ប.មានជ័យៈ អភិបាល​ខេត្ត​បន្ទាយមានជ័យ ​លោក ​អ៊ុំ រាត្រី ​បាន​បញ្ជូន​មន្រ្តី ​និង​ឧបករណ៍​ថត​ចម្លង​ក្រដាស​បន្ថែម​ ជូន​ដល់​អង្គភាព​ច្រក​ចេញ-ចូល​តែ​មួយ​នៅ​សាលា​ខេត្ត​ ដើម្បី​ពន្លឿន​ការ​ធ្វើ​បណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ខ្មែរ​ បន្ទាប់​ពី​មាន​ការ​រិះគន់​ថា ​មាន​ភាព​យឺតយ៉ាវ​ដែល​រយៈពេល​ ៣ ខែ ​អង្គភាព​នេះ​បាន​ចេញ​បណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ជាង ​២ ម៉ឺន​បណ្ណ។

អនុប្រធាន​អង្គភាព​ច្រកចេញ-​ចូល​តែ​មួយ​នៃ​សាលា​ខេត្ត​បន្ទាយមានជ័យ ​លោកស្រី​ សួន សុភ័ក្រ្ត​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៩ ​មិថុនា​ថា ​បន្ទាប់​ពី​មាន​ការ​បើក​ច្រក​ព្រំដែន​ឡើង​វិញ ​រវាង​កម្ពុជា-​ថៃ ​កាល​ពី​ប៉ុន្មាន​ខែ​មក​នេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​​​​តាម​ខ្សែ​បន្ទាត់​ព្រំដែន ​បាន​សម្រុក​មក​ធ្វើ​បណ្ណ​ព្រំដែន​ (Border Pass) ​ក្នុង​ ១ ថ្ងៃ ​មាន​ដល់​ ១ ពាន់​បណ្ណ។ ដោយសារ​ការ​សម្រុក​​ធ្វើ​បណ្ណ​នេះ​ហួស​ពី​ការ​ស្មាន ​ទើប​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​សេវា​នាពេល​កន្លង​មក។ ក្នុង​ ១ ថ្ងៃ​ អង្គភាព​ច្រក​ចេញ-ចូល​តែ​មួយ ​អាច​ចេញ​បណ្ណ​ត្រឹម​ ២០០ ​បណ្ណ​ប៉ុណ្ណោះ​ ​ដោយសារ​មន្រ្តី​មាន​ចំនួន​តិច។

លោកស្រី​បញ្ជាក់​ថា ​ដោយសារ​មាន​ភាព​យឺតយ៉ាវ ​និង​រិះគន់​ពី​ប្រជាពលរដ្ឋ ​ទើប​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​មន្រ្តី​ជំនាញ​​ចំនួន​ ១២ រូប ​និង​ផ្តល់​ឧបករណ៍​ព្រីន​បន្ថែម​ទៀត ​ដើម្បី​សម្រួល​ដល់​កិច្ចការ​នេះ។

លោកស្រី​ថ្លែង​ថា​៖ «កាល​ពី​មុន ​ពលរដ្ឋ​ដាក់​ស្នើ​ធ្វើបណ្ណ​ព្រំដែន ​ក្នុង​ ១ ថ្ងៃ​ ១ ០០០ នាក់ ​ហើយ​យើង​បញ្ចេញ​បាន​ត្រឹម​ ២០០ នាក់ ​ក្នុង​ ១ ថ្ងៃ។ ប៉ុន្តែ​ក្រោយ​មក​ អភិបាលខេត្ត​គាត់​ជំរុញ ​និង​បញ្ជូន​បុគ្គលិក​មក​បន្ថែម​ជួយ ​និង​ដាក់​ម៉ាស៊ីន​ព្រីន​​ថែម​ចំនួន​ ៣ គ្រឿង។ អ៊ីចឹង​ឥឡូវ​នេះ​អាច​បញ្ចេញ​បាន​ ៥០០ [បណ្ណ] ​មាន​ភាព​ប្រសើរ​ជាង​មុន»។

លោកស្រី​ឱ្យ​ដឹង​ថា ​ភាព​យឺតយ៉ាវ​កន្លង​មក ​គួប​ផ្សំ​នឹង​ការ​បញ្ជូល​បច្ចេកវិទ្យា​ថ្មី​ហើយ​បច្ចេកវិទ្យា​នោះ​ទៀត​សោត​បាន​ជួប​ប្រទះ​បញ្ហា ​និង​មាន​ការ​រអាក់រអួល​​បន្តិចបន្តួច។ ក្រុម​ការងារ​ធ្លាប់​ប្រាប់​ពលរដ្ឋ​ដែរ​ថា ​ប្រព័ន្ធ​រអាក់រអួល ​និង​មាន​អ្នក​មក​ធ្វើ​ច្រើន ​ប៉ុន្តែ​​ពលរដ្ឋ​ខ្លះ​មិន​ទទួល​យក​ការ​បកស្រាយ​ទេ ​ខ្លះ​គាត់​ថា​ប្រញាប់។​ ពី​មុន​ក្រុម​ការងារ​គ្រាន់​តែ​កត់ត្រា​ចូល​ប្រព័ន្ធ ​Border pass ​ហើយ​ព្រីន ​ប៉ុន្តែ​ឥឡូវ​មាន​ការ​កត់​ចូល​ទៅ​ប្រព័ន្ធ​ក្រសួង​មហាផ្ទៃ​មួយ​ទៀត ​ហើយ​ប្រព័ន្ធ​ដែល​ធ្វើ​ថ្មី​មាន​ភាព​រអាក់រអួល។

លោកស្រី​បន្ថែមថា​៖ «ជួន​កាល​ដាច់​ដល់​ ៣ ថ្ងៃ ​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​យូរ។ ​ណាមួយ​អ្នក​ដាក់​ពាក្យ​ធ្វើ​បណ្ណ​កាន់​តែ​ច្រើន​ហួស​ពី​ការ​គិត។ អ៊ីចឹង​បើ​គាត់​មក​ដាក់​ហើយ ​យើង​មាន​តែ​ទទួល ​ទោះ​បញ្ចេញ​បាន​តិច​នាពេល​នោះ ​ក៏​ទទួល​គាត់​សិន​ដែរ»។

លោកស្រី​ សួន សុភ័ក្រ្ត​ ឱ្យ​ដឹង​ថា ​មូលហេតុ​មួយ​ទៀត ​ទោះបី​ភាគី​ទាំង ២ ​បើក​ច្រក​ព្រំដែន​វិញ​ពិត​មែន ​ប៉ុន្តែ​ថៃ​មិន​ទាន់​លក់​សំបុត្រ​ចេញ-​ចូល ​តម្លៃ ​១០ បាត ​ដូច​មុន​ពេល​កូវីដ ១៩ ​នៅ​ឡើយ​ទេ។ សំបុត្រ​នេះ​ អាច​ចេញ​ចូល​ព្រំដែន​ ១ ថ្ងៃ ​ដូច្នេះ​ទើប​ពលរដ្ឋ​ខ្មែរ​នៅ​តែ​សម្រុក​ទៅ​ធ្វើ​បណ្ណ​ព្រំដែន។ លោកស្រី​ថា ​នៅ​ពេល​ថៃ​បើក​លក់​សំបុត្រ​នេះ​ឡើង​វិញ ​ពលរដ្ឋ​ខ្មែរ​នឹង​មិន​សូវ​មក​ធ្វើ​បណ្ណ​ព្រំដែន​ទៀត​ទេ។ សម្រាប់​បច្ចុប្បន្ន ​អង្គភាព​ច្រក​ចេញ-​ចូល​តែ​មួយ​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ទាំង​ថ្ងៃសៅរ៍-អាទិត្យ ​ផង​ដែរ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពលរដ្ឋ។

លោកស្រី​ថ្លែងថា​៖ «ឯកឧត្តម​អភិបាល​ខេត្ត ​គាត់​ជំរុញ​ឱ្យ​ធ្វើ​សៅរ៍-​អាទិត្យ ​ព្រោះ​គាត់​សម្រុក​មក​ធ្វើ​តែ​មួយ​ពេលៗ​នោះ​ឯង ​ដែល​ពេល​នោះ​ការ​ធ្វើ​បណ្ណ​ព្រំដែន​កន្លះ​ខែ​ទើប​បាន។ ប៉ុន្តែ​ឥឡូវ​យើង​ចេញ​បណ្ណ​ឱ្យ​គាត់​តែ​ ១ អាទិត្យ ​ឬ​ ៥ ថ្ងៃ​។ បើ​អត់​សូវ​មាន​មនុស្ស​ធ្វើ​ច្រើន ​៣ ថ្ងៃ​ ក៏​ធ្វើ​ឱ្យ​គាត់​បាន​ដែរ»។

បើ​តាម​លោកស្រី ​ពលរដ្ឋ​ដែល​សម្រុក​ធ្វើ​បណ្ណ​ព្រំដែន ​គឺ ​ក្នុង​អំឡុង​ខែ​មេសា ​និង​ឧសភា ​ដែល​មាន​ ​អ្នក​ស្នើសុំ​ក្នុង​ ១ ថ្ងៃ​ ជាង​ ១ ពាន់​បណ្ណ ​ប៉ុន្តែ​ឥឡូវ​នេះ ​អ្នក​ដាក់​ពាក្យ​នៅ​ត្រឹម ​២០០-៣០០ នាក់ ​ក្នុង ​១ ថ្ងៃ។ ការ​ផ្តល់​បណ្ណ​នេះ​ផង​ដែរ ​បាន​ផ្តល់​អាទិភាព​ចំពោះ​អ្នក​មាន​ជំងឺ​ ចាស់​ជរា ​អ្នក​មាន​ផ្ទៃ​ពោះ ​និង​អ្នក​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ត្រូវ​ការ​ទៅ​ពេទ្យ​បន្ទាន់។ បណ្ណ​នេះ ​ធ្វើ​ឡើង​តាមរយៈ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​ថៃ ​និង​ខ្មែរ ​ ក្នុង​កម្រិត​ត្រឹម​ខេត្ត​បន្ទាយមានជ័យ ​និង​ខេត្ត​ស្រះកែវ។ បើ​ហួស​ទៅ​ដល់​ក្រុង​បាងកក ​ឬ​ខេត្ត​ផ្សេង ​គឺ​មិន​អាច​ចេញ​ទៅ​បាន​ទេ។

លោកស្រី​ឱ្យ​ដឹង​ថា ​គិត​ចាប់​ពី​ថ្ងៃទី ១ មេសា ​​ដល់​ថ្ងៃទី ២៤ ​មិថុនា ​ឆ្នាំ ២០២២ ​អង្គភាព​ច្រក​ចេញ​-​ចូល​តែ​មួយ​នៃ​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​បណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ​២៣ ៣៧៨ បណ្ណ។​ បច្ចុប្បន្ន​មន្រ្តី​ដែល​កំពុង​បម្រើ​កិច្ចការ​នេះ​មាន​ជាង ​៤០ នាក់ ​ក្នុង​នោះ​បញ្ជូន​មក​ថ្មី​ចំនួន​ ១២ នាក់។ មន្រ្តី​ក្របខ័ណ្ឌ ៦ នាក់ ​មន្រ្តី​កិច្ច​សន្យា​​ ៨ នាក់ ​និង​មាន​មន្រ្តី​ស្ម័គ្រចិត្ត​ពី​ក្រុម​យុវជន​ប្រហែល ៨ នាក់ ​ព្រមទាំង​មន្រ្តី​នៅ​ផ្នែក​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​លោក​ មឿន តុលា ​ថ្លែង​ថា ​ក្នុង​ករណី​​យឺតយ៉ាវ​ដោយសារ​ម៉ាស៊ីន​រអាក់រអួល ​អាច​ជា​រឿង​សមហេតុផល ​ដោយសារ​មួយរយៈ​កន្លងមក​មិន​សូវ​ប្រើប្រាស់។

លោក​ថា​៖ «ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ​មួយរយៈ​កន្លង​មក​ ម៉ាស៊ីន​មួយ​ចំនួន​ក៏​វា​អសកម្ម។ ប៉ុន្តែ​អ្វី​ដែល​​ សំខាន់​ខាង​ថ្នាក់​ខេត្ត​ ឬ​ថ្នាក់​ជាតិ​គួរ​ពិនិត្យ​មើល​ការ​ត្អូញត្អែរ ​របស់​ប្រជាពលរដ្ឋ ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​នៅ​តាម​ច្រក​ព្រំដែន។​ បើសិន​ជា​យឺតយ៉ាវ​ដោយសារ​ម៉ាស៊ីន ​ជា​រឿង​មួយ​សមហេតុផល ​ប៉ុន្តែ​បើ​សិន​ជា​ការ​យឺតយ៉ាវ​ពាក់ព័ន្ធ​លេស​ក្នុង​ការ​ទារ​លុយ​គួរ​តែ​មាន​វិធានការ​ច្បាស់លាស់»។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-ថៃ​​ តម្លៃ​ ២ ម៉ឺនរៀល។ ការ​បន្ត​​សៀវភៅ​បណ្ណ​ព្រំដែន ​តម្លៃ​ ២ ម៉ឺនរៀល ​ការ​បន្ត​សុពលភាព​បណ្ណ​ព្រំដែន​ (សៀវភៅ​ចាស់) ​តម្លៃ​ ១ ម៉ឺន​រៀល ​មាន​សុពលភាព​រយៈពេល​ ២ ឆ្នាំ៕

វីដេអូ៖