ព្រះសីហនុៈ មន្ត្រីជំនាញរដ្ឋបាលជលផលនៅខេត្តព្រះសីហនុ គ្រោងដាំកូនដើមកោងកាងឡើងវិញឲ្យបានយ៉ាងហោចចំនួន ១ ម៉ឺន ដើមក្នុងឆ្នាំ ២០២២ នេះ នៅតំបន់ដីរេចរឹល និងរងការកាប់បំផ្លាញនៅតាមបណ្តាសហគមន៍នេសាទនានា។
ខណៈកូនដើមកោងកាងចំនួន ៧ ពាន់ដើម ទើបបានដាំនៅលើផ្ទៃដីព្រៃលិចទឹកជាង ៧ ហិកតា ស្ថិតនៅក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាម លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែ មិថុនាថា ក្នុងឆ្នាំ ២០២២ នេះ។
លោកប្រាប់ថា ក្នុងពិធីដាំកូនដើមកោងកាងនោះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបានជំរុញឱ្យមន្ត្រីជំនាញរដ្ឋបាលជលផល និងអ្នកពាក់ពន្ឋ័ទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ផ្តល់នូវការគាំទ្រ សហការ ដើម្បីថែរក្សាអភិរក្ស ឱ្យបានគង់វង្ស និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះជនណា ដែលកាប់បំផ្លាញព្រៃកោងកាង និងកាប់រានដីព្រៃលិចទឹកមកជាកម្មសិទ្ធ។
លោក ភា បញ្ជាក់ថា ក្រោយទទួលបានការជំរុញបន្ថែមនេះ ក្នុងនាមជំនាញនឹងពង្រឹងការការពារ ការល្បាត និងផ្សព្វផ្សាយ ទៅតាមសហគមន៍ក្នុងតំបន់នោះ ឲ្យមានការភ្ញាក់រឭកបន្ថែមទៀត ក្នុងការចូលរួមការពារថែរក្សាព្រៃកោងកាងដែលជាធនធានដ៏សំខាន់។
លោកថ្លែងថា៖ «យើងនឹងផ្សព្វផ្សាយទៅដល់សហគមន៍នៅតំបន់ហ្នឹង ឲ្យគាត់ការពារថែរក្សា និងមានឆន្ទៈស្រឡាញ់ព្រៃកោងកាងទាំងអស់គ្នា ហើយក្នុងនាមជំនាញខ្ញុំក៏បន្តការទប់ស្កាត់ និងជំរុញការការពារឲ្យបានរាល់បទល្មើស កុំឲ្យមានការលួចកាប់បំផ្លាញ»។
លោក ភា ថ្លែងថា ចាប់ពីដើមឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តព្រះសីហនុបណ្តុះកូនដើមកោងកាងបាន ចំនួនជាង ៦ ម៉ឺនដើមហើយ សម្រាប់ត្រៀមដាំជាបន្តបន្ទាប់ទៀតលើផ្ទៃដី មានការរេចរឹល ៦០ ហិកតា នៅស្រុកព្រៃនប់។ លោកថា ៦ ខែដើមឆ្នាំ ២០២២ នេះ មន្ត្រីជំនាញបានដាំ កូនដើមកោងកាង ចំនួន ៣ ៦០០ ដើម លើផ្ទៃដីចំនួន ៥ ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ផងដែរ។
ដោយឡែកតាមរបាយការណ៍របស់ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផលព្រះសីហនុ បានបណ្តុះកោងកាង ចំនួន ៥ ៥០០ ដើម ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង និងបានដាំកូនកោងកាង ចំនួន ៤ ពាន់ដើម លើផ្ទៃដីចំនួន ៤,៥ ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក នេន ចំរើន បានបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញដល់រដ្ឋបាលជលផល បន្តបណ្តុះ និងបន្តដាំកូនកោងកាងឡើងវិញជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានោះមន្ទីរកសិកម្ម ក៏បានខិតខំការពារបង្ក្រាបទប់ស្កាត់បទល្មើសបំផ្លាញព្រៃកោងកាងនេះ ដើម្បីការពារព្រៃកោងកាងឱ្យបានគង់វង្សទុកជាប្រយោជន៍សាធារណៈ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ថ្លែងនៅថ្ងៃទី ២៧ ខែមិថុនាថា ការមានវិធានការដាំដុះឡើងវិញជារឿងល្អ ប៉ុន្តែបើដាំហើយមិនមានវិធានការទប់ស្កាត់នោះព្រៃកោងកាងមិនអាចថែរក្សាឲ្យនៅគង់វង្សបានទេ។ ជាអ្នកឃ្លាំមើលការទន្ទ្រានដី និងព្រៃកោងកាងតំបន់ឆ្នេរ លោក សុខ សុខុម ចង់ឲ្យមានវិធានការទប់ស្កាត់បានខ្លាំងក្លាដូចបានធ្វើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបទើបអាចស្រោចស្រង់ការបាត់បង់ព្រៃកោងកាងបាន។
លោកថ្លែងថា៖ «យើងទៅវែកប្រឡង់ដាំតែកន្លែងរេចរឹលហ្នឹង ចុះព្រៃកោងកាងខ្ពស់ៗដែលគេបោះបង្គោលហ្នឹងម៉េចមិនមានវិធានការទប់ស្កាត់ ឲ្យបានទាន់ពេល ទាន់គេមិនទាន់កាប់ ដល់គេកាប់ហើយតាំងទៅដាំទៀតហើយ កន្លែងខ្លះក៏មានបណ្ណកម្មសិទ្ធ កន្លែងខ្លះក៏មានលិខិតបញ្ជាក់កាន់កាប់ពីអាជ្ញាធរដែរ»។
ឆ្លើយការលើកឡើងនេះ លោក ឯម ភា អះអាងថា ជំនាញរដ្ឋបាលជលផលមិនបានទុកការងារចោល ឬព្រងើយកន្តើយធ្វើឲ្យបាត់បង់ព្រៃកោងកាងនោះទេ ពោលគឺមន្ត្រីជំនាញតែងល្បាតទប់ស្កាត់ជាប្រចាំ រួមជាមួយសហគមន៍ក្នុងការការពារព្រៃកោងកាងឲ្យបានគង់វង្ស។
លោកបញ្ជាក់ថា ចំពោះដីមួយចំនួនដែលមានបង្គោលព្រំហើយព្រៃកោងកាងដុះឡើងនោះ ជាទីតាំងដីពលរដ្ឋបានទិញទុកជាយូរឆ្នាំមកហើយ មានបណ្ណមានការទទួលស្គាល់ត្រឹមត្រូវដែលម្ចាស់មិនបានកាប់ឆ្ការសម្អាត ហេតុនះ កន្លែងខ្លះពលរដ្ឋបានចូលមកប្រើប្រាស់ដីវិញ គឺកាប់ឆ្ការដីលក្ខណៈឯកជនប៉ុណ្ណោះ៕