លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី២៨ ខែមិថុនានេះថា កម្ពុជាចាប់ផ្តើមរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ឡើងវិញ តាមរយៈការធ្វើតេស្តម៉ាស៊ីនធំ (PCR)។
លោកបានថ្លែងដូចនេះតាមរយៈសារសំឡេងពិសេសថា ៖ «កម្ពុជាបានរកឃើញឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ឡើងវិញតាមរយៈនៃការធ្វើតេស្ត PCR មួយចំនួន ដែលក្នុងនោះរកឃើញទៅលើអ្នកដែលធ្វើតេស្តសម្រាប់ចេញទៅក្រៅប្រទេស និងមួយចំនួនទៀតរកឃើញលើអ្នកដែលវិលត្រលប់ពីក្រៅប្រទេសចូលក្នុងប្រទេសវិញ»។
លោក ហ៊ុន សែន ក៏បានទទួលព័ត៌មានផងដែរថា នៅទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័សក៏ឃើញមានវិជ្ជមាននៃកូវីដ១៩ ផងដែរ ដែលលោកអាចសន្មតផងដែរថាកូវីដ១៩ ចាប់ផ្តើមមានឡើងវិញ ទោះបីជាក្នុងចំនួនតិចក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ «ទោះជាជំងឺនេះរកឃើញក្នុងចំនួនតិចក៏ដោយ ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នលើការការពារសុខភាពផ្ទាល់ខ្លួន ហើយនៅគ្រប់ទីកន្លែងទាំងអស់ត្រូវតែមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរាលដាលចូលទៅក្នុងគ្រួសារ ស្ថាប័ននានា និងសហគមន៍ផងដែរ»។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីកុំឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពដូចមុន៕
វីដេអូ៖