ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ សៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន ក្នុងគោលបំណង លុបបំបាត់អំពើហិង្សានៅក្នុងសាលារៀន និងសហគមន៍ ដើម្បីធានាឱ្យកុមារគ្រប់រូប ទទួលបាននូវកិច្ចការពារ ពេញលេញ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងទទួលបាននូវបរិយាកាសរៀនសូត្រប្រកប ដោយសុវត្ថិភាព។
លោក ពុត សាមិត្ត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ បានថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំនេះ នៅថ្ងៃទី២៨ខែមិថុនា នៅសណ្ឋាកាំបូឌីយ៉ាណា ថា ការមិនរើសអើងកុមារ អំពីស្ថានភាពសង្គម ភូមិសាស្រ្ត ជនជាតិ សាសនា ភាសា ភេទ កាយសម្បទា និងពណ៌សម្បុរ និង ការផ្តល់សេវាអប់រំ ប្រកបដោយសមធម៌ មនសិការវិជ្ជាជីវៈ គណនេយ្យភាព និងគុណភាព គឺជាមូលដ្ឋានសម្រាប់ កសាងសង្គមមួយប្រកបដោយចំណេះដឹង និងជំនាញ។ ក្នុងចក្ខុវិស័យនៃកម្មវិធីសិក្សារបស់ក្រសួងអប់រំ គឺចង់បណ្តុះធនធានមនុស្ស ឱ្យក្លាយជាពលរដ្ឋពេញលេញ ដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ហើយសកម្មក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។
លោកថា ការផ្សព្វផ្សាយលុបបំបាត់អំពើហិង្សាក្នុងសាលារៀន និងក្នុងសហគមន៍ គឺក្រសួងអប់រំចង់ឱ្យកុមារ និង យុវជនដែលចេញពីប្រព័ន្ធអប់រំរបស់ក្រសួងទៅថ្ងៃក្រោយ ក្លាយជាមនុស្សដែលគ្មានអំពើហិង្សា នៅក្នុងខ្លួន ក្លាយទៅជាមនុស្សដែលថ្លៃថ្នូរ ធ្វើការដោយមនសិការ និងការលះបង់ ។ លោកថ្លែងថា៖ «យើងចង់បានសង្គមមួយ ដែលរស់នៅដោយសុខដុមរមនា សង្គមមួយដែលគ្មានអំពើហិង្សា ដែលយើងអាចនិយាយបានថា សង្គមមានការរស់នៅដោយសេចក្តីថ្លៃថ្នូរ» ។
លោកស្រី ប៊ីយ៉ង់កា ឃូលីយ្យេ នាយិកាស្តីទី នៃអង្គការសង្គ្រោះកុមារអន្តរជាតិ ថ្លែងថា សៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន ត្រូវបានបង្កើតឡើង ក្រោមគម្រោងបញ្ចប់អំពើហិង្សាលើកុមារក្នុង និងជុំវិញសាលារៀន ក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ក្រសួងអប់រំ ជាមួយអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា អង្គការ Plan International Cambodia និងអង្គការ World Vision International និងអង្គការផ្សេងៗទៀត។ គម្រោងនេះមានមូលដ្ឋានគ្រឹះ សម្រាប់ការអនុវត្តទូទាំងប្រទេសនៅឆ្នាំក្រោយ បន្ទាប់ពីបានអនុវត្តសាកល្បងរួចហើយក្នុងរយៈពេល ២១ ខែ ចន្លោះពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ (ដោយរួមទាំងការបន្ថែមរយៈពេល៦ខែ) នៅខេត្តសៀមរាប និងព្រះវិហារ។
លោកស្រីថ្លែងថា៖ «ការអភិវឌ្ឍ និងការដាក់ឱ្យអនុវត្តសៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន គឺជាជំហ៊ានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់អំពើហិង្សាលើកុមារក្នុងសាលារៀន ក្នុងប្រទេសកម្ពុជា» ។
លោក ជុំ ចាន់រ៉ា អ្នកឯកទេសផ្នែកអប់រំ នៃអង្គការយូនីសេហ្វប្រចាំកម្ពុជាថ្លែងថា សៀវភៅណែនាំប្រតិបត្តិស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន គឺជាភ័ស្តុតាងថ្មីមួយទៀត បង្ហាញពីការបោះជំហានទៅមុខ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ។ លោកបានបញ្ជាក់ពីក្តីសង្ឃឹមថា បន្ទាប់ពីឯកសារនេះដាក់ឱ្យប្រើប្រាស់ដោយក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត អំពើហិង្សាលើកុមារគ្រប់រូបភាព នឹងត្រូវបានកាត់បន្ថយ។
លោកថ្លែងថា៖ «ក្នុងនោះដែរ ប្រហែលជាការចូលរួមរបស់លោកគ្រូអ្នកគ្រូ សហគមន៍ មាតាបិតា ក៏នឹងត្រូវបានពង្រឹងបន្ថែមទៀត ជាចំណេះដឹង ជាការគាំទ្រដល់ពួកគាត់» ។
លោក ជុំ ចាន់រ៉ា បញ្ជាក់ថា លោកគ្រូអ្នកគ្រូ និងមាតាបិតា មិនធ្លាប់ដឹងថា អ្វីដែលពួកគាត់កំពុងធ្វើនោះគឺជាអំពើហិង្សាលើកុមារនោះទេ ដោយគិតថា នោះគឺជាទម្លាប់ដែលធ្វើតគ្នាមក ពីមួយជំនាន់ទៅមួយជំនាន់ គឺការប្រៀនប្រដៅកូន ពីព្រោះបើមិនប្រើអំពើហិង្សា គឺក្មេងមិនស្តាប់។
លោកថ្លែងថា៖ «បើយើងគ្រាន់តែទៅបង្ខំលោកគ្រូអ្នកគ្រូ ឬមាតាបិតា ថាកុំធ្វើអ៊ីចឹង គ្រាន់តែប្រាប់ថា កុំប៉ុណ្ណឹង គឺវាអត់គ្រប់គ្រាន់ទេ គឺត្រូវផ្តល់ជម្រើសឱ្យគាត់។ ឧទាហរណ៍ថា មិនឱ្យគាត់វាយកូនពេលគាត់ខឹងកូន ត្រូវធ្វើម៉េច យើងត្រូវប្រាប់គាត់ទៅធ្វើអីផ្សេងវិញ ឱ្យកំហឹងថយចុះ»។
លោក សៅ ឡៃ គ្រូបង្រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាធ្មា ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានឱ្យដឹងថា បន្ទាប់ពីបានអនុវត្តគម្រោងនេះ គ្រូបង្រៀនក្នុងសាលារៀនមានការយល់ដឹងច្រើន និងកែប្រែឥរិយាបថ ដែលធ្លាប់ធ្វើកន្លងមក។
លោកថ្លែងថា៖ «គេណែនាំយើងកុំឱ្យប្រើអំពើហិង្សាទាំង ៥ ទម្រង់ មានខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការមិនអើពើ និងការកេងប្រវ័ញ្ញ ជាពិសេសគឺផ្តោតសំខាន់លើផ្លូវចិត្តរបស់កុមារ។ គេមានប្រព័ន្ធរាយការណ៍របស់គេក្នុងសាលា ពេលកុមារមានបញ្ហាអីគឺរាយការណ៍ទៅ គ្រូបន្ទុកថ្នាក់ ឬមួយជនបង្គោល ហើយនិងក្រុមប្រឹក្សាពិគ្រោះយោបល់ផ្លូវចិត្ត មានទាំងកុមារា និងកុមារី» ។
កុមារី ញ៉ាវ ស្រីនិច្ច សិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីគម្រោង បញ្ចប់អំពើហិង្សាលើកុមារនេះ ត្រូវបានអនុវត្តនៅក្នុងសាលារៀន ធ្វើឱ្យនាងបានយល់ដឹងអំពីការការពារខ្លួន ដឹងពីការរាយការណ៍ និងដឹងពីវិធីធ្វើយ៉ាងណារៀនឱ្យបានពូកែផងដែរ។
ស្រីនិច្ចថ្លែងថា៖ «គម្រោងហ្នឹងធ្វើឱ្យខ្ញុំដឹងថា សិទ្ធិកុមារមានប៉ុន្មាន ហើយអំពើហិង្សាហ្នឹង មានប៉ុន្មានទម្រង់ យន្តការក្នុងការការពារខ្លួនមានអីខ្លះ របៀបនៃការរាយការណ៍មានប៉ុន្មាន ហើយរៀនយ៉ាងម៉េចទើបបានចេះដឹងល្អ» ។
អ្នកស្រី លី ស្រីនាង អាណាព្យាបាលរបស់កុមារី ញ៉ាវ ស្រីនិច្ច រស់នៅភូមិបន្ទាយស្រី ឃុំខ្នារសន្ដាយ ស្រុកបន្ទាយស្រី បានឱ្យដឹងថា អ្នកស្រីមិនធ្លាប់ប្រើអំពើហិង្សាលើកូនៗនោះទេ ព្រោះនេះជាអំពើមិនល្អ ដែលអាចធ្វើឱ្យកូនៗយកតម្រាប់តាម ហើយក៏ជះឥទ្ធិពលដល់សង្គមជាតិផងដែរ។
អ្នកស្រីប្រាប់ថា មានអ្នកភូមិមួយចំនួននៅបន្តប្រើអំពើហិង្សាលើកូនៗ ដោយស្រែកដាក់ជេរប្រទេច និងវាយផងដែរ ជាពិសេសនៅពេលខឹង។ អ្នកស្រីធ្លាប់បានជួយប្រាប់ណែនាំ ប៉ុន្តែត្រូវបានអ្នកភូមិទាំងនោះឆ្លើយតបវិញថា នេះជាទម្លាប់ជាយូរមកហើយពិបាកកែ៕