ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាអំពាវនាវដល់រដ្ឋាភិបាលចិនបន្តគាំទ្រកិច្ចសហប្រតិបត្តិការ ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត បន្ទាប់ពីថ្មីៗនេះ ចិនបានផ្តល់ថវិកាប្រមាណជាង ៤ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់កម្ពុជាតាមរយៈមេគង្គ-ឡានឆាងនេះ។
លោក សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេសបានថ្លែងថា ឆ្លើយតបទៅនឹងការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបន្តដើរតួនាទីឈានមុខ និងបានពង្រឹងនូវជំនឿចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយម។ វាបានបង្ហាញពី «ភាពជាអ្នកជិតខាងល្អ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់ពោលថា ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
លោកបានថ្លែងដូច្នេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដែលរៀបចំដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសកម្ពុជា ដោយមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកាលពីថ្ងៃទី ២៧ ខែមិថុនានៅរាជធានីភ្នំពេញ។
លោក សូកេន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់មិត្តចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជា គឺបានរួមចំណែកដល់ «ភាពជោគជ័យ» ក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញ។
លោក សុខ សូកេន ថ្លែងថា៖ «សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពជោគជ័យនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន-ឆាង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាងឱ្យកាន់តែរីកចម្រើន និងមានសក្ដានុពលបន្ថែមទៀត»។
លោកបានកោតសរសើរចំពោះការចូលរួម «យ៉ាងសកម្ម» របស់ក្រុមការងារការទូតសេដ្ឋកិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាងរយៈពេលកន្លងមក ហើយលោកសង្ឃឹមថា «កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តទទួលនូវផ្លែផ្កាបន្ថែមទៀត ដើម្បីជាផលប្រយោជន៍របស់ប្រជាជនយើង»។
លោក សុខ សូកេន បន្តថា រដ្ឋាភិបាល និងប្រជាជនចិនបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្ដែង និងមានប្រសិទ្ធភាពឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។
កាលពីថ្ងៃទី ១៣ មិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ-មេគង្គ-ឡានឆាងឆ្នាំ ២០២២ ដែលមានថវិកាប្រមាណជាង ៤ លានដុល្លារអាមេរិក ដោយមានគម្រោងថ្មីចំនួន ១៣ បន្ថែមទៀត ដើម្បីរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា។
លោក វ៉ាង វិនធាន ថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី ២៧ មិថុនាថា ការពិតបានបង្ហាញឱ្យឃើញថា ស្ថានការណ៍នៅខាងក្រៅតំបន់ កាន់តែមានភាពច្របូកច្របល់។ ប្រទេសក្នុងតំបន់ត្រូវតែយកចិត្តទុកដាក់ និងមានការដឹកនាំយ៉ាងល្អមន្ត្រីចូលរួមរួមគ្នាស្រឡាញ់ ថែរក្សាតំបន់អាស៊ី និងខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈរឹងមាំ បៃតង និងសុខុមាលភាព។
លោកថា៖ «ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំង ២ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន និងកម្ពុជាត្រូវបានជំរុញជាបន្តបន្ទាប់។ ការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាមានលក្ខណៈកាន់តែស៊ីជម្រៅទំនាក់ទំនងរវាងប្រទេសទាំង ២ ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថាមេគង្គ-ឡានឆាង ជាផ្នែកមួយនៃការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ក៏ពិតមែន ក៏ប៉ុន្ដែមិនមែនជាការដែលជួយទាំងស្រុងពេញលេញពីមេគង្គ-ឡានឆាងនោះទេ។ កម្ពុជានៅមានប្រទេសជាមិត្តជាច្រើនទៀតផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់កូវីដ ១៩ ដូចជាជប៉ុន អាមេរិក អូស្ត្រាលី និងអឺរ៉ុបជាដើម។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងរឿងកូវីដនេះ គឺបានល្អប្រសើរ ដោយគេមិនប្រកាន់នូវនិន្នាការភូមិសាស្ត្រនយោបាយធំដុំ ជាពិសេសជាមួយកម្ពុជានេះ ដែលគេនៅតែមានការជួយពីគ្រប់ភាគី ជាពិសេស គឺបណ្តាប្រទេសដែលមានលទ្ធភាពផលិតវ៉ាក់សាំងហ្នឹង គឺតែងតែជួយដល់កម្ពុជាដែរ»។
ទាំងអស់នេះគឺជាមោទនភាព និងជាកិច្ចសហប្រតិបត្តិការដែលកម្ពុជាបានកសាងកន្លងមក ហើយក៏គួរតែបន្តការកសាងនូវកិច្ចសហប្រតិបត្តិការនេះឱ្យបានទូលំទូលាយថែមទៀត មិនមែនតែជាមួយមេគង្គ-ឡានឆាងនោះទេ គឺជាមួយនឹងបណ្តាអន្តរជាតិផ្សេងទៀតដើម្បីឱ្យភាពជាដៃគូកាន់តែមានភាពជឿទុកចិត្តគ្នាភាពស្អិតល្មួត និងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក៕