
លោកស្រី អ៊ុងសាន ស៊ូជី ពេលមកបំពេញទស្សនកិច្ចនៅកម្ពុជាពីឆ្នាំ ២០១៩។ ហេង ជីវ័ន
ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ានម៉ាទទូចឱ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល មីយ៉ាន់ម៉ា ត្រឡប់ទៅកាន់លំនៅឋានវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកស្រីត្រូវបានផ្ទេរពីលំនៅឋានទៅកាន់ពន្ធនាគារ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៧ ខែមិថុនា ថា លោក ប្រាក់ សុខុន បានប្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) មីយ៉ាន់ម៉ានូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី ស៊ូជី ពីលំនៅឋានទៅកាន់ពន្ធនាគារ នៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យ SAC សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។
លោក ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូនលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងពេលថ្មីៗនេះថា លោកមិនមានមន្ទិលសង្ស័យទេថា ក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថា លោកស្រី ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ។
លោកបន្តថា៖ «ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ានសូមឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់លំនៅឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខុមាលភាពទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។ «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិ ដោយសន្តិវិធីមិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ចូលទៅក្នុងសមីការដំណោះស្រាយ»។
លោកបញ្ជាក់ក្នុងលិខិតនេះថា សហសេវិកអាស៊ានទាំងអស់ជំរុញយ៉ាងខ្លាំងឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ។ ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលម្ហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់។
តុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀតកាលពីខែមករា។ លោកស្រីត្រូវបានកាត់ទោសពីបទកាន់កាប់ខុសច្បាប់ និងការនាំចូលនូវវិទ្យុទាក់ទង និងបំពានវិធានការជំងឺកូវីដ ១៩។ លោកស្រីត្រូវបានកាត់ទោសជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ ២០២១ ហើយត្រូវបានបន្ថយទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ។
លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន ហើយប្រឈមមុខនឹងបទចោទជាច្រើន តែលោកស្រីបានច្រានចោល។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២៧ មិថុនាថា ការទទូចនេះបានបង្ហាញពីកង្វល់យ៉ាងខ្លាំងរបស់សហគមន៍អាស៊ានក៏ដូចជាកង្វល់របស់ពិភពលោកពីព្រោះករណីលោកស្រីស៊ូជី មិនមែនជាករណីតែអាស៊ានទេវាជាករណីអន្តរជាតិ។ លោកស្រី ស៊ូជី ត្រូវបានបោះឆ្នោតជាប់កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលអន្តរជាតិបានមើលឃើញថា ការចាប់ខ្លួននេះគឺជារដ្ឋប្រហារយោធារបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ ការឃុំខ្លួនលោកស្រី ស៊ូជី នៅក្នុងពន្ធធនាគារ ដែលមិនមែនជាការឃុំខ្លួនលើកដំបូង វាជាក្ដីកង្វល់របស់អន្តរជាតិពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក យង់ ពៅ បានថ្លែងថា៖ «អ៊ីចឹង ការទទូចឱ្យយកមកឃុំខ្លួននៅផ្ទះ តាមដែលករណីឃុំលើកដំបូងនោះគឺជាការសមស្របនៃកង្វល់របស់អាស៊ានទាំងអស់ពីព្រោះថា នៅក្នុងកុងសង់ស៊ីស ៥ ចំណុច អាស៊ានគឺចង់ចូលរួមដោះស្រាយបញ្ហានេះជាមួយភូមា។ អ៊ីចឹង ដើម្បីសម្រួលស្ថានការណ៍ លោក មីន អ៊ុងឡាំង ឬក្រុមប្រឹក្សារដ្ឋរបស់លោក មីន អ៊ុងឡាំង គួរតែសម្រួលស្ថានការណ៍ អាចយកលោកស្រី អ៊ុងសាន ស៊ូជី មកឃុំខ្លួននៅផ្ទះ»។
លោកបន្ថែមថា កុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានជាមួយនឹង SAC ដែលបានព្រមព្រៀងគ្នាគឺមិនទាន់មានការអនុវត្តទេ។ កម្ពុជាបានធ្វើការខិតខំប្រឹងប្រែងទៅលើការធ្វើកិច្ចការនេះខ្លាំងណាស់ ដើម្បីជំរុញការសម្របសម្រួលឱ្យមានការអនុវត្តកុងសង់ស៊ីសនេះទៅលើបញ្ហាភូមា។ លោកបន្តថា៖ «ក៏ប៉ុន្តែការសង្កេតរបស់ខ្ញុំឃើញថា ក្រុមប្រឹក្សារដ្ឋរបស់លោក មីន អ៊ុងឡាំង ហាក់ដូចជាមិនបន្ទន់ឥរិយាបថទទួលយកនូវការអនុវត្តកុងសង់ស៊ីសដែលបានព្រមព្រៀងនេះទេ ហាក់ដូចជាផ្គើនបន្ថែមទៀត។ អ៊ីចឹងធ្វើឱ្យបញ្ហាភូមានេះ វានៅតែជាបញ្ហាដុតរោលបន្ថែម»៕
វីដេអូ៖