ភ្នំពេញៈ ក្រោយពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រៀមស្នើសុំកញ្ចប់ថវិកាចន្លោះពី ៥០ ទៅជិត ៦០ លានដុល្លារអាមេរិកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់ចំណាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ខាងមុខនេះ។
លោក សោម សូរីដា អ្នកនាំពាក្យ គជប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ មិថុនាថា នៅព្រឹកថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន គជប បើកកិច្ចប្រជុំពិភាក្សាអនុម័ត លើគម្រោងនូវចំនួនថវិកាខាងលើនេះ ដើម្បីដាក់ជូនសមាជិក គជប ទាំង ៩ រូប ដើម្បីត្រួតពិនិត្យ និង អនុម័តមុននឹងដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្នើសុំការអនុម័តយល់ព្រមពីរដ្ឋសភា។
លោកថា ចំនួនថវិកានេះ បើធៀបនឹងការចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នេះ គឺប្រហាក់ប្រហែលគ្នា។ ថវិកានេះប្រើប្រាស់ផ្តោតសំខាន់ទៅលើការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ត្រៀមសម្ភារ បរិក្ខារ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ២០២៤ ការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ និងបន្តនិរន្តរភាពរបស់ គជប។
លោកថ្លែងថា៖ «យើងគិតទៅថវិកាដែលយើងប៉ាន់ស្មាននេះ សម្រាប់ដំណើរការបោះឆ្នោតទូទៅ ដើម្បីឱ្យគ្រប់ទៅតាមទំហំការងារ សំណូមពរការងារ និងលទ្ធភាពការងាររបស់គជបផងដែរ។ ថវិកានេះ នឹងត្រូវសម្រេចត្រឹមអគ្គលេខាធិការដ្ឋានគជប សិន មុននឹងដាក់ជូនទៅ គជប ពិនិត្យ និងសម្រេច»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក ថ្លែងនៅថ្ងៃទី ២៧ មិថុនា ថា ទំហំថវិកាជាតិដែលគជប ស្នើសុំនេះ គឺប្រហាក់ប្រហែលនឹងការចំណាយ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដែរ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកមិនទាន់ដឹងពីទំហំថវិកានេះនឹងត្រូវចំណាយទៅលើអ្វីខ្លះនោះទេ ប៉ុន្តែតាមពិសោធន៍កន្លងមកនេះ គឺជាការចំណាយទៅលើការរៀបចំបញ្ជីបោះឆ្នោត ទិញសម្ភារការិយាល័យបោះឆ្នោត និងមន្ត្រីជាប់កិច្ចសន្យាជាដើម។
លោកថ្លែងថា៖ «ថវិកាស្នើសុំនេះ គឺជាថវិកាជាតិ សម្រាប់ដំណើរការបោះឆ្នោតខាងមុខ មិនមែនជាជំនួយរបស់អន្តរជាតិទេ»។
លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅថ្ងៃទី ២៧ មិថុនាថា ការស្នើថវិកា ដើម្បីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ គឺហាក់ដូចជាលឿនពេក ព្រោះ គជប មិនទាន់បានកែសម្រួល ភាពមិនប្រក្រតីមួយចំនួនដែលគណបក្សនយោបាយបានលើកឡើងក្នុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅឡើយទេ។
លោកថា គជប មុននឹងសម្រេច ថវិកាសម្រាប់ការបោះឆ្នោត គួរតែពិគ្រោះយោបល់ ឬទទួលយកមតិយោបល់ពីគណបក្សនយោបាយជាមុនសិន ព្រោះនេះជាថវិការបស់ជាតិ។
លោកថ្លែងថា៖ «គជប ជាអាជ្ញាកណ្តាល អ្វីដែលគណបក្សគូប្រកួតប្រជែងនេះបានលើកឡើង គួរតែមានការយកទៅជជែកជាមុនសិន ព្រោះថវិកា ៥០ ទៅ ៦០ លានដុល្លារវាច្រើនណាស់ យើងគួរតែមានការសន្សំសំចៃថវិកាជាតិទាំងអស់គ្នា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងនៅថ្ងៃទី ២៧ មិថុនាថា ការត្រៀមថវិកាប្រមាណ ៥០-៦០ លានដុល្លារ អាមេរិករបស់ គជប នេះ ដើម្បីត្រៀមដំណើរការបោះឆ្នោតនៅឆ្នាំ ២០២៣ ព្រោះចំនួនថវិកានេះ គឺជាការដកពិសោធន៍មួយដែល គជប បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នេះរួចហើយ។
លោក ឥសាន បញ្ជាក់ថា ការស្នើ ថវិកាជាតិដើម្បីដំណើរការបោះឆ្នោតនេះ គឺជាភារកិច្ចរបស់ គជប ជាស្ថាប័នចាយលុយ មិនមែនជាភារកិច្ចរបស់បក្សនយោបាយទេ។
លោកថា៖ «បើ គជប ពិគ្រោះយោបល់ពីការស្នើសុំថវិកានេះ មិនមែនពិគ្រោះយោបល់តែជាមួយគណបក្សមួយទេ គឺត្រូវពិគ្រោះជាមួយគណបក្សនយោបាយចំនួន ៤៥ ដែលបានចុះបញ្ជី»៕ យើងក៏មិនទាន់ដឹងថា មានគណបក្សណាមួយចូលរួមប្រកួតប្រជែងដែរ ហើយបើឱ្យគេទៅសួរគ្រប់គណបក្សធ្វើយ៉ាងម៉េចកើត»៕
វីដេអូ៖