មុនគេនោះ គឺអគារព្យាបាលអ្នកជំងឺ អគារសង្គ្រោះបន្ទាន់ អគារផ្នែករដ្ឋបាល និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាព ទទួលអ្នកជំងឺកូវីដ ១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដដ ១៩ និងមេរោគបំប្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។ នេះបើតាមលោកស្រីយក់ សម្បត្តិ។
លោកស្រីយក់ សម្បត្តិ បានថ្លែងថា៖ «ចំណែកអគារដែលនៅសល់ចំនួន ៤ ផ្សេងទៀត នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ផងដែរ។មណ្ឌលព្យាបាលនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយ និងដំបូងបំផុត នៅប្រទេសកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ដោយមានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដាទៀតផង»។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់មណ្ឌលព្យាបាលកូវីដ ១៩ ដែលជាមណ្ឌលព្យាបាលមួយដ៏ធំ ដោយមានការបំពាក់ដោយឧបករណ៍ទំនើបៗ និងអាចដាក់អ្នកជំងឺបានរាប់ពាន់នាក់ផងដែរ។
ទាក់ទងនឹងការបង្ការ ការប្រុងប្រយ័ត្ន ពីជំងឺឆ្លង និងជំងឺមិនឆ្លងក្នុងប្រទេសកម្ពុជា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងដែរថា ក្រសួងសុខាភិបាលបានដាក់ចេញនូវគោលការណ៍មួយដោយពង្រឹងសមត្ថភាពមន្រ្តីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យតែម្តង។
លោកស្រីបន្ថែមថា ក្នុងការបង្ការជាមុននេះ លោកនាយករដ្ឋមន្រ្តី ក៏បានសម្រេចធ្វើការពង្រីកសមត្ថភាពមន្ទីរពេទ្យ ដែលក្នុងនោះ គឺការសាងសង់មន្ទីរពេទ្យមួយ ដែលមានរហូតដល់ជាង១ម៉ឺនគ្រែ ដើម្បីត្រៀមលក្ខណៈក្នុងការការពារនាពេលខាងមុខ ក្នុងករណីមានការផ្ទុះចេញនូវជំងឺរាតត្បាតណាមួយដែលមើលមិនឃើញ។
លោកស្រីមានប្រសាសន៍ថា៖ «ការពង្រឹងសមត្ថភាពរបស់មន្រ្តីជាការចាំបាច់ ការពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យក៏ជាការចាំបាច់ ដោយមានការបំពាក់នូវគ្រឿងបរិក្ខារ សម្ភារផ្សេងៗដើម្បីជួយដល់ការគាំទ្រ ទាំងការត្រួតពិនិត្យឆ្លើយតបនឹងជំងឺឆ្លងផង និងការពិនិត្យព្យាបាលអ្នកជំងឺមិនឆ្លងផងដែរ»។
កម្ពុជាមិនមានការរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ហើយក៏មិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ ផងដែរ ក្នុងរយៈពេល៥០ថ្ងៃកន្លងមកហើយ។
គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ ទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕