ភ្នំពេញៈអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានបញ្ជាឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរៀបចំកម្លាំងនិងផែនកាចុះល្បាតការពារព្រៃអង់តែនឱ្យបានតឹងរ៉ឺង និងប្រកបដោយប្រសិទ្ធភាពដោយធ្វើយ៉ាងណាកុំឱ្យក្រុមជនទុច្ចរិតចូលកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីព្រៃក្នុងតំបន់នេះធ្វើជាកម្មសិទ្ធិខុសច្បាប់។
ការដាក់ចេញនូវបទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីរូបលោកបានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពនៅតំបន់ព្រៃអង់តែននៅក្នុងភូមិសាស្ត្រឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ ហើយបានកត់សម្គាល់ឃើញថា ព្រៃឈើក្នុងតំបន់នេះជាច្រើនកន្លែងបានរងការកាប់បំផ្លាញ ដើម្បីទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ពីសំណាក់ក្រុមជនទុច្ចរិត។
លោកថ្លែងថា៖ «ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំត្រូវនាំគ្នាធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមជនល្មើស ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់ និងត្រូវរៀបចំសំណុំឯកសារឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីធ្វើសំណើរឹបអូសយកដីទាំងនោះត្រឡប់មកដាក់ចូលជាទ្រព្យសម្បត្តិរដ្ឋវិញ»។
ព្រៃអង់តែនគឺជាច្រករបៀងអភិរក្សជីវចម្រុះមួយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានផ្ទៃដីសរុបទំហំ ៣១ ៤១៦ហិកតា និងមានទីតាំងស្ថិតនៅក្នុងស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កាលពីពេលថ្មីៗនេះ ច្រករបៀងអភិរក្សជីវចម្រុះដ៏មានសក្ដានុពលនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្ទេរការគ្រប់គ្រង និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍនូវគម្រោងរ៉េតបូក ។
ទន្ទឹមនឹងនេះ លោក រតនៈ បានជំរុញឱ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ រួមសហការគ្នា បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃអង់តែន ដោយរក្សាឱ្យបាននូវសាមគ្គីភាព និងកិច្ចសហការល្អប្រកបដោយបរិយាប័ន្ន ធ្វើយ៉ាងណាកុំជះទឹកសាចដាក់គ្នា ដែលនាំឱ្យបរាជ័យនៅក្នុងការអនុវត្តតួនាទីនិងភារកិច្ច នៃអង្គភាព និងស្ថាប័ននីមួយៗ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
លោកបានបញ្ជាក់ថា៖ «យើងត្រូវរួមគ្នាអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្នដោយកុំបណ្ដោយឲ្យដំបៅតូចមួយក្លាយជាដំបៅងា ឬដំបៅមហារីក ដែលនាំឱ្យពិបាកទៅថ្ងៃក្រោយ»។
លោកបានព្រមានផងដែរថា មន្ត្រីរាជការ និងកងកម្លាំង ដែលមានពាក់ព័ន្ធនៅក្នុងករណីកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិខុសច្បាប់ត្រូវដកខ្លួនចេញជាបន្ទាន់ បើពុំនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់ ជាធរមាន។
ជុំវិញករណីនេះ លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពុងរៀបចំផែនកា និងកម្មវិធីចុះល្បាតការពារព្រៃឈើ នៅក្នុងតំបន់ព្រៃអង់តែននេះ ដោយស្នើសុំកម្លាំងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនន្ថែមទៀត ដើម្បីចូលរួមល្បាតការពារព្រៃឈើ។
លោកថ្លែងថា៖ «នៅពេលនេះយើងបានរៀបចំផែនការ និងកម្មវិធីសម្រាប់ការចុះល្បាតព្រៃរួចជាស្រេចហើយ នៅតែការកម្លាំងអន្តរាគមន៍ពីកងរាជអាវុធហត្ថដែលត្រូវមកចូលរួមប៉ុណ្ណោះ»។
លោកបានបន្តថា យ៉ាងណាក៏ដោយ ស្នាក់ការបរិស្ថានចំនួន ២ កន្លែងក្នុងតំបន់ច្រករបៀងអភិរក្សជីវចម្រុះព្រៃអង់តែននេះនៅតែបន្តដំណើការ ដោយមានក្រុមមន្ត្រីឧទ្យានុរក្សមួយចំនួន កំពុងបន្តចុះល្បាតការពារព្រៃឈើនៅក្នុងតំបន់នេះ រហូតដល់ថ្ងៃប្រកាសផ្ទេរភារកិច្ច និងការគ្រប់គ្រងជាផ្លូវការដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលទំនងនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍ខាងមុខនេះ៕