ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងជាសាធារណៈកាលពីចុងសប្ដាហ៍ ដោយផ្ញើសារទៅកាន់ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតទាំងអស់ត្រូវសហការផ្ដល់សេវាសាធារណៈបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ នៅពេលដែលចូលកាន់តំណែងនៅក្នុងខែកក្កដាខាងមុខនេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការចូលកាន់តំណែងនឹងធ្វើឡើងរយៈពេល ១៤ ថ្ងៃ ក្រោយពីប្រកាសលទ្ធផលជាផ្លូវការ។
នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី ២៥ ខែមិថុនា លោក ស ខេង បានបញ្ជាក់ថា សម្រាប់អាណត្តិថ្មីនេះ ក្រុម-ប្រឹក្សាឃុំ-សង្កាត់ មិនមានតែមកពីគណបក្សប្រជាជនកម្ពុជានោះទេ គឺមានមកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀតផងដែរ ដែលនឹងធ្វើឱ្យមានមតិ និងគំនិតផ្ទុយគ្នាខ្លះ ដែលនេះជាវិញ្ញាសាថ្មីរបស់កម្ពុជា។
លោក ស ខេង ថ្លែងថា៖ «ការប្រកួតប្រជែងការបោះឆ្នោត គឺដើម្បីយកឈ្នះលុះដល់ពេលឈ្នះត្រូវបម្រើប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ដែលចំណុចនេះសុំឱ្យអស់លោក ក្រុមប្រឹក្សាក្តាប់ឱ្យបានប្រជាធិបតេយ្យ វាអ៊ីចឹង ប្រទេសណាក៏ដូចប្រទេសណាដែរ»។
ទោះជាយ៉ាងណា លោក ស ខេង បានណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះត្រូវចេះសម្របសម្រួល និង ផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យបញ្ចេញមតិយោបល់ ដើម្បីយកមតិយោបល់នោះជាឧត្តមប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ព្រោះពេលដែលមកកាន់តំណែង ជាក្រុមប្រឹក្សានេះគឺត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋទាំងអស់ មិនមែនតែគណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយនោះទេ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅភូមិផងរបងជាមួយគ្នាដែលមាននិន្នាការបោះឆ្នោតឱ្យគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចមិនត្រូវចងអាឃាតគ្នា និងត្រូវចេះសាមគ្គីគ្នា ដែលនេះជារបៀបរស់នៅក្នុងក្របខ័ណ្ឌនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក ស ខេង បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ គឺជាការបោះឆ្នោតមួយដែលល្អឥតខ្ចោះ ព្រោះប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតប្រមាណជាង ៨០% នៃអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ជាពិសេសគ្មានអំពើហិង្សា សន្តិសុខសុវត្ថិភាពល្អប្រសើរ និងស្របតាមបទបញ្ជា និងនីតិវិធីតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមានការគាំទ្រ និងអបអរសាទរជាទូទៅ និងបានកសាងនូវវប្បធម៌ប្រជាធិបតេយ្យដ៏ល្អមួយនៅកម្ពុជា។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែមិថុនាថា ដំណើរការនៃការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដំណើរការទៅដោយរលូន។ ក្រោយការប្រកាសលទ្ធផលផ្លូវការនេះរួចហើយ គ.ជ.ប បញ្ជូនឯកសារទាំងអស់ទៅក្រសួងមហាផ្ទៃ ដើម្បីប្រកាសចូលកាន់តំណែង សម្រាប់មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធផលផ្លូវការ។
លោកបន្តថា ដោយឡែកការណែនាំរបស់លោក ស ខេង ទៅដល់ក្រុមប្រឹក្សាដែលត្រៀមនឹងចូលកាន់តំណែងនៅពេលខាងមុខមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយពួកគេត្រូវបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវមានជំហរអព្យាក្រឹតនៅក្នុងមុខតំណែងរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិរបស់ខ្លួន»។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សប្រាប់ភ្នំពេញនៅថ្ងៃទី ២៦ ខែមិថុនាថា លោកគាំទ្រចំពោះការលើកឡើងរបស់លោក ស ខេង ព្រោះក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចហើយ គឺតំណាងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់របស់ខ្លួន មិនមែនតំណាងឱ្យគណបក្សនយោបាយទៀតទេ។
លោកបន្តថា បើជាតំណាងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ត្រូវតែបម្រើសេវាសាធារណៈជូនពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ទោះប្រជាពលរដ្ឋមកពីគណបក្សណាមួយក៏ដោយ ឬប្រជាពលរដ្ឋដែលមិនបានទៅបោះឆ្នោតក៏ត្រូវបម្រើប្រយោជន៍ជូនពួកគាត់ដែរ។
លោកថ្លែងថា៖ «វាជារឿងចាំបាច់ដែលក្រុមប្រឹក្សាឃុំសង្កាត់ ទោះបីមកពីបក្សណាក៏ដោយ ត្រូវធ្វើការរួមគ្នា ហើយនៅពេលហ្នឹង គាត់មិនមែនតំណាងបក្សទៀតទេ គាត់ជាតំណាងឱ្យប្រជាពលរដ្ឋដែលគាត់បោះឆ្នោតឱ្យ»។
គ.ជ.ប នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ នេះបានប្រកាសអំពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ដោយក្នុងនោះមានគណបក្សនយោបាយចំនួន ៩ ប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងចំណោមគណបក្សសរុបចំនួន ១៧។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបានអាសនៈសរុប ៩ ៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១ ៦៤៨ នាក់ ជំទប់ទី១ ចំនួន ១ ៦១៨ នាក់ ជំទប់ទី២ ចំនួន ២៦១ នាក់។ គណបក្សភ្លើងទៀនជាគណបក្សប្រឆាំងទទួលបាន តំណែងមេឃុំចំនួន ៤ ជំទប់ទី១ ចំនួន ២៥ នាក់ ជំទប់ទី២ ចំនួន ១ ៣៦០ នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣ អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន ៦ អាសនៈគណបក្សខ្មែរស្រឡាញ់ជាតិទទួលបាន ៥ អាសនៈ គណបក្សយុវជន-កម្ពុជាទទួលបាន ៣ អាសនៈ គណបក្សកម្ពុជានិយមទទួលបាន ១ អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបាន ១ អាសនៈ៕
វីដេអូ៖