ភ្នំពេញៈ ផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) នាចុងឆ្នាំ ២០២១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២៨ ក្នុងចំណោម ១២២ ប្រទេស ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្ម ក្រោមឆត្រ UN ឬ អសប រីឯការចូលរួមរបស់នារី ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមប្រទេសទាំង ១២២ នេះ។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងការពារជាតិ។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងនាថ្ងៃទី ២៩ មិថុនា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ ២០២២ ថា ការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអសប កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗ ដែលមានការទទួលស្គាល់ពីមន្ត្រី អសប នានា ក្នុងតំបន់បេសកកម្ម។
លោកថ្លែងថា៖ «បើផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិ នាចុងឆ្នាំ ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង។ ឯការចូលរួមរបស់នារី ទទួលបានលំដាប់លេខ ១៣/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង។ ចំណែកនៅក្នុងសហគមន៍អាស៊ាន កម្ពុជាទទួលបានលំដាប់លេខ៣ ឯការចូលរួមរបស់នារីបន្តទទួលបានលំដាប់លេខ២»។
លោក ឈុំ សុជាត បន្តថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រសួងការពារជាតិ ប្តេជ្ញាបន្តបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងជំរុញយោធិននារី ចូលរួមឱ្យបានពី ១៥ ភាគរយ ទៅ ២០ ភាគយ។
ជាមួយគ្នានេះ កាណាដា សន្យានឹងបន្តគាំទ្រដល់ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ផ្នែករក្សាសន្តិភាព ក្រោមឆត្រនៃអង្គការសហប្រជាជាតិ បន្ទាប់ពីមានសំណើសុំពីកម្ពុជា។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាថ្ងៃទី ២៩ ខែមិថុនា លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vicky Singmin ភារធារី នៃបេសកកម្មកាណាដា ប្រចាំអាស៊ាន និងលោក Jan Scazighino ភារធារីស្ថានទូតកាណាដា ប្រចាំកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ក្នុងជំនួបនោះ លោក សែម សុវណ្ណនី បានស្នើសុំឱ្យរដ្ឋាភិបាលកាណាដា បន្តជួយគាំទ្រដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងបណ្តុះបណ្តាលធនធានមនុស្សដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៩ មិថុនាថា លោកស្រី Vicky Singmin បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងទ័ពមួកខៀវកម្ពុជា ដែលទទួលបានលទ្ធផលល្អប្រសើរផ្នែកប្រតិបត្តិការ រក្សាសន្តិភាពបោសសម្អាតមីននៅកម្ពុជា និងការចូលរួមប្រតិបត្តិការ រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ លើបណ្តាប្រទេសមួយចំនួន ដែលមានជម្លោះដោយសារសង្គ្រាម។
សេចក្តីប្រកាសព័ត៌មានបន្តថា៖«លោកជំទាវ [Vicky Singmin] នឹងបន្តគាំទ្រដល់ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សផ្នែករក្សាសន្តិភាព ព្រមទាំងពាំនាំនូវសំណើ និងលទ្ធផលនៃជំនួបពិភាក្សាការងារនេះ ជម្រាបដល់រដ្ឋាភិបាលកាណាដាផងដែរ»៕