ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចំនួន ៣ រូបដែលថាការជំនុំជម្រះក្ដីនៅកម្ពុជានៅពេលថ្មីៗនេះ ធ្វើឡើងដោយហេតុផលនយោបាយ។
ការច្រានចោលនេះធ្វើឡើង បន្ទាប់ពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំង ៣ រូបនេះបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ២៩ ខែមិថុនា ដោយអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់នូវដំណើរការផ្លូវច្បាប់ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកនយោបាយប្រឆាំងនៅកម្ពុជា បន្ទាប់ពីជនជាប់ចោទយ៉ាងតិចចំនួន ៤៣ នាក់ត្រូវបានកាត់ទោសពីបទញុះញង់ និងរួមគំនិតក្បត់ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូត ៨ ឆ្នាំ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី ២៩ ខែមិថុនាថា៖ «ការលើកឡើងថា សវនាការធ្វើឡើងដោយហេតុផលនយោបាយ គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត។ មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រគណបក្សកាន់អំណាចក៏ត្រូវបានតុលាការតែមួយនេះកាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រការនេះបញ្ជាក់ «យ៉ាងច្បាស់» ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍បន្តថា «ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំងដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួលឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថាការកាត់ក្ដីនៅពេលថ្មីៗនេះមានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញនៅឆ្នាំ ២០១៩ ឬព្រឹត្តិការណ៍ ៩/១១ របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង»។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះគឺជាការខុសច្បាប់ ដែលធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ប៉ុន្តែតាមការពិតវាគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជាដែលត្រូវបានជួយរៀបចំតាក់តែងឡើងដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសទាំង ៣ រូប គឺធ្វើឡើងដោយជ្រើសរើសតែ ១ ជ្រុង លម្អៀង និងហាក់ភ្លេចថា អតីតសហការីរបស់អ្នករាយការណ៍ពិសេសទាំង ៣ រូប គឺលោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានថ្កោលទោសលោក សម រង្ស៊ី អតីតអនុប្រធានគណបក្សសង្គ្រោះជាតិក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីឆ្នាំ ២០១៩ ចំពោះការប្រើភាសា «បំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត»។
ស្ថានបេសកកម្មអចិន្រៃ្តយ៍-កម្ពុជាបន្តថា៖ «បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភ័ស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ»។
ប្រភពដដែលបន្ថែមថា ការលើកឡើងថា ជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការដោយផ្ទាល់ និងពុំទទួលបានឯកសារសំណុំរឿងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត។ អ្វីដែលប្រាកដគឺជនជាប់ចោទខ្លះបានគេចខ្លួនមិនចូលរួមនីតិវិធីតុលាការ។ ចុងចោទមានឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍ និងដាក់ភ័ស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា៖ «ការថ្លែងអះអាងថា ការឃុំខ្លួនបណ្តោះអាសន្នមានការអូសបន្លាយរយៈពេលវែង បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នកជំនាញទាំងនោះហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជាតែម្តង»៕