ភ្នំពេញៈ ក្នុងរយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានចំនួន ២៩ លើក ដោយបានចំណាយថវិការដ្ឋប្រមាណ ៧១៤,៩ លានដុល្លារអាមេរិក ដល់ពលរដ្ឋក្រីក្រប្រមាណ ៧០ ម៉ឺនគ្រួសារ។ នេះបើតាម លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក តូច ចាន់នី បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ២៦ មិថុនាថា កាលពី ២-៣ ខែដំបូង នៃការចាប់ផ្ដើមអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ក្រុមការងារទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជួបការលំបាកច្រើនក្នុងការអនុវត្ដការងារនេះ ដោយសារការងារថ្មីហើយផ្ដោតសំខាន់លើការគ្រប់គ្រងទិន្នន័យ និងសាច់ប្រាក់ ដែលទាមទារចំណេះដឹង លើការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ សម្រាប់អនុវត្ដការងារនេះ។ ប៉ុន្ដែក្រោយមកមន្រ្ដីទទួលបានបទពិសោធលើការអនុវត្ដងារងារនេះ ដំណើការបានល្អ មិនមានបញ្ហាប្រឈមកើតឡើងទៀតទេ។
លោកថ្លែងថា៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះគឺមានតែប្រទេសកម្ពុជាយើងទេដែលធ្វើ ប្រទេសនៅលើពិភពលោកគ្មានប្រទេសណាមួយធ្វើដូចប្រទេសយើងបានទេ ក្នុងពេលជួបវិបត្ដិកូវីដ ១៩ បែបនេះ»។
លោក ចាន់នី បានឱ្យដឹងថា រយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានចំនួន ៩ ជុំ ស្មើនឹង ២៩ លើក ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៧០ ម៉ឺនគ្រួសារ ដោយបានចំណាយថវិការដ្ឋជាង ២ ៨៥៦,៣៤ ប៊ីលានរៀល ស្នើនឹងប្រមាណ ៧១៤,៩ លានដុល្លារអាមេរិក។
លោកថ្លែងថា៖ «បើគិតជាលេខមូលពលរដ្ឋដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់សរុបមានប្រមាណ ៧០ ម៉ឺនគ្រួសារ ស្មើនឹងចំនួនពលរដ្ឋប្រមាណ ៣ លាននាក់»។
លោក ទូច សុវឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ដកំពង់ចាម បានឱ្យដឹង ពាក់ព័ន្ធនឹងការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះថា យន្តការរបស់មន្ទីរសង្គមកិច្ច គឺបានធ្វើការបណ្ដុះបណ្ដាលទៅដល់មន្រ្តីជាអ្នកអនុវត្ដផ្ទាល់ ជាមួយប្រជាពលរដ្ឋក្រីក្រ នៅតាមក្រុង ស្រុក និងឃុំ សង្កាត់ លើការផ្ដល់សេវាឧបត្ថម្ភសាច់ប្រាក់នេះឱ្យបានត្រឹមត្រូវ តម្លាភាព ដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងមានក្រុមការងារមួយ សម្រាប់រង់ចាំសម្របសម្រួល នៅពេលខាងរដ្ឋបាលឃុំ សង្កាត់ មានបញ្ហាអ្វី យើងនឹងជួយដោះស្រាយ និងជួយបង្រៀន ណែនាំភ្លាមៗលើបញ្ហាដែលកើតមានឡើងនោះ»។
បញ្ហាចំពោះពលរដ្ឋក្រីក្រដែលជាអ្នកទទួលបានការឧបត្ថម្ភសាច់ប្រាក់ គឺភាគច្រើនពលរដ្ឋ ភ្លេចលេខកូដ គណនីវីងសម្រាប់បើកប្រាក់ និងមានពលរដ្ឋខ្លះ បានទៅបើកប្រាក់ឧបត្ថម្ភមុនពេលកំណត់ ដែលធ្វើឱ្យបណ្ណបើកប្រាក់របស់ពលរដ្ឋទាំងនោះត្រូវបានបិទបណ្ដោះអាសន្ន (block)។ បញ្ហានេះពលរដ្ឋត្រូវទៅដាក់ពាក្យ ឬទៅជួបជាមួយអាជ្ញាធរឃុំ សង្កាត់ ដើម្បីដាក់ពាក្យស្នើសុំ បើកបណ្ណឧបត្ថម្ភសាច់ប្រាក់នោះឡើងវិញ។
លោកបន្តថា ក្រុមការងាររបស់មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយតាមបណ្ដាបញ្ជរវីង កុំឱ្យកាត់ប្រាក់ដែលរាជរដ្ឋាភិបាលឧបត្ថម្ភដល់ប្រជាពលរដ្ឋ ពីព្រោះប្រាក់ដែលរាជរដ្ឋាភិបាលឧបត្ថម្ភដល់ពលរដ្ឋនោះ រដ្ឋាភិបាលបានចំណាយថ្លៃសេវាដល់ភ្នាក់ងារវីងរួចរាល់ហើយ។
លោក សុវឌ្ឍនា បានឱ្យដឹងថា រយៈពេល ២ ឆ្នាំកន្លងមកនេះ ខេត្ដកំពង់ចាម រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណក្រីក្រ ១ ក្រីក្រ ២ មានចំនួន ៤៨ ១៤៤ គ្រួសារ ដែលបច្ចុប្បន្នគ្រួសារក្រីក្រទាំងនេះកំពុងបន្តទទួលបានការឧបត្ថម្ភសាច់ប្រាក់ជុំទី ៩ លើកទី ៣។
លោកថ្លែងថា៖ «គ្រួសារក្រីក្រទាំងជាង ៤ ម៉ឺនគ្រួសារនេះ ពួកគាត់នៅតែបន្តទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលរហូត លុះត្រាតែរាជរដ្ឋាភិបាលប្រកាសបញ្ចប់ការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ទើបពួកគាត់លែងទទួលបានទៀត»។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចស្ដីពីលទ្ធផលនៃការអនុវត្ដកម្មវិធីឧត្ថម្ភសាច់ប្រាក់នេះបានឱ្យដឹងថា កាល ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្ដជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ហើយក្រសួងសង្គមកិច្ចបានចាប់ដំណើរការកម្មវិធីនេះកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៩ ជុំ មាន ២៤ លើក រួចមកហើយ។
ក្រសួងឱ្យដឹងថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី ៩ លើកទី ៣ នឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ មានរយៈពេល ៣០ ថ្ងៃ នឹងត្រូវអនុវត្ដតាមនីតិវិធីដែលក្រសួងបានដាក់ចេញ៕