ភ្នំពេញៈ ក្នុងពិធីប្រារព្ធអង្គមីទ្ទិងអបអរសាទរខួប ៧១ ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី ២៨ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់បន្តការពារខ្លួនពីមេរោគកូវីដ ១៩ ជាពិសេសត្រូវទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្ដឈ្នះលើជំងឺនេះ។
ជាមួយគ្នានេះ តាមរយៈសារជាសំឡេងពិសេសកាលពីល្ងាចថ្ងៃទី ២៧ មិថុនា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់រៀបចំទីតាំងដែលបង្កលក្ខណៈងាយស្រួល និងបង្កើតក្រុមចុះចាក់វ៉ាក់សាំងតាមភូមិ និងលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង និងសម្រាប់អ្នកដែលគ្មានលទ្ធភាពធ្វើដំណើរមកកាន់កន្លែងចាក់វ៉ាក់សាំង។
លោកបានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានចាក់ដូសទី ៣ ប្រមាណជាង ៥ លាននាក់ទៀត។
លោកមានប្រសាសន៍ថា៖ «គ្រប់រាជធានីខេត្តត្រូវសិក្សាថា អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ ស្ថិតក្នុងប្រភេទណា ជាកម្មករ ជាកសិករ ជាតំបន់ណាមួយពិតប្រាកដ ដើម្បីយើងងាយពង្រាយគ្រូពេទ្យ និងពង្រាយវ៉ាក់សាំងទៅកាន់ទីតាំងនោះផងដែរ»។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈកម្មការចំពោះកិច្ចពិនិត្យ សិក្សាថា តើអ្នកដែលមិនទាន់ទទួលបាននូវការចាក់វ៉ាក់សាំងដូសទី ៣ ស្ថិតនៅក្នុងតំបន់ណាច្រើនជាងគេ ដើម្បីអាចដឹងបាន និងងាយស្រួលរៀបចំផែនការសម្រាប់ពង្រាយក្រុមគ្រូពេទ្យ និងពង្រាយការចាក់វ៉ាក់សាំងដូសទី ៣ នេះ។
ការទទូចឱ្យមានការជំរុញនូវការចាក់វ៉ាក់សាំងដូសទី ៣ នេះ ដោយសារលោកបារម្ភចំពោះអត្រានៃប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះនៅមានចំនួនតិចនៅឡើយ ដែលវាអាចជាការចន្លោះប្រហោងធ្វើឱ្យវីរុសកូវីដ ១៩ នេះមានឱកាសវាយលុកលើអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ភាពស៊ាំសហគមន៍ដែលបានមកពីការចាក់វ៉ាក់សាំងបានបង្កើតនូវស្ថានភាពល្អប្រសើរមិនឱ្យមានមនុស្សស្លាប់ និងមិនមានមនុស្សឆ្លងបន្តទៀត ប៉ុន្តែភាពស៊ាំសហគមន៍នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារមកដល់ពេលនេះចំនួនប្រជាពលរដ្ឋរបស់យើងដែលបានចាក់ដូសទី ៣ ទើបតែបានជាង ៩ លាននាក់ប៉ុណ្ណោះ»។
លោក ហ៊ុន សែន ថា៖ «អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ ដែលខ្ញុំសុំធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិ គឺការចាក់ដូសទី ៣ ដែលប្រជាពលរដ្ឋរបស់យើងមិនទាន់ទទួលបានគ្រប់នៅឡើយ ដែលវាជាចន្លោះប្រហោងសម្រាប់ការវាយលុកនៃមេរោគកូវីដ ១៩សម្រាប់អ្នកមិនទាន់បានចាក់ដូសទី ៣ ដែលវាជាដូសធានានូវភាពស៊ាំសហគមន៍ និងភាពស៊ាំរបស់បុគ្គលម្នាក់ៗ»។
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី ២៨ មិថុនា បានសម្រេចប្រគល់ភារកិច្ចឱ្យអភិបាលរាជធានីខេត្តទទួលខុសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងជំរុញការចាក់វ៉ាក់សាំងនៅតាមស្រុក/ក្រុង/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកស្រីបញ្ជាក់ថា៖ «ត្រូវធ្វើការកៀរគរប្រជាពលរដ្ឋតាមភូមិ ឃុំនីមួយៗ និងចាត់ចែងពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តពិនិត្យ តាមដាន ជំរុញ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនដែលបានចាក់ និងមិនបានចាក់វ៉ាក់សាំងដូសទី ៣ (ជាប្រភេទណា កម្មករ កសិករ ឬក្រុមណា) នៅក្នុងដែនសមត្ថ-កិច្ចរបស់ខ្លួន ឱ្យបានជាក់លាក់ផងដែរ។ លោកស្រីថា៖ «ការធ្វើបច្ចុប្បន្នភាពនេះត្រូវផ្ញើមក គ.វ.ក-១៩ យ៉ាងយូរត្រឹមថ្ងៃទី ១៥ ខែកក្កដាហើយរដ្ឋបាលរាជធានីខេត្ត ត្រូវរៀបចំចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយផ្អែកលើចំនួនដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែងរួច ដើម្បីជំរុញការផ្តល់សេវាចាក់វ៉ាក់សាំងទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យនានាផងដែរ»។
រដ្ឋបាលរាជធានីខេត្ត ក៏ត្រូវដាក់បន្ថែមនូវការចាក់វ៉ាក់សាំងនៅតាមគោលដៅសំខាន់ៗ ដូចជារោងចក្រ-សហគ្រាស សាលារៀន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ផ្សារ កម្មករសំណង់ អ្នកបម្រើតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការ ដោយជំរុញឱ្យមានកិច្ចសហការពីម្ចាស់ទីតាំងទាំងនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីប្រារព្ធអង្គមិទ្ទិញនៅថ្ងៃទី ២៨ មិថុនាថា៖ «ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ ១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី ៣ ដូសទី ៤ និងបន្តទៅដូសទី ៥ ឱ្យបានគ្រប់ៗគ្នា»។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ អត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសបានចំនួនជាង ១៥ លាននាក់ ឬ ៩៤,២៦%។ ដោយឡែក សម្រាប់អ្នកបានចាក់ដូសទី ៣ មានចំនួនជាង ៩,៤ លាននាក់, ដូសទី ៤ ចំនួនជាង ២,៨ លាននាក់ និងដូសទី ៥ ចំនួនជាង ២៧ ម៉ឺននាក់៕