ភ្នំពេញៈ បច្ចុប្បន្នមានមធ្យោបាយច្រើនក្នុងការធ្វើដំណើរទៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាដោយអ្នកខ្លះជ្រើសរើសការជិះម៉ូតូ ខ្លះជិះរថយន្តខ្លួនឯង ខណៈអ្នកខ្លះទៀតចូលចិត្តប្រើសេវាដឹកជញ្ជូនដូចជា រថយន្តក្រុងនិងរថយន្ត VIP ផ្សេងៗ ដែលធ្វើដំណើរដោយមិនបាច់បើកបរដោយខ្លួនឯង។
យ៉ាងណាក៏ដោយ នៅមានសេវាដឹកជញ្ជូនមួយទៀត ដែលគេមិនចាំបាច់បើកបរដោយខ្លួនឯង មានសុវត្ថិភាព និងសន្សំសំចៃច្រើននោះគឺការធ្វើដំណើរដោយជិះរថភ្លើងដែលគេសង្កេតឃើញថាមានសម្ទុះខ្លាំងគ្រាន់បើ ក្រោយបើកដំណើរការឡើងវិញតាំងអំឡុងខែមេសា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ក្នុងថ្ងៃធម្មតាយ៉ាងហោចណាស់មានប្រជាពលរដ្ឋជិះរថភ្លើងពី ៨០ ទៅ ១០០នាក់ ក្នុង ១ ថ្ងៃ ដោយឡែកក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍និងថ្ងៃបុណ្យ អាចមានអ្នកធ្វើដំណើរចន្លោះពី ៩០០ ទៅ ១ ០០០ នាក់ ក្នុង ១ ថ្ងៃ។
កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរនៃស្ថានីយរថភ្លើងរ៉ូយ៉ាល់រៀលវ៉េខេមបូឌាបានឲ្យដឹងថា ពេលរីករាលដាលជំងឺកូវីដ១៩សេវាដឹកអ្នកដំណើរដោយរថភ្លើងបានផ្អាកដំណើរការពីខែមីនា ឆ្នាំ ២០២១ រហូតដល់ខែមីនា ឆ្នាំ ២០២២ និងបើកឲ្យដំណើរការឡើងវិញក្នុងអំឡុងខែមេសា ឆ្នាំ ២០២២។
កញ្ញាថា ចាប់តាំងពីបើកដំណើរការឡើងវិញរហូតដល់បច្ចុប្បន្ន សម្ទុះអ្នកដំណើរកើនឡើងអាចចន្លោះពី ៣០ ទៅ ៤០ ភាគរយ ហើយទូរថភ្លើងដឹកអ្នកដំណើរមានចន្លោះពី ១៩ ទៅ ២០ ទូ ដែលចំនួននេះអាចផ្ទុកអ្នកដំណើរបានពី ១ ១០០ នាក់ទៅ ១ ២០០ នាក់។
អ្នកគ្រប់គ្រងខ្សែអ្នកដំណើរនៃស្ថានីយរថភ្លើងរ៉ូយ៉ាល់រៀលវ៉េខេមបូឌារូបនេះបានឲ្យដឹងទៀតថាការលក់សំបុត្រសម្រាប់ការធ្វើដំណើរដោយរថភ្លើង ក្នុងនោះពីភ្នំពេញទៅកាន់ខេត្តតាកែវតម្លៃ ២៤ ០០០ រៀល ភ្នំពេញទៅខេត្តកែប ៣២ ០០០ រៀល ភ្នំពេញទៅខេត្តកំពត ៣៦ ០០០ រៀល ភ្នំពេញទៅខេត្តព្រះសីហនុ ៤០ ០០០ រៀល ភ្នំពេញទៅខេត្តពោធិ៍សាត់ ២៨ ០០០ រៀល ភ្នំពេញ ទៅខេត្តបាត់ដំបង ៣២ ០០០ រៀល ភ្នំពេញ ទៅសិរីសោភណ្ឌ ៣៦ ០០០ រៀល និងភ្នំពេញទៅប៉ោយប៉ែត ៤០ ០០០ រៀល។
អង្គុយក្បែរបង្អូចក្នុងរថភ្លើងងាកទៅឆ្វេងបន្តិចមើលទិដ្ឋភាពស្ថាននីយរដ្ឋភ្លើងមុនចេញដំណើរទៅក្រុងបាត់ដំបង លោក ជិន មឿន មានសម្បុរខ្មៅ អាយុជិត ៧០ ឆ្នាំ បានឲ្យដឹងថា កាលពីសម័យដើម លោកបានជិះរថភ្លើងញឹកញាប់ដែលគេហៅថា អូតូរ៉ៃ បន្ទាប់មកនៅអំឡុងឆ្នាំ ១៩៨០ បានជិះ ២-៣ ដងទៀត រួចខកខានរហូតដល់ឆ្នាំ ២០២២ នេះ គឺជាលើកដំបូងដែលលោកបានជិះរថភ្លើងម្តងទៀត។ការសាកល្បងជិះនេះដោយសារចង់ដឹងអំពីសេវារថភ្លើងបច្ចុប្បន្នល្អប្រសើរយ៉ាងណាខ្លះ ខណៈមូលហេតុដទៃទៀតគឺលោកមានការព្រួយបារម្ភក្នុងការធ្វើដំណើរដោយរថយន្តឈ្នួល ហើយមួយវិញទៀតពិបាកក្នុងការបើកបរដោយខ្លួនឯង ថែមទាំងប្រេងឥន្ធនៈឡើងថ្លៃផងដែរ។
បុរសពាក់អាវស រាងស្គមខ្ពស់ម្នាក់នេះ បានឲ្យដឹងទៀតថា តាមរយៈការឆ្លងកាត់ការទិញសំបុត្រឃើញថា តម្លៃសំបុត្រសមរម្យអាចទទួលយកបាន ចំណែកការទទួលភ្ញៀវគឺមានភាពរួសរាយរាក់ទាក់សម្ដីទន់ភ្លន់ល្អ ព្រមទាំងដោយមានស្នាមញញឹមគួរជាទីរីករាយ ប៉ុន្តែក្នុងអំឡុងពេលនៃការធ្វើដំណើរយ៉ាងណាទៀតនោះមិនទាន់អាចបញ្ជាក់បានទេ ដោយសារមិនទាន់បានជិះដល់គោលដៅ។
លោកថ្លែងថា៖ «មិនអីទេតម្លៃប៉ុណ្ណឹងហើយយើងវ័យចំណាស់អ៊ីចឹងជិះកន្លែងទូលាយបានមើលទេសភាពភ្នំ ទេសភាពព្រៃ វាលស្រែ វាលស្រូវអី អ៊ីចឹងទៅវាធ្វើឲ្យចិត្តរីករាយស្រស់ថ្លាម្យ៉ាងដែរ មនុស្សចាស់វាផ្សេងពីក្មេងណាស់» ។
លោក ស៊ិន ដារ៉ាវុធ អាយុ ៦០ ឆ្នាំ ជាអ្នកខេត្តបាត់ដំបងម្នាក់ទៀត បានឲ្យដឹងថា ការជិះរថភ្លើងមានសុវត្ថិភាព ១០០% ល្អជាងជិះរថយន្តតាមថ្នល់ជាតិដែលអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ហើយពេលធម្មតាកន្លែងអង្គុយទូលាយល្អ ចំណែកល្បឿនសមរម្យអាចទទួលយកបាននិងគ្មានអ្វីគួរបារម្ភនោះទេ ព្រោះផ្លូវ ១ ខ្សែបើកបរតែឯង។
ចំណែកលោក ប៉ល់ កណ្តុម ធ្វើដំណើរតាមរថភ្លើងទៅស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា ការជ្រើសរើសជិះរថភ្លើងនេះដោយសារល្បីតៗពីបងប្អូនធ្លាប់ជិះថា រថភ្លើងមានសុទ្ធតែម៉ាស៊ីនត្រជាក់ ហើយមួយវិញទៀត ការធ្វើដំណើរតាមរថយន្តផ្លូវមិនទាន់ធ្វើហើយរួចរាល់។
ដោយឡែកអ្នកស្រី ខៀវ ផាន់ណាវី អ្នកខេត្តពោធិ៍សាត់បានឲ្យដឹងថាអ្នកស្រីចូលចិត្តធ្វើដំណើរតាមរថភ្លើងដោយសារតែសុវត្ថិភាព ហើយពេលវេលាទៀងទាត់ ពីភ្នំពេញទៅពោធិ៍សាត់ ត្រឹមតែម៉ោង ១០ កន្លះ គឺដល់គោលដៅ។ជាមួយគ្នានោះសង្កេតឃើញថា បន្ទប់ទឹកប្រើប្រាស់មានអនាម័យស្អាតល្អ។ អ្នកស្រីបន្តថា ភាពងាយស្រួលមួយទៀតគឺក្នុងទូរថភ្លើងមានកន្លែងលក់អាហារដោយមិនចាំបាច់ចេញទៅទិញនៅខាងក្រៅឡើយ។
អង្គុយជជែកគ្នាយ៉ាងសប្បាយរីករាយជាមួយបុរសចំណាស់ម្នាក់ក្នុងទូរថភ្លើងមុនចេញដំណើរ ស្ត្រីមានសម្បុរស សក់រួញអង្គាដីអាយុប្រហែលជាង ៥០ ឆ្នាំ ធ្វើដំណើរទៅខេត្តកែបគឺអ្នកស្រី ម៉ម សេដ្ឋាក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រីក៏ធ្លាប់ជិះរថភ្លើងតាំងពីនៅតូចដែលតាមការកំណត់ចំណាំគឺរថភ្លើងសម័យមុនចាស់ៗណាស់ ប៉ុន្តែសម័យថ្មីនេះរថភ្លើងមើលទៅនៅថ្មីជាង។ អ្នកស្រីប្រាប់ទៀតថា ការជិះរថភ្លើងទៀតសោត គឺសន្សំសំចៃ និងសុវត្ថិភាពជាងជិះរថយន្តក្រុងធំ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមកមើលហ្នឹងសម្រាប់ថ្ងៃក្រោយកូនខ្ញុំគេមកលេងអីខ្ញុំមើលស្ទាបស្ទង់ស្ថានការណ៍ ដើម្បីថ្ងៃក្រោយកូនចៅខ្ញុំមកលេង ជិះរថភ្លើង ហើយជិះរថភ្លើងល្អជាងជិះឡានក្រុងធំៗ ព្រោះយើងមានក្មេងច្រើន អ៊ីចឹងជិះរថភ្លើងស្រួលជាង»។
ចំណែកបុរសពាក់វ៉ែនតាកញ្ចក់សថ្លា ពាក់ម៉ាស់ពណ៌ស មានមុខមូល សក់ស្លូតសិតចំហៀង ដែលអង្គុយស្តាប់ចម្រៀងក្បែរមាត់បង្អូចក្នុងរថភ្លើងវ័យជិត ៣០ ឆ្នាំ លោក ណាក់ រេន បានឲ្យដឹងថា លោកចូលចិត្តធ្វើដំណើរទៅលេងតាមបណ្តាខេត្តទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហើយជាធម្មតាគឺជិះរថយន្តក្រុង ប៉ុន្តែផ្ទុយពីរាល់ដងការធ្វើដំណើរលើកនេះក្នុងទិសដៅទៅលេងកម្សាន្តនៅខេត្តកំពតលោកមកសាកល្បងជិះរថភ្លើងវិញម្តង។ ការសាកល្បងជិះលើកដំបូងនេះលោក ណាក់់ រេន ប្រាប់ថា មានការព្រួយបារម្ភខ្លះដែរ ដោយសារតែមិនធ្លាប់ជិះពិសេសគឺខ្លាចរថភ្លើងខូចតាមផ្លូវតែម្តង។
លោកថ្លែងថា៖ «រថភ្លើងយើងវាអត់ទាន់ល្អឬមួយក៏មានបច្ចេកទេសទំនើបដូចប្រទេសគេរីកចម្រើនអ៊ីចឹងទៅខ្ញុំភ័យបារម្ភថា បើខូចទៅកាលណាទើបយើងបានបន្តដំណើរទៅដល់ទីតាំងរបស់យើង តែខ្ញុំសង្ឃឹមថា មិនអីទៅចុះព្រោះបញ្ហាហ្នឹងយូរៗទើបមានម្តង» ។
ឆ្លើយតបចំពោះការព្រួយបារម្ភនេះ កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរនៃ Royal Railway បានបញ្ជាក់ថា ពិតណាស់រថភ្លើងក៏ដូចជារថយន្តផ្សេងៗទៀតដែរគឺអាចមានខូចនៅចន្លោះណាមួយ ប៉ុន្តែករណីនេះមិនកើតឡើងញឹកញាប់នោះទេ។
ដោយឡែកប្រសិនបើរថភ្លើងមានបញ្ហាខូចតាមផ្លូវគឺក្រុមហ៊ុនមានអ្នកជំនាញជួសជុលដោយសុំរយៈពេលភ្ញៀវក្នុងចន្លោះសមរម្យណាមួយ។មួយវិញទៀត ប្រសិនបើមើលទៅឃើញថាជួសជុលមិនបាន ហើយគ្មានក្បាលម៉ាស៊ីនណាមកជំនួសបាន នឹងមានការជួលរថយន្ត ដើម្បីដឹកអ្នកដំណើរទៅតាមគោលដៅដែលពួកគាត់ចង់ទៅ ។
កញ្ញាថ្លែងថា៖«ការខូចវាតែងតែមាន ទោះជាឡានក៏មានការខូចតាមផ្លូវដែរ មិនមែនតែរថភ្លើងទេ ប៉ុន្តែសម្រាប់រថភ្លើងយើងគឺ ប្រសិនបើក្នុងករណីវាខូចតាមផ្លូវយើងមានការមើលថែ ហើយបើត្រូវការរយៈពេលយូរជួសជុល យើងនឹងមាន ២ វិធី ទី១ បើមានក្បាលម៉ាស៊ីនណានៅជិតយើងនឹងយកវាមកអូទូហ្នឹងទៅ មួយទៀតចំណុចចុងក្រោយយើងនឹងជួយលឡានដឹកភ្ញៀវទៅគោលដៅដែលគាត់ត្រូវទៅ» ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាស្វែងរកក្រុមហ៊ុនដៃគូអភិឌ្ឍន៍ធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿននៅលើផ្លូវរថភ្លើងចាស់ដើម្បីបង្កើនល្បឿនការដឹកជញ្ជូន ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវដែកនេះមានភាពយឺតយ៉ាវមិនអាចឆ្លើយតបនឹងការវិវឌ្ឍសេដ្ឋកិច្ចសង្គមបាន។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការធ្វើដំណើរតាមប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកទាំង ២ ទិស គឺពីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ បានត្រឹម ២០-៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង ដែលមិនអាចឆ្លើយតបនឹងសភាពការណ៍ការដឹកជញ្ជូនក្នុងប្រទេសនិងការតភ្ជាប់ទៅកាន់ប្រទេសជិតខាងរបស់កម្ពុជាឡើយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនេះមិនទាន់មានព័ត៌មានលម្អិតថ្មីទេ ប៉ុន្តែតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគឺបានឲ្យក្រុមហ៊ុនមួយកំពុងសិក្សាពីលទ្ធភាពថា ត្រូវធ្វើទំនើបកម្មខ្សែផ្លូវចាស់ ឬមួយសាងសង់់ខ្សែផ្លូវថ្មី។
សូមជម្រាបជូនថា ផ្លូវដែកកម្ពុជាមាន២ខ្សែគឺផ្លូវដែកភាគខាងជើងមានប្រវែង៣៨៦គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ពីឆ្នាំ ១៩២៩ ដល់ឆ្នាំ១៩៤២ និងផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ខេត្តព្រះសីហនុ) បានកសាងឡើងចន្លោះឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩ ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។ ផ្លូវដែកទាំង ២ ខ្សែ បានទទួលរងការខ្ទេចខ្ទាំស្ទើរទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបានជួសជុលឡើងវិញក្រោមការសហការរវាងក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់រៀលវ៉េកម្ពុជា៕