ភ្នំពេញៈ ក្រសួងយុត្ដិធម៌កំពុងរៀបចំបង្កើត តុលាការការងារ និងតុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងការផ្ដល់សេវាក្នុងប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៩ ខែមិថុនា នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ការរៀបចំតុលាការ ២ បន្ថែមទៀតនេះ ជាទិសដៅនៃកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
លោកថ្លែងថា៖«ពាក់ព័ន្ធនឹងការផ្ដល់សេវាយុត្ដិធម៌ដល់ប្រជាពលរដ្ឋនេះ គឺពាក់ព័ន្ធទៅដល់ការបង្កើតនូវតុលាការជំនាញ ពីព្រោះថា ការដែលយើងមិនមានតុលាការជំនាញ សេវាហ្នឹងក៏វាមិនសូវជាមានប្រសិទ្ធភាពដែរ»។
លោកបន្ត៖«ឥឡូវនេះយើងកំពុងរៀបចំនូវតុលាការជំនាញចំនួន ២ ថែមទៀត គឺតុលាការការងារ និងតុលាការ ពាណិជ្ជកម្ម»។
លោក ម៉ាលីន បានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងយុត្ដិធម៌ កំពុងរៀបចំនូវនីតិវិធីបែបបទ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌគតិយុត្ដមួយចំនួនដើម្បីអាចដាក់ឱ្យដំណើរការនៅតុលាការពាណិជ្ជកម្មនេះនៅឆ្នាំក្រោយ។
លោកបញ្ជាក់ថា៖ «ក្រុមការងារកំពុងរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីដាក់ឱ្យដំណើការតុលាការពាណិជ្ជកម្មនេះនៅកម្ពុជា។ នេះជាផ្នែកមួយនៃសេវាយុត្ដិធម៌ និងយុទ្ធសាស្ដ្រកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ទទួលស្គាល់ថា រឿងខ្លះប្រព័ន្ធយុត្តិធម៌ធ្វើបានល្អ ប៉ុន្ដែរឿងមួយចំនួនអនុវត្ដមិនទាន់មានប្រសិទ្ធភាព ហើយអាចមានប៉ះពាល់ទៅដល់សិទ្ធិរបស់ពលរដ្ឋ ដែលចំណុចនេះនាំឱ្យមានការរិះគន់ក្នុងប្រព័ន្ធយុត្តិធម៌ និងតុលាការកម្ពុជា។
លោកសង្កេតឃើញកន្លងមកមានការបកស្រាយខុសទាក់ទងនឹងករណីមួយចំនួននៃមាត្រាខ្លះនៃច្បាប់ ក៏មានការបកស្រាយខុសគ្នារវាងតុលាការកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «រឿងខ្លះចៅក្រមនោះបកទៅអត់មានការចោទប្រកាន់ទេ ឬក៏អាចនឹងមានការលើកលែង។ រឿងដដែលទៅលើចៅក្រមផ្សេង បែរជាមានការចោទប្រកាន់ហើយការឃុំខ្លួនអ៊ីចឹងទៅ។ រឿងនេះគឺចង់បានន័យថាមាត្រាខ្លះគួរតែមានគោល (អត្ថន័យ) នៅក្នុងការបកស្រាយ ដើម្បីចៀសវាងការពន្លាតទៅមានការបកស្រាយខុសគ្នា»។
លោក ម៉ាលីន លើកឡើងថា កាលណាចៅក្រមសម្រេចគ្រប់រឿងទាំងអស់ដែលមិនមានការបែងចែកជំនាញច្បាស់លាស់នឹងនាំឱ្យមានការកកស្ទះសំណុំរឿងនៅតុលាការ ហើយពាក់ព័ន្ធដល់គុណភាពនៃការសម្រេចសេចក្ដី ផងដែរ។
លោកថ្លែងថា៖«នៅពេលដែលចៅក្រមយើងចេះគ្រប់រឿងអាចកាត់បានគ្រប់រឿងនោះ។ យើងមិនអាចធ្វើអ៊ីចឹងបាននោះទេ»។
ទាក់ទងនឹងការបង្កើត និងដាក់ដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជានេះ លោក ជិន ម៉ាលីន តំណាង លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានជួបពិភាក្សាការងារជាមួយលោក Sion Morton ប្រធានបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើការបង្កើត និងដាក់ដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជានេះនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
លោកបានឱ្យដឹងថា ជំនួបពិភាក្សានេះ ត្រូវបានផ្តោតសំខាន់ក្នុងការស្វះស្វែង លើកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រសួងយុត្ដិធម៌ និង ADB មានដូចជា ទី១ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាលើជំនាញពាណិជ្ជកម្ម។ ទី២ ការរៀបចំបទដ្ឋានគតិយុត្ត សម្រាប់ការបង្កើត និងដាក់ដំណើរការតុលាការពាណិជ្ជកម្ម។ ទី៣ ការបង្កើត និងដាក់ដំណើរការតុលាការពាណិជ្ជកម្មនាពេលខាងមុខ៕